រក្សាទុកមាសនៅអាម៉េរិក

តើប្រទេសណាខ្លះដែលបន្ដរក្សាទុកមាសនៅអាម៉េរិក ក្រោយប្រទេសនៅអឺរ៉ុបបានដកចេញជាបន្តបន្ទាប់​?


និន្នាការនៃការជម្លៀស និងដកទុនបម្រុងជាមាសចេញពីធនាគារកណ្តាលអាម៉េរិកក្នុងឆ្នាំ២០២៦ នេះ កំពុងកម្រើកឡើងវិញយ៉ាងក្តៅគគុក ចំពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែឡើងកម្តៅ និងមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ក្នុងនាមអាម៉េរិកជាមហាអំណាចសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពូលលើពិភពលោក បណ្តាប្រទេសជាច្រើននៅលើពិភពលោកនៅតែមានទំនុកចិត្ត និងបន្តរក្សាទុកទុនបម្រុងជាមាសដ៏ច្រើនរបស់ពួកគេនៅក្នុងប្រទេសនេះនៅឡើយ។
រក្សាទុកមាសនៅអាម៉េរិក
ដោយ

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Yahoo Finance ប្រទេសហូឡង់បានក្លាយជាប្រទេសអឺរ៉ុបចុងក្រោយបង្អស់ ដែលបានសម្រេចចិត្តដកទុនបម្រុងជាមាសរបស់ខ្លួនចេញពីសហរដ្ឋអាម៉េរិក បន្ទាប់ពីប្រទេសបារាំងបានបើកឆាកដកមាសមុនគេកាលពីដើមឆ្នាំ២០២៦ នេះ។ ធនាគារកណ្តាលហូឡង់ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងដឹកជញ្ជូនទុនបម្រុងជាមាសទម្ងន់៨៦តោនចេញពីក្រុងញូវយ៉ក និងកាណាដា តម្រង់ទិសដៅទៅកាន់ក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានលើកឡើងពីក្តីបារម្ភជុំវិញចលាចល និងហានិភ័យភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង។
ធនាគារកណ្តាលហូឡង់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការជម្លៀសមាសនេះ គឺដើម្បីតម្រូវតុល្យភាពយុទ្ធសាស្ត្ររវាងអាម៉េរិក អង់គ្លេស និងហូឡង់ ព្រមទាំង ដើម្បីធានាភាពងាយស្រួល និងភាពបត់បែនក្នុងការទាញយកមកប្រើប្រាស់ពេលមានវិបត្តិ។

ហូឡង់ គឺជាប្រទេសទីពីរនៅអឺរ៉ុប ដែលបានសម្រេចចិត្តជម្លៀសមាសចេញពីអាម៉េរិកគិតចាប់ពីដើមឆ្នាំ២០២៦ បន្ទាប់ពីបារាំងបានដឹកជញ្ជូនមាសរបស់ខ្លួនទម្ងន់១២៩តោនត្រឡប់ទៅវិញកាលពីខែមករា។
ដោយឡែកប្រទេសអាល្លឺម៉ង់ ដែលធ្លាប់បានជម្លៀសមាសប្រមាណ៣០០តោនចេញពីអាម៉េរិកកាលពីឆ្នាំ២០១៧ ក៏មិនបានដកមាសទាំងអស់នោះដែរ ដោយបច្ចុប្បន្នអាល្លឺម៉ង់នៅតែបន្តរក្សាទុកទុនបម្រុងជាមាសរបស់ខ្លួនប្រមាណជាង៣៦% នៅធនាគារកណ្តាលអាម៉េរិក។ ជាមួយគ្នានេះប្រទេសអ៊ីតាលី ក៏នៅតែបន្តរក្សាទុកទុនបម្រុងជាមាសភាគច្រើនរបស់ខ្លួននៅក្នុងសហរដ្ឋអាម៉េរិកផងដែរ។
ក្រៅពីអាល្លឺម៉ង់ និងអ៊ីតាលី បណ្តាប្រទេសដទៃទៀតដែលនៅតែបន្តរក្សាទុកទុនបម្រុងជាមាសដ៏ច្រើនរបស់ពួកគេនៅក្នុងសហរដ្ឋអាម៉េរិករួមមានប្រទេសលីបង់ និងប្រទេសឥណ្ឌាជាដើម ដែលជាការស្តែងឱ្យឃើញថា ធនាគារកណ្តាលអាម៉េរិកនៅតែជាជម្រកសុវត្ថិភាពហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់ប្រជាជាតិជាច្រើនលើសកលលោក៕




អត្ថបទបន្ទាប់


ឧទ្ធម្ភាគចក្រ​កងទ័ព​ថៃហោះរំលោភ​ចូលដែនអាកាស​កម្ពុជា៤០០ម៉ែត្រ ខណៈកម្ពុជាទាមទារឱ្យថៃបញ្ឈប់ទង្វើរំលោភបំពាននេះ

ទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ១គ្រឿង បានហោះរំលោភចូលដែនអាកាសកម្ពុជាប្រមាណ៤០០ម៉ែត្រនៅជិតច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ