Advertisement
វិស័យទេសចរណ៍

ស្ថាប័នផ្សព្វផ្សាយទេសចរណ៍របស់អាល្លឺម៉ង់ ជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩


ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយ ដែលមានឈ្មោះថា You Discover បានជ្រើសរើសយក ខេត្តសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ដោយភ្នំពេញ ឈរនៅលេខ ៤ ខណៈដែល បាត់ដំបង ឈរនៅលេខ ១៣។
ភ្ញៀវ​ទេសចរ​ទាំង​ក្នុងស្រុក​ ទាំង​បរទេស​ប្រមូល​ផ្ដុំ​គ្នា​មើល​ថ្ងៃ​រះ​នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។
ដោយ
Advertisement

ស្ថាប័នផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក របស់អាល្លឺម៉ង់​មួយនេះ​ បានជ្រើស​រើសយក ខេត្តសៀមរាប ដោយផ្អែក​ទៅលើ លទ្ធផល​ស្រាវជ្រាវពី ការស្នាក់នៅ ការធ្វើដំណើរ​កម្សាន្ត និងជាពិសេសគឺ បទពិសោធន៍​ជាក់ស្តែង ដែលភ្ញៀវ​ទេសចរណ៍ទទួលបាន។

លើសពីនេះទៅទៀត ខេត្តសៀមរាប ឈរលើកំពូល​តារាង ដោយទទួល​បាន ១០ពិន្ទុពេញ ខណៈដែល​ទីក្រុងបាងកក ឈរលេខ ២ និងទីក្រុងសិង្ហបុរី ឈរលេខ ៣ ហើយ​រាជធានី​ភ្នំពេញ​ ឈរនៅ​លំដាប់ទី ៤ មានពិន្ទុ ៩,៧។

ស្ថាប័នផ្សព្វផ្សាយ​ទេសចរណ៍​ពិភពលោក របស់​អាល្លឺម៉ង់​​ You Discover បានបង្ហាញ​ពីសក្តានុពល​នៃខេត្តសៀមរាប ដែលមាន​ប្រាសាទ​បុរាណ​ជាច្រើន ជាពិសេសគឺ ប្រាសាទ​អង្គរវត្ត ដែលជា​អត្តសញ្ញាណ​ជាតិខ្មែរ គួបផ្សំនឹង​តំបន់​កម្សាន្ត​ជាច្រើន​ទៀត ដែលបង្កើត​បាន​ជា បរិយាកាស​ដ៏ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរណ៍​បរទេស។

ក្នុងនោះ ខេត្តសៀមរាប មានសណ្ឋាគារ​ចំនួនជាង ១៣០០កន្លែង និងភោជនីយដ្ឋាន​ជាង ៦០០​កន្លែង ដោយថ្លៃ​ស្នាក់​នៅជាមធ្យម ៣៥ដុល្លារ ក្នុងមួយយប់។

វិស័យទេសចរណ៍​នៅកម្ពុជា នៅតែរក្សា​បាននូវ​ភាពទាក់ទាញ សម្រាប់ភ្ញៀវ​ទេសចរ​បរទេស ដោយកាលពីឆ្នាំ ២០១៨កន្លងទៅ ខេត្តសៀមរាប ទទួលបានភ្ញៀវ​ទេសចរ​បរទេសជាង ២លាន ៥សែន​នាក់ ក្នុងនោះ មានភ្ញៀវទេសចរ​មកពី អាល្លឺម៉ង់ ជិត ១ម៉ឺននាក់​ផងដែរ។

អ្វីដែលគួរឲ្យ​កត់សម្គាល់គឺ ភ្ញៀវទេសចរបរទេស ដែលបានទៅ​លេងកម្សាន្ត​នៅទីក្រុង​សៀមរាប ដែលមាន​ចំនួនជាង ២លាន ៥សែននាក់នោះ គឺស្ទើរតែ ១០០ភាគរយ​ទៅហើយ ដែលបាន​ទិញសំបុត្រ​ចូល​ទស្សនាអង្គរ ដែលផ្តល់​ចំណូលជាង ១១៦លាន​ដុល្លារ​អាមេរិក ក្នុងនោះទឹក​ប្រាក់ជាង ៥លានដុល្លារ ត្រូវបានបែងចែកជា ចំណូល​ឧបត្ថម្ភ​មូល​និធិមន្ទីរ​ពេទ្យ​គន្ធបុប្ផា។

បើយោងតាម របាយការណ៍ពី ក្រសួងទេសចរណ៍ បានឲ្យបង្ហាញ​ឲ្យដឹងថា ក្នុងឆ្នាំ ២០១៨​កន្លងមកនេះ ចំនួនភ្ញៀវទេសចរ​បរទេស មកកម្សាន្តនៅ កម្ពុជា មានចំនួន ៦លាន ២សែននាក់ កើនឡើង ១១ភាគរយ ធៀបនឹងឆ្នាំ២០១៧។

ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់​ដែរថា វិស័យទេសចរណ៍​កម្ពុជា បាននាំមកនូវ ចំណូល​ក្នុងសេដ្ឋកិច្ច​ជាតិ​ប្រមាណជាង ៤ពាន់លាន​ដុល្លារ​អាមេរិក កាលពីឆ្នាំ ២០១៨ ដែលរួម​ចំណែក​ក្នុងផលិតផល​ក្នុង​ស្រុកសរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំង​ពលកម្ម​បម្រើឲ្យ​វិស័យនេះ មានជាង ៦២ម៉ឺននាក់។

គួរបញ្ជាក់ដែរថា តាមការព្យាករ ប្រទេសកម្ពុជា​ នឹងទទួល​បានភ្ញៀវ​ទេសចរអន្តរជាតិ​ប្រមាណ ៦លាន ​៦សែននាក់ នៅឆ្នាំ ២០២០ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ ២០៣០ ដោយរំពឹងរក​ចំណូល​បានប្រមាណ​ ១០ពាន់លាន​ដុល្លារ​អាមេរិក  និងបង្កើត​ឱកាសការងារ​ប្រមាណ ២លាន​កន្លែង៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារ​វិស័យ​ទូរគមនាគមន៍​ថៃ នឹងហក់កើនឡើង​ដល់ ២០ ពាន់លាន​ដុល្លារ​អាមេរិក នៅឆ្នាំនេះ

ព័ត៌មាន
នៅឆ្នាំនេះ ទីផ្សារវិស័យទូរគមនាគមន៍របស់ថៃ ត្រូវបានគណៈកម្មាធិការប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ ព្យាករថា នឹងបន្ដកំណើននៅឆ្នាំនេះ...

វិនិយោទុន​បរទេស សម្រុកទៅវិនិយោគនៅវៀតណាម ក្នុងតម្លៃ ១៤ពាន់លានដុល្លារ ៤ខែដំបូងឆ្នាំនេះ

ព័ត៌មាន
គិតត្រឹមតែរយៈពេល ៤ខែដំបូង ដើមឆ្នាំ ២០១៩នេះ ប្រទេសវៀតណាម ទទួលបានការវិនិយោគពីក្រៅប្រទេស កើនឡើងខ្ពស់រហូតដល់ជាង ១៤ពាន់លានដុល្លារអាមេរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ