ការលើកឡើងដូច្នេះគឺដោយសារពួកគេមើលឃើញភាពមិនចុះសម្រុងគ្នារវាងសភានិងរដ្ឋាភិបាល ក្នុងការសម្រេចលើការដំឡើងកម្រិតបំណុលអតិបរមា និងក្នុងការកាត់បន្ថយចំណាយរបស់រដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអេភី។
កាលពីថ្ងៃពុធ អ្នកសេដ្ឋកិច្ចនៅសេតវិមានបានព្រមានប្រាប់ជាមុនអំពី«ការខាតបង់ដ៏ធំធេង»ចំពោះសេដ្ឋកិច្ចអាមេរិក ក្នុងករណីដែលរដ្ឋាភិបាលមិនមានលទ្ធភាពសងបំណុល។ បើតាមមន្ត្រីទាំងនេះ ការខូចខាតដែលបណ្ដាលមកពីអលទ្ធភាពសងបំណុលក្នុងរយៈពេលកាន់តែយូរ អាចនឹងធ្វើឱ្យបាត់បង់ការងារ ៨ លាន ៣ សែនកន្លែង ព្រមទាំងអាចបន្ថោកតម្លៃទីផ្សារភាគហ៊ុន ៤៥ ភាគរយ។
ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សូម្បីតែស្ថានការណ៍មិនសូវតឹងតែងក៏ដោយ ក៏អាចនឹងរារាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែរ។ វាជាការបញ្ជាក់ប្រាប់ថា ការប្រឈមមុខដាក់គ្នាផ្នែកនយោបាយរវាងសមាជិកសភាគណបក្សសាធារណរដ្ឋនិងមន្ត្រីរដ្ឋាភិបាលគណបក្សប្រជាធិបតេយ្យ ពាក់ព័ន្ធនឹងការដំឡើងកម្រិតបំណុលអតិបរមា អាចនាំឱ្យមានការខាតបង់ប្រាក់ដ៏សន្ធឹកសន្ធាប់។
ប្រសិនបើគ្មានកិច្ចព្រមព្រៀងរវាងសភា និងសេតវិមានទេ លោកស្រី ចាណេត យេឡេន (Janet Yellen) រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលទទួលបន្ទុកការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានព្រមានថា រដ្ឋាភិបាលសហព័ន្ធនឹងមិនអាចបន្តខ្ចីប្រាក់យកមកចំណាយបានទេ ហើយថាអលទ្ធភាពសងបំណុលអាចនឹងកើតឡើងភ្លាមៗនៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ។
យោងតាមអ្នកជំនាញ មានស្ថានការណ៍បីផ្សេងៗគ្នានៅចំពោះមុខអ្នកនយោបាយអាមេរិក។ ស្ថានការណ៍ទីមួយនិងដែលគ្រោះថ្នាក់បំផុតគឺ«អលទ្ធភាពសងបំណុលអូសបន្លាយយូរ»។ ស្ថានការណ៍ទីពីរគឺ«អលទ្ធភាពសងបំណុលក្នុងរយៈពេលខ្លី» ដែលនៅក្នុងនេះ សភានឹងធ្វើសកម្មភាពយ៉ាងលឿន ដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលខ្ចីប្រាក់បានទៀត បន្ទាប់ពីការខកខានបង់វិក្កយបត្រចំណាយ។ ស្ថានការណ៍ទីបីគឺ «ភាពប្រថុយប្រថាន» ដែលសមាជិកសភាសហរដ្ឋអាមេរិកយកជំនឿនិងកិត្តិយសទាំងអស់របស់ប្រទេសនេះ ទៅលលេងរហូតដល់នាទីចុងក្រោយ មុននិងអនុញ្ញាតឱ្យដំឡើងកម្រិតបំណុលអតិបរមា ដើម្បីចៀសវាងអលទ្ធភាពសងបំណុល។ អ្នកជំនាញបាននិយាយថា ស្ថានការទាំងបីខាងលើនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ប្រធានាធិបតី ចូ បៃឌិន មានកិច្ចប្រជុំនៅថ្ងៃទី ៩ ខែឧសភា ជាមួយមេដឹកនាំសភា ដើម្បីព្យាយាមរកវិធីដោះស្រាយវិបត្តិដែលកំពុងខិតជិតមកដល់ ខណៈដែលសមាជិកសភាគណបក្សសាធារណរដ្ឋបាននិងកំពុងទទូចឱ្យកាត់បន្ថយការចំណាយ ដែលនេះជាលក្ខខណ្ឌដើម្បីអនុញ្ញាតឱ្យប្រទេសនេះបន្តការខ្ចីប្រាក់បានសម្រាប់ចំណាយ៕