ផ្អែកតាមការស្រាវជ្រាវផ្ទាល់ខ្លួនខ្លះៗ ខេមបូណូមីស សូមបង្ហាញជូនលោកអ្នកនាងប្រិយមិត្តអ្នកអានដើម្បីបានស្គាល់សាវតារ ការសិក្សា និងបទពិសោធន៍ការងាររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
មានកំណើតកើតជានៅស្រុកកោះធំ ខេត្តកណ្ដាល លោក ស៊ុន ចាន់ថុល ជាបញ្ញវន្តខ្មែរមួយរូបក្នុងចំណោមបញ្ញវន្តខ្មែរជាច្រើនរូបដែលបានទទួលការអប់រំខ្ពង់ខ្ពស់នៅក្រៅប្រទេស ពិសេស ប្រទេសមហាអំណាចលេខ១នៃពិភពលោក សហរដ្ឋអាមេរិក។
ជាបញ្ញវន្តទទួលការអប់រំនៅប្រទេសមហាអំណាចលេខ១នៃពិភពលោក
បើនិយាយពីការសិក្សា លោកទេសរដ្ឋមន្ត្រីបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រជាច្រើនពីសាកលវិទ្យាល័យល្បីៗ នៅសហរដ្ឋអាមេរិក តួយ៉ាង បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យ American University សញ្ញាបត្រផ្នែកគ្រប់គ្រងជាន់ខ្ពស់ពីសាលា Wharton School នៃសាកលវិទ្យាល័យ Pennsylvania និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យ Harvard របស់អាមេរិក ដែលល្បីល្បាញជាងគេបំផុតនៅលើពិភពលោក។
នៅមុនពេលឈានជើងប្រឡូកក្នុងឆាកនយោបាយនៅប្រទេសកម្ពុជា លោក ស៊ុន ចាន់ថុល បម្រើការងារឲ្យក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក គឺក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ ដោយកាន់មុខងារដឹកនាំជាន់ខ្ពស់ជាច្រើនមុខងារ។
បទពិសោធន៍ការងារចម្រុះ ទាំងក្នុងស្រុក និងទាំងលើឆាកអន្តរជាតិ
ឈានជើងចូលនយោបាយលើកដំបូង លោក ស៊ុន ចាន់ថុល ជាអ្នកនយោបាយនៃអតីតគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច និងបានកាន់តំណែងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមុខតំណែងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧។ នេះបើយោងតាមឯកសារប្រវត្តិរបស់លោក ដែលចុះផ្សាយដោយអង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum)។
ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ លោកជាប្រធានក្រុមហ៊ុន SC Investment Co. និងជាទីប្រឹក្សាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រធានរដ្ឋសភា។ ឆ្នាំ១៩៩៩ លោក ស៊ុន ចាន់ថុល បានបង្កើតក្រុមហ៊ុនមួយឈ្មោះ SCI Co., ដែលជាក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្ម មានមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០០៣ លោកជាសមាជិករដ្ឋសភា និងពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ លោកកាន់តំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ លោកកាន់មុខតំណែងពីរ គឺជាទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផង និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន លោកជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មុខតំណែងផ្សេងទៀតនៅថ្នាក់ពិភពលោក គឺលោកទេសរដ្ឋមន្ត្រីធ្លាប់ជាសមាជិក និងអតីតប្រធានក្រុមប្រឹក្សាភិបាល សាលា Wharton ប្រចាំអាស៊ី ហើយក៏ធ្លាប់ជាអតីតមេដឹកនាំពិភពលោកនៃអនាគត (Global Leader for Tomorrow) នៃអង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នាឆ្នាំ១៩៩៥ផងដែរ។
ជារដ្ឋមន្ត្រី«កំណែទម្រង់»ដែលមហាជនកោតសរសើរ
បច្ចុប្បន្ន ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ដែលនាំឲ្យមានការកោតសរសើរពីមហាជន តួយ៉ាង ការធ្វើស្វ័យប្រវត្តិកម្មប្រព័ន្ធចេញស្លាកលេខយានយន្ត ការពង្រឹងនិងពិនិត្យគុណភាពនៃការសាងសង់ផ្លូវថ្នល់ ដោយមានពេលមួយនោះ លោកបានលបចុះត្រួតពិនិត្យការងារសាងសង់ផ្លូវ និងស្ថានភាពផ្លូវដោយបន្លំជាប្រជាជនសាមញ្ញធ្វើដំណើរតាមរថយន្តក្រុង។
ថ្មីៗ លោកក៏បានធ្វើឲ្យកម្ពុជាមានឈ្មោះបោះសំឡេងមួយកម្រិតទៀតលើឆាកអន្តរជាតិ ដោយបាននាំយកព្រឹត្តិការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន មករៀបចំធ្វើនៅរាជធានីភ្នំពេញ និងទទួលបានជោគជ័យគួរជាទីមោទនៈ។ កាលនៅជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពីកម្ពុជាជាច្រើន ទាំងក្នុងប្រទេស និងទាំងនៅលើឆាកអន្តរជាតិ ហើយលោកតែងតែប្រកាន់ខ្ជាប់នូវកិច្ចការមួយ ដែលលោកហៅថា ផ្សាយម៉ាកយីហោកម្ពុជា (Branding Cambodia) ទៅកាន់ពិភពលោក។
ក្រៅពីជាអ្នកនយោបាយ ជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោក ស៊ុន ចាន់ថុល ក៏ត្រូវគេមើលឃើញថា ជាមនុស្សស្រលាញ់ចូលចិត្តតន្ត្រីនិងចម្រៀង ហើយលោកក៏ជាមនុស្សដែលស្ថិតនៅពីក្រោយការជំរុញឲ្យមានការការពារកម្មសិទ្ធិបញ្ញាដល់បទចម្រៀងមួយចំនួនរបស់អតីតអ្នកចម្រៀងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត របស់កម្ពុជាផងដែរ។ ហើយក្រៅពីការងារដ៏មមាញឹក ជារឿយៗ ក៏មានការបែកធ្លាយពីសកម្មភាពកម្សាន្តសប្បាយលក្ខណៈឯកជនរបស់លោកទេសរដ្ឋមន្ត្រីដែរ គឺលោកចេះលេងហ្គីតា និងចេះច្រៀងយ៉ាងចំណាប់ផងដែរ៕