មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា សេចក្តីព្រាងច្បាប់នេះ មិនត្រឹមតែជួយលើកកម្ពស់គុណភាពម្ហូបអាហារកម្ពុជាប៉ុណ្ណោះទេ តែវាជាផ្នែកមួយក្នុងការជួយទាក់ទាញវិនិយោគិន និងជំរុញការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ទទួលបានការអនុម័តទាំងស្រុងពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ គោលបំណងនៃការបង្កើតសេចក្តីព្រាងច្បាប់នេះ គឺដើម្បីលើកកម្ពស់គុណភាពខ្សែច្រវាក់ផលិតកម្មម្ហូបអាហារ និងដើម្បីធានាថា រាល់ម្ហូបអាហារ ដែលបានចរាចរណ៍លើទីផ្សារនៅកម្ពុជា គឺមានគុណភាព សុវត្ថិភាព និងអនាម័យល្អ ដែលជាផែ្នកមួយដ៏សំខាន់ក្នុងការការពារសុខភាពអ្នកប្រើប្រាស់។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះរំពឹងថា ក្រោយច្បាប់នេះត្រូវបានចូលជាធរមានវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញវិនិយោគិនបរទេសឲ្យមកបោះទុនវិនិយោគលើវិស័យម្ហូបអាហារនៅកម្ពុជា ក៏ដូចជាជួយជំរុញកំណើននាំចេញក្នុងវិស័យនេះផងដែរ ព្រោះច្បាប់នេះត្រូវបានតាក់តែងឡើង ដើម្បីឆ្លើយតបនឹងនិន្នាការផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារសកល ដែលទាមទារឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។
ថ្នាក់ដឹកនាំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់បន្ថែមថា លក្ខណៈពិសេសនៃសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវនៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងាររបស់រាជរដ្ឋាភិបាលឆ្នាំ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ឱ្យបានរឹងមាំ ដើម្បីឆ្លើយតបនឹងគោលការណ៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកល។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១ ខែមេសានេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តច្បាប់ចំនួន២ រួមមានសេក្ដីព្រាងច្បាប់ស្ដីពីរសុវត្ថិភាពម្ហូបអាហារ និងសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយកិច្ចប្រជុំក៏មានពិភាក្សាលើបញ្ហាផ្សេងៗទៀតផងដែរ៕