លោក ង្វៀន ភូជុង អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាម នឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០តុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ដោយលោកនឹងជួបផ្ទាល់ជាមួយនឹងលោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលទើបតែជាប់ឆ្នោតសម្រាប់អាណត្តិទី៣ផងដែរ។ នេះបើតាមប្រភពព័ត៌មានពីសារព័ត៌មានរដ្ឋរបស់ចិន ដែលបានផ្សាយថ្ងៃទី ២៥ខែតុលា។
ស្ថិតក្នុងវ័យ ៧៨ ឆ្នាំ លោក ង្វៀន ភូជុង កាលពីថ្ងៃទី ២៤ ខែតុលា បានផ្ញើសារមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បង្ហាញពីការសាទរចំពោះលោក ស៊ី ដែលនឹងត្រូវកាន់តំណែងជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣ ហើយលោក ភូជុង ថែមទាំងបានលើកឡើងពីក្ដីសង្ឃឹមថា ប្រទេសវៀតណាម និងចិន នឹងមានការពង្រឹងភាពជឿជាក់ផ្នែកនយោបាយទៅមុខទៀត និងការកំណត់នូវទិសដៅដ៏ធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគតក្នុងទំនាក់ទំនងទ្វេភាគី។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាប្រភពនាំចូលដ៏សំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ខ្លួនផងដែរ ដោយក្នុងនោះ វៀតណាមការនាំចូលពីចិនភាគច្រើនជាសម្ភារៈវត្ថុធាតុដើម គ្រឿងម៉ាស៊ីនសម្រាប់វិស័យរោងចក្រផលិតសំខាន់ៗជាដើម។
យ៉ាងណាមិញ ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន នៅ៩ខែដំបូងនៅឆ្នាំ២០២២ សម្រេចបានកំណើនជាង១០% បើធៀបនឹងឆ្នាំមុន ពោលគឺមានទំហំទឹកប្រាក់ដល់ទៅជាង ១៣២ពាន់លានដុល្លារ ក្នុងចំណោមទឹកប្រាក់ទាំងនោះ គឺមានដល់ទៅ៧០%ទៅហើយ គឺជាការនាំចូលទៅកាន់វៀតណាម។ នេះបើតាមរបាយការណ៍ពីគយវៀតណាម។
បើទោះបីជា ប្រទេសជិតខាងគ្នាទាំងពីរនេះ មានប្រវត្តិសាស្ត្រមិនសូវទុកចិត្តគ្នា និងមានជម្លោះទឹកដី រួមទាំងបញ្ហាជម្លោះដែនកោះ និងសមុទ្រចិនខាងត្បូងក្ដី ប៉ុន្ដែ គណបក្សកុម្មុយនីស្ដទាំងពីរនៅតែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាដដែល។
មិនខុសគ្នាពីលោក ស៊ី ជីនពីងនោះទេ លោក ង្វៀន ភូជុង ក៏បានអង្គុយលើកៅអីអគ្គលេខាបក្សលើសពីអាណត្តិធម្មតា ចំនួន១ ឬ២អាណត្តិដែរ ហើយបានពង្រឹងនូវអំណាចរបស់លោកនៅក្នុងគណបក្សដែលគ្រប់គ្រងតាមបែបប្រពៃណីមួយនេះ ដោយការឯកភាពក្នុងចំណោមការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិមបក្សដ៏មានឥទ្ធិពល។
មុននឹងធ្វើដំណើរទៅជួបជាមួយនឹងលោក ស៊ី ជីនពីង លោក ភូជុង ក៏ធ្លាប់បានធ្វើដំណើរចុងក្រោយរបស់លោកទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម និងចិន គឺស្ថិតនៅក្នុងចំណោមរដ្ឋចំនួន៥នៅក្នុងពិភពលោក ដែលគ្រប់គ្រប់គ្រងអំណាច ដោយបក្សកុម្មុយនីស្ដ រួមបញ្ចូលទាំង ប្រទេសគុយបា ឡាវ និងកូរ៉េខាងជើងជាដើម៕