ការរីករាលដាលជាសកលរបស់មេរោគបំប្លែងខ្លួនថ្មី អាចប៉ះពាល់យ៉ាងធំធេង និងបង្កការរាតត្បាតកូវីដ១៩កាន់តែខ្លាំង។ ចាប់តាំងពីមេរោគនេះ ត្រូវបានកំណត់អត្តសញ្ញាណមក ចំនួនអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ មានការកើនឡើងគួរឱ្យកត់សម្គាល់។
បើទោះបីជាគេរកឃើញថា មេរោគបំប្លែងថ្មីនេះ មិនបង្កជាគ្រោះថ្នាក់ខ្លាំងក៏ដោយ តែអង្គការសុខភាពពិភពលោក នៅតែអំពាវនាវឱ្យប្រទេសទាំងអស់ត្រូវតែបង្កើនការឃ្លាំមើល ជំរុញការចាក់វ៉ាក់សាំង ព្រមទាំងធ្វើតេស្តឱ្យបានដិតដល់ និងច្បាស់លាស់។ ដោយហេតុថា ការរីករាលដាលមានសភាពលឿន និងកាន់តែងាយស្រួល ដូចនេះ កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់មេរោគនេះ ត្រូវតែបង្កើនទ្វេដងផងដែរ។
ទន្ទឹមនេះ អង្គការសុខភាពពិភពលោក ក៏បាននិយាយផងដែរថា នឹងពិនិត្យឡើងវិញនូវជំហររបស់ខ្លួនលើយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ ការលើកឡើងបែបនេះ ដោយសារតែការសិក្សាមួយរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer បានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញរបស់វ៉ាក់សាំង Pfizer អាចជួយទប់ទល់ និងបន្សាបមេរោគ អូមីក្រុងបាន។ ទោះយ៉ាងណា អង្គការសុខភាពពិភពលោកនៅតែមានការព្រួយបារម្ភ អំពីអត្រាចាក់វ៉ាក់សាំងមានកម្រិតទាបនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ព្រោះថា ការចាក់ដូសធម្មតា នៅតែជាអាទិភាពចម្បង៕
អត្ថបទ៖ ស៊ើង និមល់