បើយោងតាមបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនងរបស់ប្រទេសចិនបានបង្ហាញថា នៅក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ការបញ្ចេញលក់ស្មាតហ្វូនទៅកាន់ទីផ្សារដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះជិត២២% ដែលបាននាំចេញមកនៅត្រឹម ១៣៤ លានគ្រឿងប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ ទិន្នន័យពីស្ថាប័នស្រាវជ្រាវទីផ្សារ Canalys បង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនស្មាតហ្វូនធំៗរបស់ចិនដែលរួមមាន ក្រុមហ៊ុន Oppo, Vivo និង Xiaomi។ ក្រុមហ៊ុនស្រាវជ្រាវដដែលនេះ បាននិយាយនៅក្នុងរបាយការណ៍មួយថា ការព្យាករនៃចេញលក់ស្មាតហ្វូនៅពេញមួយឆ្នាំអាចបានត្រឹមកម្រិតនៅក្រោម ៣ រយលានគ្រឿង ដែលវានឹងធ្វើឱ្យមានភាពកាន់តែអាក្រក់បំផុតនៃទីផ្សារស្មាតហ្វូនរបស់ចិន បើធៀបចាប់តាំងពីឆ្នាំ ២០១២មក។
ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយខេត្តក្វាងចូវ បានអះអាងថា ការលក់របស់ពួកគេបានធ្លាក់ចុះជាខ្លាំង ខណៈ អ្នកប្រើប្រាស់មានការគិតគូរពីការចំណាយរបស់ពួកគេជាខ្លាំងនៅក្នុងមួយរយៈពេលចុងក្រោយនេះ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់ប្រទេសហូឡង់ Newzoo បានឱ្យដឹងថា ចំនួនប្រជាជនរបស់ប្រទេសចិនប្រហែល១ពាន់៤រយលាននាក់ គឺមានប្រហែល ៦៦% មានស្មាតហ្វូនសម្រាប់ប្រើប្រាស់។
នាយកប្រតិបត្តិក្រុមហ៊ុន Vivo បាននិយាយថា ការធ្លាក់ចុះនៃការលក់ធ្លាប់មានដល់រយៈពេលពី ១៦ ទៅ ១៨ ខែ ប៉ុន្តែថ្មីៗនេះ វាបានធ្លាក់ចុះរយៈពេល ៣៦ ខែរួចមកហើយ។
ការរំខានផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយគោលនយោបាយគ្មានកូវីដរបស់ចិនក៏កំពុងដើរតួនាទី ជាផ្នែកមួយធ្វើឱ្យមានការធ្លាក់ចុះការបញ្ចេញលក់ស្មាតហ្វូននេះដែរ ដោយសារអ្នកទិញមិនមានទំនោរក្នុងការចំណាយដោយសេរីដូចពីមុន។
ការថមថយនៃទីផ្សារស្មាតហ្វូន ក៏កំពុងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកផ្គត់ផ្គត់គ្រឿងបង្គុំសម្រាប់ការផលិតស្មាតហ្វូនផងដែរ តួយ៉ាង ក្រុមហ៊ុន Zhenzhen Goodix Technology ដែលជាអ្នកផលិតបន្ទះឈីបសម្រាប់ស្មាតហ្វូន រំពឹងថា ប្រាក់ចំណេញសុទ្ធរបស់ពួកគេនឹងធ្លាក់ចុះ ៩៥% នៅឆមាសទី១នៅឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្រូវការធ្លាក់ចុះ ជាមួយនឹងការចំណាយថ្លៃដើមខ្ពស់លើខ្សែចង្វាក់ផ្គត់ផ្គង់៕