
បើតាមការចុះផ្សាយរបស់សារព័ត៌មានខៅសូដ (Khaosod) របស់ថៃ បេក្ខជននាយករដ្ឋមន្ត្រីទី៣របស់គណបក្សភឿថៃ លោក ឆៃកាសេម នីតិសិរិ (Chaikasem Nitisiri) បានប្រាប់ទូរទស្សន៍ក្នុងស្រុកមួយថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ជំនួសលោកស្រី ផៃថងថាន ប្រសិនបើវាចាំបាច់សម្រាប់ប្រទេសថៃ ដែលកំពុងធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរមែននោះ។
ការលើកឡើងរបស់បេក្ខជនរូបនេះបានធ្វើឡើងចំពេលនាយករដ្ឋមន្ត្រី ផៃថងថាន កំពុងរងសម្ពាធកាន់តែខ្លាំងឡើងសម្រាប់ការចុះចេញពីអំណាចបន្ទាប់ពីមានរឿងអាស្រូវលេចធ្លាយការសន្ទនាជាមួយនឹងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងការដាក់សម្ពាធពីគណបក្សប្រឆាំង និងស្ថាប័នជាតិ សំខាន់ៗរបស់ប្រទេសថៃ ផងដែរ។
អតីតសមាជិកព្រឹទ្ធសភាលោក សុំឆៃ សាវែងខាន (Somchai Sawaengkarn) និងបណ្តាញពលរដ្ឋថៃ ជាច្រើនបានដាក់ពាក្យបណ្តឹងទាមទារឱ្យមានដំណើរការផ្លូវច្បាប់ប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ។ ជាមួយគ្នានេះលោកស្រី សូវ៉ាន ចានយ៉ា (Srisuwan Janya) ប្រធានអង្គការ«ស្រឡាញ់ជាតិ ស្រឡាញ់ប្រទេស» បានដាក់ញត្តិទៅគណៈកម្មាធិការជាតិ ប្រឆាំងអំពើពុករលួយ (NACC) ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតថា តើលោកស្រី ផៃថងថាន បានរំលោភរដ្ឋធម្មនុញ្ញ និងប្រព្រឹត្តិខុសក្រមសីលធម៌ធ្ងន់ធ្ងរមែន ឬយ៉ាងណា។
ចំណែកលោក រួងក្រៃ លីគីតវ៉ាតាណា (Ruangkrai Leekitwattana) សមាជិកគណបក្សប្រឆាំង ប្រាឡាំងប្រាឆារ៉ាត បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតដោយចោទប្រកាន់ថា លោកស្រី ផៃថងថាន ខ្វះភាពសុចរិត និងភាពស្មោះត្រង់ដែលអាចនឹងធ្វើឱ្យលោកស្រីរបូតតំណែងនៅក្រោមរដ្ឋធម្មនុញ្ញ។
ម្យ៉ាងទៀតនៅថ្ងៃទី២៨ ខែមិថុនា ស្អែកនេះ សម្ពន្ធភាពនយោបាយដែលប្រឆាំងរដ្ឋាភិបាលថៃ គ្រោងនឹងប្រារព្ធធ្វើមហាបាតុកម្មនៅវិមានជ័យជម្នះក្នុងរាជធានីបាងកក ដើម្បីទាមទារឱ្យមានការបណ្តេញលោកស្រី ផៃថងថាន ចេញពីអំណាច
សូមរំលឹកថា លោក ឆៃកាសេម ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថៃថ្មីនេះ កើតនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៤៨ និងមានអាយុ៧៧ឆ្នាំហើយ។ លោក ឆៃកាសេម បច្ចុប្បន្នជាមេធាវី អ្នកនយោបាយ និងជាសាស្ត្រាចារ្យមួយរូបផងដែរ ហើយលោកក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្នុងរដ្ឋបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានកាន់អំណាចចន្លោះឆ្នាំ២០១១ ដល់២០១៤។ ក្រៅពីនេះលោកក៏ធ្លាប់ជាសមាជិកសភា អតីតអគ្គមេធាវី និងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ នៅការិយាល័យអគ្គមេធាវី ព្រមទាំងធ្លាប់កាន់តំណែងផ្សេងៗទៀតផងដែរ៕
ដោយ៖ សុខ មង្គល