
ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ តើលោក ម៉ាក ខានី មានកិច្ចការធំៗអ្វីខ្លះដែលត្រូវទទួលដោះស្រាយបន្ដពីលោក ចាស្ទីន ទ្រូដូ ហើយលោកមានប្រវត្តិបែបណា?
អតីតប្រធានធនាគារកណ្ដាលលោក ម៉ាក ខានី ដែលមានវ័យ៥៩ឆ្នាំបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីក្លាយជាប្រធានគណបក្សសេរីនិយម ដែលជាគណបក្សកាន់អំណាចនៅប្រទេសកាណាដា ដោយទទួលបានសំឡេងឆ្នោត៨៦% ផ្ដួលអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) នៅក្នុងការប្រកួតមួយដែលមានសមាជិកគណបក្សតិចជាង១៥ម៉ឺន២ពាន់នាក់ចូលរួមបោះឆ្នោត។
លោក ម៉ាក ខានី បាននិយាយបញ្ឆិតបញ្ឆៀងសំដៅទៅរកលោក ដូណាល់ ត្រាំ ថា មានគេកំពុងព្យាយាមធ្វើឱ្យសេដ្ឋកិច្ចរបស់កាណាដាចុះខ្សោយ។ បុគ្គលនោះកំពុងតែវាយប្រហារកម្មករ គ្រួសារ និងអាជីវកម្មរបស់កាណាដា ហើយលោកប្ដេជ្ញាថា មិនអនុញ្ញាតឱ្យបុគ្គលនោះធ្វើបែបនោះបានជោគជ័យជាដាច់ខាត។ ការលើកឡើងរបស់លោកទទួលបានការគាំទ្រយ៉ាងខ្លាំងក្រោមសំឡេងហ៊ោរកញ្ជ្រៀវជាមួយស្នូរទះដៃយ៉ាងកងរំពងនៅក្នុងពិធីសមាជិកបក្ស។
លោក ម៉ាក ខានី បានលើកឡើងបន្ថែមទៀតថា នេះមិនមែនជារឿងធម្មតានោះទេ ដូច្នេះ
កាណាដា នឹងត្រូវធ្វើរឿងដែលខ្លួនមិនធ្លាប់ស្រមៃដល់កាលពីមុន ក្នុងល្បឿនដែលខ្លួនធ្លាប់គិតថាមិនអាចទៅរួច។ លោកបានប្ដេជ្ញាថា រដ្ឋាភិបាលរបស់លោកនឹងរក្សាការដំឡើងពន្ធរបស់ខ្លួនរហូតទាល់តែសហរដ្ឋអាម៉េរិក បង្ហាញការគោរពចំពោះកាណាដា។
តើលោក ម៉ាក ខានី មានប្រវត្តិបែបណា?
លោក ម៉ាក ខានី កើតនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៦៥ នៅ Fort Smith ក្នុងតំបន់ Northwest Territories នៃប្រទេសកាណាដា ហើយធំដឹងក្ដីនៅក្រុង Edmonton ខេត្ត Alberta ប្រទេសកាណាដា។ លោកបានគ្រប់គ្រងធនាគារកណ្ដាលកាណាដាពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ហើយបន្ទាប់មកបានគ្រប់គ្រងធនាគារកណ្ដាលអង់គ្លេសពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។ បន្ទាប់ពីជួយប្រទេសកាណាដា គ្រប់គ្រងផលប៉ះពាល់ដ៏អាក្រក់បំផុតនៃវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ លោកត្រូវបានជ្រើសរើសឱ្យគ្រប់គ្រងធនាគារកណ្ដាលនៃប្រទេសអង់គ្លេស ហើយលោកបានក្លាយជាជនបរទេសទី១ ដែលដឹកនាំធនាគារកណ្ដាលអង់គ្លេសចាប់តាំងពីធនាគារនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៦៩៤ មក។
នៅឆ្នាំ២០២០ លោកបានចាប់ផ្តើមបម្រើការងារជាបេសកជនពិសេសនៃអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសកម្មភាពអាកាសធាតុ និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ លោក ក៏ជាអតីតនាយកប្រតិបត្តិនៃធនាគារយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២ក្នុងពិភពលោកផងដែរ។
លោក ម៉ាក ខានី បានបម្រើការងារអស់រយៈពេល១៣ឆ្នាំនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស ទីក្រុងតូក្យូ នៃប្រទេសជប៉ុន ទីក្រុងញូវយ៉ក នៃសហរដ្ឋអាម៉េរិក និងទីក្រុងតូរ៉ុនតូ នៃប្រទេសកាណាដា មុនពេលត្រូវបានតែងតាំងជាទេសាភិបាលរងនៃធនាគារកណ្ដាល
កាណាដា ក្នុងឆ្នាំ២០០៣។ ទោះជាយ៉ាងណា លោកគ្មានបទពិសោធន៍ក្នុងវិស័យនយោបាយនោះទេ។
លោក ម៉ាក ខានី បានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Harvard នៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ១៩៨៨ និងសញ្ញាបត្រថ្នាក់អនុបណ្ឌិត និងបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យ Oxford នៅប្រទេសអង់គ្លេស។ លោក មានសញ្ជាតិរហូតដល់ទៅ៣ រួមមានសញ្ជាតិកាណាដា សញ្ជាតិអង់គ្លេស និងសញ្ជាតិអៀរឡង់។ តែក្រោយមកលោកបានរក្សាទុកសញ្ជាតិកាណាដាតែមួយប៉ុណ្ណោះ ដែលមិនត្រូវបានតម្រូវដោយច្បាប់នោះទេ ប៉ុន្តែវាបង្ហាញពីភាពឆ្លាតវៃរបស់លោកផ្នែកនយោបាយ។ លោកមានភរិយាឈ្មោះ ដាយអាណា (Diana) ដែលជាជនជាតិអង់គ្លេស ហើយមានកូនស្រីចំនួន៤នាក់៕
ដោយ: តែម សុខុម