សកម្មភាពក្មេងទំនើង

តើភាគីពាក់ព័ន្ធគួរធ្វើដូចម្តេច ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើង?


ក្មេងទំនើងបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា ដែលទាមទារឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយ ដ្បិតថា បញ្ហានេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរសង្គមប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់ការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគផងដែរ។ ក្រោយមានការដាក់ចេញបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលសកម្មភាពរបស់ក្មេងទំនើងបានសាបរលាបមួយរយៈ តែសកម្មភាពរបស់ក្រុមក្មេងនេះហាក់កម្រើកឡើងវិញគួរឱ្យព្រួយបារម្ភនៅមួយរយៈចុងក្រោយនេះ។
សកម្មភាពក្មេងទំនើង
ដោយ

អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិត មាស នី បានលើកឡើងថា ករណីក្មេងទំនើងនេះភាគច្រើនកើតចេញពីការបោះបង់ការសិក្សា ដែលអាចមកបណ្ដាលមកពីខ្វះការជួយជ្រោមជ្រែងពីឪពុកម្ដាយ ហើយម៉ោងសិក្សាតិច ដែលអាចធ្វើឱ្យមានពេលបានជួបជុំគ្នា បង្កសកម្មភាពកាប់ចាក់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ លោកបានបង្ហាញការគាំទ្រចំពោះវិធានការក្ដៅរបស់រដ្ឋាភិបាល តែលោកស្នើឱ្យរដ្ឋាភិបាល គួរពង្រឹងវិស័យអប់រំឱ្យបានល្អបន្ថែមទៀត ព្រោះការអប់រំជាផ្នែកមួយក្នុងការជួយលុបបំបាត់ក្មេងទំនើង។

​ជាមួយគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យ​សភាកម្ពុជា យល់ឃើញថា បញ្ហាក្មេងទំនើងជារឿងពិបាកមួយក្នុងការលុបបំបាត់ តែអាចកាត់បន្ថយភាពទំនើងរបស់ពួកគេបាន។ បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ដើម្បីលុបបំបាត់ភាពទំនើងរបស់ក្រុមក្មេងទាំងនោះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងយុវជនខ្លួនឯងផ្ទាល់ ទាំងអាណាព្យាបាល គ្រូបង្រៀន ប្រព័ន្ធផ្សព្វផ្សាយ ម្ចាស់អាជីវកម្មលក់ដូរ ពិសេសហាងកាហ្វេ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទើបអាចដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព។

​ពាក់ព័ន្ធបញ្ហាក្មេងទំនើងនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសក្តែង​ៗថា សម្តេចនឹងមិនបន្ធូរឡើយក្នុងការបង្ក្រាបក្រុមក្មេងទំនើង ដែលបានបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសន្និសុខសង្គម ក៏ដូចជាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចធិបតី បានជំរុញឱ្យអភិបាលរាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តបង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅតាមមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។ បើតាមការអះអាងរបស់សម្តេចធិបតី បច្ចុប្បន្នចំនួនក្មេងទំនើងដែលបានជាប់ឃុំក្នុងពន្ធនាគារមានរហូតដល់ជាង៣ពាន់នាក់។

​​ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីក្រុមក្មេងទំនើងថា បទល្មើសដែលបង្កដោយក្រុមក្មេងទំនើង ភាគច្រើនមកពីការសេពគប់មិត្តខុស ការដើរលេងផឹកស៊ីពេលយប់ គំនុំគុំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារជាតិប្រកាសឱ្យធ្វើប្រតិបត្តិការទ្រព្យសកម្ម «គ្រីបតូ»នៅកម្ពុជា

ធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះបានចេញសេចក្តីប្រកាសមួយដោយសម្រេចឱ្យធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មឌីជីថល ឬគ្រីបតូ…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការនាំចេញបន្ទះសូឡារបស់កម្ពុជា ឱ្យធ្លាក់ចុះ៥៧%នៅ១១ខែឆ្នាំនេះ?

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានប្រមាណ៨៣០លានដុល្លារ នៅ១១…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ