
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែតថា តើប្រទេសជប៉ុន គួរតែកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវពីរុស្សី ឬយ៉ាងនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បាននិយាយដោយមិនសំដៅចំឈ្មោះប្រទេសណាមួយឡើយថា ប្រទេសដែលទិញថាមពលពីរុស្ស៊ី គួរតែប្តូរទៅរកប្រភពផ្សេងជំនួសវិញ ព្រោះសកម្មភាពនេះមានន័យថា ជាការជួយឧបត្ថម្ភធនដល់ការវាយប្រហារលើប្រជាជនអ៊ុយក្រែន។
បច្ចុប្បន្នប្រទេសជប៉ុន បាននាំចូលឧស្ម័នធម្មជាតិ LNG ពីរុស្ស៊ី ចំនួន៩% នៃការនាំចូលឧស្ម័នសរុបរបស់ខ្លួន ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន នៅចុងខែតុលា ហើយការនាំចូលឧស្ម័ន LNG របស់ជប៉ុន អាចជាប្រធានបទនៃកិច្ចពិភាក្សាជាមួយនឹងមេដឹកនាំជប៉ុន។
ការពង្រឹងការដាក់ទណ្ឌកម្មលើក្បាលម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី នឹងស្ថិតក្នុងរបៀបវារៈសម្រាប់មន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលកំពូលៗរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) នៅពេលពួកគេជួបប្រជុំគ្នានៅចុងសប្តាហ៍នេះនៅសហរដ្ឋអាម៉េរិក។ លោក ត្រាំ បានជំរុញឱ្យអឺរ៉ុបបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញថាមពលពីរុស្ស៊ី ហើយសហភាពអឺរ៉ុបបានបន្តពិចារណាលើការហាមឃាត់ទាំងស្រុងលើការនាំចូលឧស្ម័នរបស់រុស្ស៊ី។
ជាមួយគ្នានេះលោក ត្រាំ កាលពីពេលថ្មីៗ ក៏បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានដែរថា ប្រទេសឥណ្ឌានឹងមិនបន្តទិញប្រេងពីប្រទេសរុស្ស៊ីទៀតឡើយ។ លោក ត្រាំ បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រាប់លោកថា ឥណ្ឌានឹងជួយដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយថា នៅពេលសង្គ្រាមបានបញ្ចប់ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ីឡើងវិញ។ ទោះយ៉ាងណាលោក ត្រាំ មិនបានបញ្ជាក់ថា តើប្រទេសឥណ្ឌានឹងបញ្ឈប់ការទិញប្រេងពីរុស្ស៊ីនៅពេលណានោះឡើយ៕
ដោយ៖ សុខ មង្គល