រថយន្តក្រុងសាធារណៈ

តើរដ្ឋគួរធ្វើដូចម្តេចដើម្បីទាញពលរដ្ឋឱ្យងាកមកប្រើរថយន្តក្រុងសាធារណៈ ស្របពេលតម្លៃប្រេងកំពុងហក់ឡើងខ្ពស់?


ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងសកលរួមទាំងនៅកម្ពុជា ហក់ឡើងថ្លៃខ្ពស់នៅមួយរយៈចុងក្រោយនេះ អ្នកជំនាញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងសាំងដោយសន្សំសំចៃ និងងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈជាដើម។ តែយ៉ាងណាអ្នកជំនាញបានលើកឡើងថា ពលរដ្ឋកម្ពុជា ហាក់មិនទាន់អាចផ្លាស់ប្តូរឥរិយាបថពីការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈបាននៅឡើយទេ។
រថយន្តក្រុងសាធារណៈ
ដោយ

ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនេះ អ្នកជំនាញយល់ថា រដ្ឋាភិបាលចាំបាច់ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពស៊ីចង្វាក់គ្នា និងផ្តល់ភាពងាយស្រួលជាមុនសិន។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម កត់សម្គាល់ថា ការធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនបានក្លាយជាទម្លាប់ចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ ដែលធ្វើឱ្យការផ្លាស់ប្តូរមកប្រើសេវាសាធារណៈមិនមែនជារឿងងាយស្រួលឡើយ។ ទោះជាយ៉ាងណា លោក យល់ថា ក្នុងកាលៈទេសៈ ដែលតម្លៃប្រេងហក់ឡើងថ្លៃខ្លាំង ពលរដ្ឋគួរពិចារណាងាកមកប្រើរថយន្តក្រុងសាធារណៈ ដើម្បីកាត់បន្ថយការចំណាយ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទាក់ទាញពលរដ្ឋឱ្យងាកមកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ រដ្ឋាភិបាលគួរដាក់ចេញគោលនយោបាយបន្ថែមទៀត ដូចជាការបង្កើនចំណតឱ្យបានច្រើន និងការរៀបចំគន្លងផ្លូវអាទិភាពសម្រាប់តែរថយន្តក្រុង ដើម្បីចៀសវាងការកកស្ទះ។

ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ សង្កេតឃើញថា មធ្យោបាយធ្វើដំណើរសាធារណៈនៅកម្ពុជា នៅមិនទាន់អាចទាក់ទាញពលរដ្ឋឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេ ទោះបីជារដ្ឋាភិបាលបានដាក់ឱ្យដំណើរការជាច្រើនឆ្នាំមកនេះយ៉ាងណាក្ដី។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា កង្វះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ផ្លូវពិសេសសម្រាប់រថយន្តក្រុង ខ្វះខាតទីតាំងចុះចត និងទទួល និងការធ្វើដំណើរមានភាពយឺតយ៉ាវជាដើមសុទ្ធសឹងជាហេតុផលធ្វើឱ្យពលរដ្ឋេជ្រើសរើសវិធីសាស្រ្តធ្វើដំណើរដោយខ្លួនឯង។

ជាមួយគ្នានេះ លោក ឱក សេរី សោភក្តិ៍ ទីប្រឹក្សាឯករាជ្យ និងជាអ្នកជំនាញអភិបាលកិច្ចល្អយល់ឃើញថា ឥរិយាបថបើកបររបស់ពលរដ្ឋ ដែលមិនស្គាល់សិទ្ធិអាទិភាពនៅលើដងផ្លូវ និងការកកស្ទះចរាចរណ៍បានធ្វើឱ្យពលរដ្ឋភាគច្រើនហាក់មិនសូវចាប់អារម្មណ៍លើការប្រើប្រាស់សេវារថយន្តក្រុងសារធារណៈ។ ដើម្បីទាក់ទាញពលរដ្ឋឱ្យមកប្រើប្រាស់សេវារថយន្តក្រុង អ្នកជំនាញរូបនេះ យល់ថា រដ្ឋាភិបាលគួរតែសាងសង់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុមដាច់ដោយឡែកពីផ្លូវធ្វើដំណើររបស់ពលរដ្ឋទូទៅ។ តែយ៉ាងណា ដើម្បីអាចធ្វើកិច្ចការនេះបាន ទាមទារឱ្យអាជ្ញាធររំដោះចិញ្ចើមផ្លូវពីការរំលោភបំពានជាមុនសិន។  

អ្នកជំនាញជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈឱ្យកាន់តែប្រសើរ និងមានភាពងាយស្រួលជាងមុន វានឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការសន្សំសំចៃថាមពលប្រេងឥន្ធនៈ កាត់បន្ថយការបំពុលបរិស្ថាន និងជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ដំណាំទុរេន និងស្វាយចន្ទីកំពុងរងការខូចខាតដោយសារភ្លៀងកក់ខែ តើកសិករអាចស្តារឡើងវិញបានទេ?

ភ្លៀងកក់ខែ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនាពេលថ្មីៗនេះ បាន ដាក់សម្ពាធយ៉ាងខ្លាំងលើចម្ការទុរេន និងស្វាយចន្ទី ដែលជាដំណាំដ៏មានសក្តានុពល…

តើប្រទេសណាខ្លះបានដាក់ចេញវិធានការបន្ទាន់ដើម្បីទប់ទល់នឹងវិបត្តិតម្លៃប្រេងហក់ឡើងខ្ពស់?

ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ារុញច្រានឱ្យតម្លៃប្រេងហក់ឡើងដល់ជិត១២០ដុល្លារក្នុងមួយបារ៉ែល បានធ្វើឱ្យប្រទេសជាច្រើនប្រឈមនឹងហានិភ័យ នៃការខ្វះថាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ