អាមេរិក-​ចិន-​អាស៊ាន

កូនប្រុស​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និយាយថា អាស៊ាន​ប្រហែល​ជា​ត្រូវជ្រើសរើស​រវាង​ចិន​និង​អាមេរិក


លោក ហ៊ុន ម៉ានី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​នាក់​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ថា ទៅថ្ងៃ​អនាគត សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមាន​សមាជិក ១០ប្រទេស អាច​នឹង​ត្រូវ​ជ្រើសរើស​រវាង​មហាអំណាច​ពីរ គឺ ចិន និង​អាមេរិក។
លោក ហ៊ុន ម៉ានី កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំងបី​នាក់​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ រូបភាព៖ ហ្វេសប៊ុក
ដោយ

នៅ​ក្នុង​បាឋកថា​របស់​លោក លោក​ ហ៊ុន ម៉ានី បានដក​ស្រង់​ប្រសាសន៍របស់​លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀនឡុង ថ្លែង​ក្នុង​ពេល​ថ្មីៗ​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ថា "អាស៊ាន​ប្រហែល​ជា​ត្រូវ​ដល់​ចំណុច​មួយ​ដែល​ត្រូវ​ជ្រើសរើស​មហា​អំណាច​ណា​មួយ​ រវាង​មហា​អំណាច​ទាំង​ពីរ ​គឺ​ ចិន​ និង អាមេរិក"។ អត្ថាធិប្បាយ​របស់​លោក ហ៊ុន ម៉ានី ត្រូវបាន​សារព័ត៌មានធំៗ​នៅ​ប្រទេស​ថៃ រួមមាន បាងកកប៉ុស្តិ៍ និង The Nation ចុះ​ផ្សាយ​ផងដែរ។

ទាក់ទងនឹង​ការលើកឡើង​ដូច្នេះ​នៅ​ក្នុង​បាឋកថា​របស់​លោក លោក​ ហ៊ុន ម៉ានី ត្រូវ​បាន​អ្នក​ចូលរួម​ក្នុងសន្និសីទ​អន្តរជាតិ ដែលរៀបចំឡើង​នៅ​ក្នុងទីក្រុង​បាងកក ដោយ​កាសែត បាងកក ប៉ុស្តិ៍ ​សួរ​បញ្ជាក់​ពី​ជំហរ​របស់​លោកជុំវិញ​បញ្ហានេះ។ លោក ហ៊ុន ម៉ានី បាន​ឆ្លើយថា "ចុង​បញ្ចប់​ វា​មិនមែន​ជា​ការ​ដែល​ត្រូវ​ជ្រើស​រើស​មិត្ត​នេះ​ ឬ​មិត្ត​នោះ​ នោះ​ទេ​ ពោល​គឺ​ជា​ការ​ជ្រើសរើស​ប្រយោជន៍​ជាតិ​ទៅ​វិញ​ទេ​ ទើប​ជា​ការ​ត្រឹមត្រូវ...​ ជា​គោលការណ៍ កម្ពុជា​​ស្វាគមន៍​គ្រប់​មិត្ត​ទាំង​អស់"។

ប្រទេស​កម្ពុជា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវ​បាន​គេ​មើល​ឃើញថា មាន​ទំនោរ​ងាកទៅ​រក​មហាអំណាច​អាស៊ី គឺ​ប្រទេស​ចិន ខណៈ​ដែល​កម្ពុជា​ហាក់​មាន​ភាព​រកាំ​រកូស​ខ្លាំង​នៅ​ក្នុងទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ដោយ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ អង្គការ​អន្តរជាតិ​ដែលធ្វើ​ការ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និងការ​បោះឆ្នោតចំនួន ២ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ឲ្យ​បិទ​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បណ្ដេញ​បុគ្គលិក​ជនជាតិ​អាមេរិក​ចេញ​ពី​កម្ពុជា។

លោក ហ៊ុន ម៉ានី (រូប​ខាង​ឆ្វេង​បំផុត) តំណាងរាស្ត្រ​នៃ​ប្រទេស​កម្ពុជា ចូល​រួម​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី២១ វិច្ឆិកា ២០១៨។

ថ្មីៗនេះ សារព័ត៌មាន​បរទេស​មួយ​បាន​ផ្សាយ​ព័ត៌មាន​ថា ប្រភព​ការទូត​មួយចំនួន​ថា ចិន​កំពុង​សាងសង់​កំពង់ផែ​សម្រាប់​ជាមូលដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន នៅ​សមុទ្រ​ទឹក​ជ្រៅ​នៃ​ខេត្ត​កោះកុង​ភាគខាងត្បូង​កម្ពុជា ប៉ុន្តែ ដំណឹងនេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ថា ជា​ដំណឹង​មិន​ពិត និង​អះអាងថា កម្ពុជា​មិន​ផ្ដល់​មូលដ្ឋាន​ដល់​កងទ័ព​បរទេស​ជាដាច់​ខាត។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក បាន​បង្ក​ការព្រួយ​បារម្ភ​ចំពោះ​អនាគត​តំបន់​អាស៊ីអាគ្នេយ៍ ពោលគឺ​ អាស៊ាន តែម្ដង ដោយ​មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​ថា ការ​ដណ្ដើម​ឥទ្ធិពល​គ្នា​រវាង​យក្ស​ទាំង​ពីរ​នេះ នៅ​ក្នុង​តំបន់​នេះ អាច​នឹង​នាំ​ឲ្យ​ស្ថិរភាពតំបន់​នេះ​មាន​ភាព​រង្គោះរង្គើ។

នៅក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែលជា​ប្រធានប្ដូរវេន​អាស៊ាន បាន​ព្រមានថា ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ដែលមាន សិង្ហបុរី, ប្រ៊ុយណេ,​ ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ថៃ, មីយ៉ាន់ម៉ា, កម្ពុជា, វៀតណាម, ឡាវ និង ហ្វ៊ីលីពិន) អាច​នឹង​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​យក​មួយ រវាង​ សហរដ្ឋ​អាមេរិក និង​ ចិន ខណៈ​ដែល​ការព្រួយ​បារម្ភ​កាន់តែ​ជ្រៅឡើងៗ អំពី​ជម្លោះ​ដែល​មាន​លក្ខណៈ​ដូច​សម័យ​សង្គ្រាម​ត្រជាក់ រវាង​មហាអំណាច​ពិភព​លោក​ទាំងពីរ​នេះ។ 

លោក លី សៀនឡុង ថ្លែងដូច្នេះ​ថា​ "កាលៈទេសៈអាច​នឹង​កើត​ឡើង នៅពេលដែល​អាស៊ាន​នឹងត្រូវតែ​ជ្រើសរើស​ខាង​នេះ​ ឬ​ខាង​នោះ។ ប៉ុន្តែ ខ្ញុំ​សង្ឃឹមថា វា​មិន​កើតឡើង​ឆាប់ពេកនោះទេ"៕ 




អត្ថបទបន្ទាប់


កម្មករកម្មការនី ជាង៧០ម៉ឺននាក់ មកពី ៥៦៦ រោងចក្រ នឹងអាចបើកប្រាក់បៀវត្ស តាមធនាគារអេស៊ីដា

ព័ត៌មាន
កម្មករកម្មការនីប្រមាណជាង ៧០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៥៦៦ រោងចក្រ ដែលជាសមាជិករបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) អាចនឹងបើកប្រា…

ទន្ទឹមនឹងការនាំចេញបន្លែផ្លែឈើមកកម្ពុជា វៀតណាម ក៏បាននាំចូលបន្លែផ្លែឈើ រាប់ពាន់លានដុល្លារពីក្រៅប្រទេសដែរ

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេស្គាល់ថា ជាប្រទេសផលិតកសិកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាប្រទេសផ្គត់ផ្គង់បន្លែផ្លែឈើត្រីសាច់ដ៏សំខាន់មួយ សម្រាប់កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ