ប្រភពព័ត៌មានអន្តរជាតិធំៗ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងធ្លាក់ចុះមកនៅក្រោម ២,៩% នៅឆ្នាំ២០២៥ បន្ទាប់ពីស្ថិតិនៅត្រីមាសទី៤ បង្ហាញពីស្ថានភាពទុនខ្សោយជាងការរំពឹងទុក បើទោះបីជារាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តការចែកចាយសាច់ប្រាក់ ដើម្បីជំរុញសេដ្ឋកិច្ចក៏ដោយចុះ។
លោក សេដ្ឋាភុត ស៊ូធីវ៉ាតាណារូភុត (Sethaput Suthiwartnaruput) ប្រធានធនាគារកណ្តាលថៃ បានលើកឡើងថា ធនាគារកណ្តាលថៃ បានព្យាករថា កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៥ អាចនឹងកើនឡើងនៅក្នុងរង្វង់ត្រឹម ២,៩% ពោលគឺទាបជាងការព្យាកររបស់ក្រសួងហិរញ្ញវត្ថុ ដែលធ្លាប់អះអាងថា អាចនឹងសម្រេចកំណើន ៣%។
លោកបានលើកឡើងថា វាមានទស្សនវិស័យ ដែលជាហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ។ តាមការលើកឡើងរបស់លោក សេដ្ឋាភុត បានឲ្យដឹងថា មូលហេតុនៃការធ្លាក់ចុះវាអាចមកពីកត្តាជាច្រើនដែលរួមមានតាំងពី ផលប៉ះពាល់នៃគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ក៏ដូចជាអត្រានៃការប្រើប្រាស់សរុបនៅថៃ បន្តស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយ ស្របពេលដែលផលនៃការអនុវត្តគោលនយោបាយចែកសាច់ប្រាក់តម្លៃ សរុប ១៤ពាន់លានដុល្លារ បង្ហាញលទ្ធផលវិជ្ជមានទាប។
នៅក្នុងស្ថានភាពនេះ លោក សេដ្ឋាភុត បានលើកឡើងថា ធនាគារកណ្តាលថៃ រំពឹងថា អត្រាអតិផរណារបស់រាជាណាចក្រនេះនឹងកើនឡើងដល់ ១% ទៅ៣% នៅឆ្នាំនេះ ប៉ុន្តែធនាគារកណ្តាលថៃ នៅតែមានការព្រួយបារម្ភអំពីការប្រែប្រួលប្រាក់បាត ទោះបីជាប្រាក់ទុនបម្រុងអន្តរជាតិ កើនដល់ប្រហែលជា ២៣៧ពាន់លានដុល្លារ ក៏ដោយចុះ។
ពាក់ព័ន្ធនឹង គោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាម៉េរិក ក្រោមរដ្ឋបាលលោក ត្រាំ លោក សេដ្ឋាភុត បាននិយាយថា ការវិលត្រឡប់របស់លោក ត្រាំ បានចាក់បញ្ចូលភាពមិនច្បាស់លាស់បន្ថែមទៀត ប៉ុន្តែវានៅតែលឿនពេកក្នុងការវាយតម្លៃពីផលប៉ះពាល់ណាមួយមកលើប្រទេសថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះ ថៃ បានកំពុងតែដាក់គោលនយោបាយស្វែងរកអត្ថប្រយោជន៍ពីដំណើរការឡើងវិញនៃខ្សែច្រវាក់ផ្គត់ផ្គង់ដែលបង្កឡើងដោយការគម្រាមកំហែងពន្ធរបស់សហរដ្ឋអាម៉េរិក៕
ដោយៈ សរ សុជាតិ