បន្ទះឈីប

ហេតុអ្វីជប៉ុន និងកូរ៉េខាងត្បូង ប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើសម្ភារបច្ចេកវិទ្យាចិន?


ប្រទេសជប៉ុន និងកូរ៉េខាងត្បូង កំពុងខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការពឹងផ្អែកលើសម្ភារបច្ចេកវិទ្យារបស់ប្រទេសចិន ដោយក្រុមហ៊ុនឯកជនរបស់ប្រទេសទាំងពីរ បានចាប់ផ្ដើមពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេចេញឆ្ងាយពីប្រទេសចិន ជាបណ្ដើរៗហើយ។ តើមូលហេតុអ្វីទើបបានជាប្រទេសទាំងពីរនេះខំប្រឹងកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់ប្រទេសចិនបែបនេះ?
បន្ទះឈីប
ដោយ

ប្រទេសជប៉ុន បានសម្រេចចិត្តពង្រឹងឧស្សាហកម្មបន្ទះឈីបជាថ្មីនៅឆ្នាំនេះ ដោយរដ្ឋាភិបាល ជប៉ុនកំពុងផ្ដល់មូលនិធិរហូតដល់ជាង៣ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មមួយនេះ។ មូលនិធិរបស់រដ្ឋាភិបាលជប៉ុននេះ បានទាក់ទាញក្រុមហ៊ុនជប៉ុនមួយចំនួន ដែលកំពុងដំណើរការនៅប្រទេសចិន ឱ្យងាកមកបង្កើតរោងចក្រនៅក្នុងស្រុកវិញ។ ជាក់ស្ដែងគ្រឹះស្ថានពាណិជ្ជកម្មសូជីត (Sojitz) បានចាប់យកឱកាសនេះ ហើយកំពុងស្វែងរកបង្កើតរោងចក្រមួយនៅតំបន់គ្យូហ៊ូ (Kyushu) ប្រទេសជប៉ុន ជាទីដែលក្រុមហ៊ុនបន្ទះឈីបរបស់ តៃវ៉ាន់ TSMC កំពុងសាងសង់រោងចក្រមួយនៅទីនោះជាលើកដំបូង ។

ផែនការបង្កើតរោងចក្ររបស់ក្រុមហ៊ុន សូជីត នៅជបុននេះ គឺដើម្បីជួយបំពេញតម្រូវការប្រចាំឆ្នាំរបស់ជប៉ុនឱ្យបាន៤០% សម្រាប់សារធាតុគីមីផលិតបន្ទះសៀគ្វីដ៏សំខាន់ ដោយធ្វើឱ្យជប៉ុនកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន សម្រាប់សារធាតុគីមី និងធាតុផ្សំសំខាន់ៗផ្សេងទៀត។

លោក តាកាស៊ី មីហ្ស៊ូកាមិ (Takashi Mizukami) អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មបន្ទះឈីបនៅក្រុមហ៊ុនសូជីត បាននិយាយថា ក្រុមហ៊ុនរបស់លោកចង់ឱ្យក្រុមហ៊ុនផលិតបន្ទះឈីប និងសម្ភារថ្មរួមគ្នាបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ជាមួយនឹងក្រុមហ៊ុនរបស់លោក។

ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង គ្រោងនឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន ឱ្យបានតិចជាង៥០% នៅត្រឹមឆ្នាំ២០៣០ សម្រាប់សារធាតុរ៉ែសំខាន់ៗចំនួន១០ រួមទាំងរ៉ែលីចូម រ៉ែនីកែល រ៉ែកូបល់ និងរ៉ែក្រាហ្វិកផងដែរ ហើយក្រុងសេអ៊ូល ក៏បានងាកទៅទាក់ទាញប្រទេសកាណាដា អូស្ត្រាលី ឈីលី និងបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកផ្សេងទៀតតាមរយៈវេទិកា និងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដើម្បីធានាបាននូវសារធាតុរ៉ែ ដូចជាលីចូម នីកែល កូបល់ និងទង់ដែងជាដើម។

កត្តាដ៏សំខាន់មួយស្ថិតនៅពីក្រោយការចេញឆ្ងាយពីការផ្គត់ផ្គង់របស់ចិននេះ គឺដោយសារតែច្បាប់កាត់បន្ថយអតិផរណា (IRA) ដ៏លេចធ្លោរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន ដើម្បីទាក់ទាញក្រុមហ៊ុនបរទេសឱ្យទៅបង្កើតរោងចក្រនៅសហរដ្ឋអាម៉េរិក និងលើកទឹកចិត្ត ឱ្យទិញរថយន្តអគ្គិសនី ដែលផលិតដោយមិនមានធាតុចូលពីប្រទេសចិន ជាដើម។

ហេតុផលសំខាន់មួយដែលជំរុញឱ្យជប៉ុន និងកូរ៉េខាងត្បូងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន គឺដោយសារតែប្រទេសចិនខ្លួនឯងដែលគ្មានចេះខ្មាសអៀនបានប្រើការគ្រប់គ្រងសម្ភារសំខាន់ៗរបស់ខ្លួនធ្វើជាអាវុធ។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួននឹងបង្កើនការរឹតបន្តឹងការនាំចេញលើការផ្គត់ផ្គង់វត្ថុធាតុដើមមួយចំនួនរួមទាំងរ៉ែទុងស្តេន (Tungsten) រ៉ែក្រាហ្វិក និងរ៉ែអាលុយមីញ៉ូម ផងដែរ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យធនាគារ JPMorgan ថា បណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សនឹងជួបបញ្ហាប្រឈមធំៗនៅឆ្នាំ២០២៥?

ធនាគារខ្នាតយក្ស JPMorgan បានលើកឡើងក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា បណ្ដាទីផ្សារកំពុងរីកច…

ប្រាក់ចំណូលក្នុងវិស័យបន្ទះឈីបនៅទូទាំងពិភពលោក ត្រូវបានព្យាករថានឹងកើនឡើង១៤% នៅឆ្នាំ២០២៥

ក្រុមហ៊ុនស្រាវជ្រាវ និងពិគ្រោះយោបល់បច្ចេកវិទ្យាអាម៉េរិក Gartner បានព្យាករថា ប្រាក់ចំណូលសរុបក្នុងវិស័យបន្ទះឈីបនៅទូទាំងពិភពលោកនឹងកើនឡើង១…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ