ការធ្វើតេស្តរកមេរោគកូវីដ១៩

ករណីសង្ស័យដែលបានធ្វើតេស្តរកកូវីដ-១៩សប្តាហ៍នេះ មានការថយចុះជាងពាក់កណ្តាល


នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នាព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតមកទល់នឹងពេលនេះ ក្រសួងបានធ្វើតេស្តចំនួន ១២.៣៧៨តេស្ដ សើ្មនឹងចំនួនមនុស្ស ១០.៩៣៦នាក់ ដោយត្រូវធ្វើវិភាគចំនួន៧៦១សំណាក ក្នុងមនុស្ស ១លាននាក់ ។ នៅក្នុងនោះដែរ នៅសប្តាហ៍នេះ ក្រសួងអះអាងថា បានធ្វើតេស្តចំនួនជាង ៨០០តេស្ត មានការថយចុះជិតពាក់កណ្តាល ខណៈដែលសប្តាហ៍មុនចំនួនតេស្តមានរហូតដល់ជាង១.៧០០ តេស្ត។
ករណីសង្ស័យដែលបានធ្វើតេស្តរកកូវីដ-១៩សប្តាហ៍នេះ មានការថយចុះជាងពាក់កណ្តាល(រូបភាព CDC)

ឯកឧត្តម​វេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល មាន​ប្រសាសន៍​ថា មូលហេតុ​នៃ​ការ​ធ្វើតេស្ត​លើ​ករណី​សង្ស័យ​ថា​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មានការ​ថយ​ចុះ​នេះ ដោយសារ​តែ​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នា​ប៉ុន្មាន​ស​ប្តា​ហ៍​នេះ​។ ឯកឧត្តម​វេជ្ជបណ្ឌិត​ថា​« ក្នុង​ចំនួន​មនុស្ស ១០.៩៣៦​នាក់ ដែល​យើង​បាន​ធ្វើតេស្ត​នេះ គឺ​យើង​ធ្វើតេស្ត​ទាំង​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ អ្នក​ប៉ះពាល់​ដោយ​ប្រយោល អ្នក​ដែល​រលាក​សួត ដែល​សម្រាក​នៅ​ពេទ្យ អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ និង​អ្នកជំងឺ​ផ្លូវដង្ហើម​ដទៃ​ទៀត ដែល​យើង​ធ្វើ​ជា​ប្រចាំ ហើយ​និង​ករណី​សង្ស័យ​»​។

ចំពោះ​ការ​កើនឡើង​នៃ​ចំនួន​ធ្វើតេស្ត​កាលពី​ស​ប្តា​ហ៍​មុន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ​បាន​អះអាង​ថា « អាទិត្យ​មុន​ហ្នឹង​កើនឡើង​ដោយសារ យើង​បាន​ព័ត៌មាន​អំពី​ករណី​មាន​ជនជាតិ​ចិន​ដែល​គាត់​ត្រលប់​ទៅ​វិញ​ថា មាន​វិជ្ជមាន​ហ្នឹង ដូច្នេះ​យើង​ត្រូវធ្វើ​ការ​យក រក​ឃើញ​ទីតាំង​ស្នាក់​នៅ​របស់​គាត់​ហ្នឹង​នៅ​តាម​ខុន​ដូ​នានា នៅ​កោះ​ពេជ្រ និង​បឹង​កេងកង​ហ្នឹង យើង​ប្រមូល​មក​មើល​ទាំងអស់ គ្រាន់តែ​២​តំបន់​នេះ​យក​ជាង​៦០០​នាក់ យក​មក​មើល ហើយ​ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់​»​។

ដោយឡែក ចំពោះ​ការ​ថយ​ចុះ​នៅ​ស​ប្តា​ហ៍​នេះ​ត្រូវ​បាន ឯកឧត្តម​វេជ្ជបណ្ឌិត​ថា «​ធ្លាក់​ហ្នឹង​ដោយសារ យើង​អស់​ករណី​មាន​ករណី​វិជ្ជមាន​ដែល​រក​ឃើញ ដូច្នេះ​អ្នក​ប៉ះពាល់ អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ ឬ​មួយ​ប្រយោល​ហ្នឹង គឺ​លែង​មាន ឬ​មួយ​មាន​ចំនួន​តិច​»​។

បើ​ទោះបីជា​អ្នក​ដែល​ជា​សះស្បើយ ទាំង​១២០​នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ទាំង​អស់ហើយ​ក៏​ពិតមែន តែ​ក្រសួង​នៅ​តែ​តាមដាន និង​តម្រូវ​ឲ្យ​អ្នក​ទាំង​១២០​អ្នក​នេះ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​គេហដ្ឋាន​រៀង​ៗ​ខ្លួន ក្នុង​រយៈពេល​១៤​ថ្ងៃ​សិន ទើប​អាច​ចេញ​ប្រកបការងារ​បាន​ដូច​មនុស្ស​ធម្មតា​។

បើ​តាម​ក្រសួងសុខាភិបាល គិតចាប់ពីខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែឧសភា ២០២០ ប្រទេស​កម្ពុជា​មាន​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ច្រើន​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដូច​ជាង ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ឡាវ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្នងការនគរបាលរាជធានី៖ អ្នកអត់ពាក់មួកសុវត្ថិភាព និងអត់ពាក់ខ្សែក្រវាត់ មានករណីផាកច្រើនជាងគេ

ព័ត៌មាន
តាមលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញ រយ:ពេល០២ថ្ងៃកន្លងមកនេះ ( ថ្ងៃទី០១ និង ទី០២ ខែឧសភា ឆ្នាំ២០២០ )…

ផ្លូវជាតិលេខ១១ ប្រវែងជិត១០០គីឡូម៉ែត្រ តម្លៃជិត ១០០ លានដុល្លារ នឹងសង់រួចរាល់ចុងឆ្នាំនេះ

ព័ត៌មាន
ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែងត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ១ (អ្នកលឿង) និងខេត្ត ត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ