មេដឹកនាំថៃ

តើក្នុងចំណោមបេក្ខភាពទាំង៥រូប ដែលអាចក្លាយជានាយករដ្ឋមន្ត្រីថៃ បេក្ខភាពរូបណាដែលអាចមានសមត្ថភាពដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា?


ក្រោយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ខ្ទាតចេញពីកៅអីនាយករដ្ឋមន្ត្រីដោយអំណាចសាលក្រមរបស់តុលាការធម្មនុញ្ញថៃ គេឃើញមានបេក្ខជនលេចធ្លោចំនួន៥រូប ដែលអាចនឹងចូលមកជំនួសតំណែងរបស់លោកស្រី ផែថងថាន។
មេដឹកនាំថៃ
ដោយ

អ្នកជំនាញ និងតាមដានស្ថានការណ៍សង្គមមើលឃើញថា មិនថា បេក្ខភាពរូបណាបានឡើងក្លាយជានាយករដ្ឋមន្ត្រីបន្តនោះទេ ក៏ជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ មិនមានភាពល្អប្រសើរនោះដែរ ដោយសារពលរដ្ឋថៃ លើសលប់ចង់បានទឹកដីខ្មែរ ថែមទាំងបានជំរុញឱ្យរដ្ឋាភិបាលខ្លួនត្រូវតែមានអំណាចលើកម្ពុជាទៀតផង។

តែយ៉ាងណាអ្នកជំនាញមានជំនឿថា ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា អាចក្លាយជានាយករដ្ឋមន្ត្រីនោះការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ឱ្យវិលមករកប្រក្រតីឡើងវិញអាចមានភាគរយខ្ពស់។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ទំនាក់ទំនងកម្ពុជា ជាមួយថៃ នៅពេលនេះ មិនអាចខិតទៅរកប្រក្រតីភាពឡើងវិញបាននោះទេ ជាពិសេសបញ្ហានៅតាមព្រំដែន ដែលកំពុងស្ថិតក្នុងរូបភាពស្មុគស្មាញ។

អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ស្របពេលដែលក្រុមយោធាថៃ ព្យាយាមពង្រីកជម្លោះព្រំដែនស្ទើរទាំងស្រុងជាមួយកម្ពុជា ហើយគួបផ្សំចរន្តមហាជនថៃ មានគំនិតចង់លេបត្របាក់ទឹកដីខ្មែរផងនោះ ពលរដ្ឋច្បាស់ជាមិនចង់ឃើញរដ្ឋាភិបាលថៃ បង្ហាញភាពទន់ខ្សោយជាមួយកម្ពុជា នោះឡើយ។

អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ជាទូទៅនៅពេលថៃ មានវិបត្តិនយោបាយផ្ទៃក្នុង អ្នកនយោបាយថៃ ទាំងនោះ តែងខិតខំប្រកួតប្រជែងគ្នារកប្រជាប្រិយភាពរៀងៗខ្លួន ដែលកត្តានេះពួកគេបានផ្ទេរជម្លោះផ្ទៃក្នុងទៅប្រទេសក្បែរខាង ដែលមានកម្លាំងខ្សោយ និងសេដ្ឋកិច្ចតូចជាងខ្លួន ជាក់ស្ដែងដូចជាកម្ពុជា ជាដើម។

​មិនខុសគ្នានោះទេ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សង្កេតឃើញថា កាលណាប្រទេសថៃ មានវិបត្តិនយោបាយផ្ទៃក្នុង នោះអ្នកនយោបាយជ្រុលនិយមថៃ មួយចំនួន តែងតែប្រើប្រាស់មធ្យោបាយ​ធ្វើយ៉ាងណាឱ្យទទួលបានប្រជាប្រិយភាពតាមរយៈការបង្កើតបញ្ហាជាមួយប្រទេសជិតខាង ដើម្បីទទួលបានសំឡេងគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតក្លាយជានាយករដ្ឋមន្ត្រី។

ខណៈកាលពីកន្លងទៅ ថៃ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចា ហាក់មិនមានបញ្ហាអ្វីជាមួយកម្ពុជា នោះទេ ដូច្នេះលោកយល់ថា សភាថៃ ត្រូវតែមានភាពឆ្លាតវៃក្នុងការរើសនាយករដ្ឋមន្ត្រីថ្មី ដែលអាចមានសមត្ថភាពដោះស្រាយជម្លោះតាមព្រំដែន អាចស្តារទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ឡើងវិញ។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមមើលឃើញថា ក្នុងចំណោមបេក្ខជនដែលលេចធ្លោ​ទាំង៥រូប ដែលនឹងត្រូវសភាថៃ បោះឆ្នោតជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃថ្មីនាពេលខាងមុខ មានតែលោក ប្រាយុទ្ធ ចាន់អូចា ប៉ុណ្ណោះដែលអាចមានសមត្ថភាពសម្របសម្រួលជាមួយក្រុមយោធាក្នុងការដោះស្រាយបញ្ហាវិវាទតាមព្រំដែនជាមួយកម្ពុជា ឱ្យវិលរកសភាពដើមវិញបាន។

ប៉ុន្តែក្នុងគណបក្សភឿថៃ ដែលនៅក្រោមឥទ្ធិពលរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បន្តដឹកនាំរដ្ឋាភិបាលថៃ នោះអ្នកជំនាញរូបនេះជឿជាក់ថា បញ្ហាជម្លោះតាមព្រំដែនរវាងកម្ពុជា ជាមួយថៃនឹងនៅតែមានភាពតានតឹង ដោយសារលោក ថាក់ស៊ីន ហាក់មានគោលបំណងចង់សងសឹកសម្ដេចតេជោ ហ៊ុន សែន។

​គួរបញ្ជាក់ថា បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចដកតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ពីតំណែងនាយករដ្ឋមន្ត្រីមានបេក្ខជនលេចធ្លោចំនួន៥រូប ដែលអាចនឹងចូលមកជំនួសតំណែងរបស់លោកស្រី ផែថងថាន។ ប៉ុន្តែនៅក្នុងចំណោមបេក្ខភាពទាំងនេះមានបេក្ខភាពតែពីររូបប៉ុណ្ណោះ ដែលគេមើលថា ហាក់មានភាពលេចធ្លោ​ជាងគេ គឺលោក ឆៃកាសេម នីទិស៊ីរី (Chaikasem Nitisiri) មកពីគណបក្សភឿថៃ និងលោក អានុទិន ឆានវីរ៉ាគុល (Anutin Charnvirakul) មេដឹកនាំគណបក្សភូមិចៃថៃ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក ស៊ី ជីនពីង និងលោក ពូទីន បង្ហាញមហិច្ឆតាចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដើម្បីប្រឆាំងលោកខាងលិច

មហាយក្សចិន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជំរុញឱ្យក្រុមមេដឹកនាំពិភពលោកដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការស…

ប្រសិនបើឥណ្ឌា បញ្ចេញស្តុកអង្ករ២០លានតោន តើវាអាចធ្វើឱ្យប៉ះពាល់ដលទីផ្សារអង្កររបស់កម្ពុជា យ៉ាងណាដែរ?

រដ្ឋាភិបាលឥណ្ឌា គ្រោងបញ្ចេញអង្ករ ស ចំនួន២០លានតោនពីក្នុងស្តុកទៅកាន់ទីផ្សារអន្តរជាតិ ដែលកំពុងបង្កក្ដីបារម្ភក្នុងការទាញទម្លាក់តម្លៃអង្កររបស់ប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ