ផែនការហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក និងប្រទេសលោកខាងលិចជាសម្ព័ន្ធមិត្តនេះ ក៏ត្រូវបានគេមើលឃើញថា នឹងក្លាយជាផែនការដ៏ធំមួយក្នុងការប្រជែងឥទ្ធិពល ជាមួយនឹង គម្រោងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនផងដែរ។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មាន South China Morning Post។
លោក ជិន វិនស៊ីន (Chen Wenxin) ជាអ្នកជំនាញចិនសិក្សាផ្នែកសេដ្ឋកិច្ច និងនយោបាយទាក់ទងនឹងអាមេរិក បានអះអាងថា ប្រទេសចិន ត្រូវឃ្លាំមើលឲ្យបានដិតដល់ នូវត្រង់ផ្នែកនៃសេដ្ឋកិច្ចរយៈពេលវែង ដែលអាមេរិកអាចទាញយកផលចំណេញ ទាក់ទងនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃ ១ទ្រីលានដុល្លារអាមេរិក បើទោះបីជា ការបែងចែងនយោយបាយក្នុងស្រុករបស់អាមេរិក នៅមានបញ្ហាប្រឈមធំៗច្រើនក៏ដោយ។
ការវាយតម្លៃរបស់លោកជិន វិនស៊ីន (Chen Wenxin) អគ្គនាយករងវិទ្យាស្ថានសិក្សាអាមេរិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យចិន (CICIR) យ៉ាងដូច្នេះ បន្ទាប់ពីលោកបានសិក្សាលម្អិតជាច្រើនទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អាមេរិក ដែលទើបតែត្រូវបានលោកចូបៃឌិនចុះហត្ថលេខា និងក្លាយជាច្បាប់ចូលជាធរមានកាលពីខែវិច្ឆិកាឆ្នាំមុន។
ក្នុងគម្រោងនេះ នឹងមានបែងចែកថវិការាប់ពាន់លានដុល្លារ ទៅកាន់រដ្ឋ និងរដ្ឋាភិបាលតំបន់នីមួយៗរបស់អាមេរិក ក្នុងរយៈពេល៥ឆ្នាំ សម្រាប់ធ្វើការអភិវឌ្ឍផ្លូវថ្នាល់ ស្ពាន ផ្លូវរថភ្លើង និងអាកាសយានដ្ឋានចាស់ៗ ទៅតាមតម្រូវការជាក់ស្ដែង។ បន្ថែមពីនេះ ក៏មានការអភិវឌ្ឍនូវប្រព័ន្ធទឹកស្អាត និងរោងចក្រថាមពលផងដែរ។ លោក ចូ បៃឌិន និយាយថា ការអភិវឌ្ឍទាំងអស់នេះ នឹងជួយឲ្យអាមេរិក នឹងទទួលបាននូវសមត្ថភាពប្រកួតប្រជែងលើប្រទេសចិន។
សម្រាប់ផែនការយុទ្ធសាស្ត្រអន្តរជាតិវិញ លោកចូ បៃឌិន ក៏បានចាប់ដៃជាមួយនឹងក្រុមប្រទេសរីកចម្រើនទាំង៧ ឬហៅថា G7 ដើម្បីបង្កើតគម្រោង Build Back Better World ឬហៅកាត់ថា B3W ផងដែរ ដោយគម្រោងនេះ មានគោលបំណងផ្ដល់ជូននូវទឹកប្រាក់កម្ចីរាប់រយពាន់លានដុល្លារ ទៅឲ្យប្រទេសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់ទល់នឹងគម្រោងគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន ដែលគំនិតផ្ដួចផ្ដើមរបស់ចិននេះ មានការវិនិយោគជាច្រើនទ្រីលានដុល្លារនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសកលលោក និងបានដាក់ឲ្យដំណើរការមកតាំងពីឆ្នាំ២០១៣។ ប៉ុន្ដែ គម្រោងរបស់ចិននេះ ទទួលបានទាំងការសាទរ និងទាំងមានការរិះគន់ជាច្រើនផងដែរ ដោយមានការលើកឡើងថា វាធ្វើឲ្យប្រទេសក្រីក្រធ្លាក់ចូលក្នុងអន្ទាក់បំណុលជាដើម។
គម្រោង B3W របស់អាមេរិក និងក្រុមប្រទេស G7 ដែលទើបប្រកាសដាក់ចេញនោះ ត្រូវបានគេដឹងថា មានគោលដៅនឹងបង្កើនមូលនិធិរហូតដល់ ៤០ទ្រីលានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធឲ្យទៅប្រទេសកំពុងអភិវឌ្ឍនៅត្រឹមឆ្នាំ២០៣៥។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញសិក្សាផ្នែកសេដ្ឋកិច្ច និងនយោបាយចិន អះអាងថា គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់អាមេរិកនេះ គឺផ្ដោតទៅទិដ្ឋភាពច្បាប់ និងស្ដង់ដារ ដែលអាមេរិក និងសម្ព័ន្ធមិត្តខ្លួនចង់បាន ជាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពិតប្រាកដ៕