នៅក្នុងទិវាធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២២ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព គួរយកចិត្តទុកដាក់រៀបចំការការពារហានិភ័យហិរញ្ញវត្ថុ សម្រាប់ក្រុមគ្រួសារ ឬសហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ពីព្រោះថាហានិភ័យហិរញ្ញវត្ថុ គឺអាចកើតមានឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយចៃដន្យ ដោយមិនបានព្រាងទុកជាមុននោះទេ។ លោក យក់ ចំរើនឫទ្ធិ បានអះអាងថា វិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យផ្សេងៗ ដោយលោកបានអះអាងថា វិស័យធានារ៉ាប់រង គឺជាអាជីវកម្មមួយ ដែលទទួលរ៉ាប់រងហានិភ័យរបស់បងប្អូនប្រជាពលរដ្ឋមកទុក ហើយនឹងធ្វើសំណងជូនទៅវិញ នៅពេលពួកគាត់ជួបបញ្ហាអ្វីមួយមួយដោយចៃដន្យ ដល់អាយុជីវិត ឬទ្រព្យសម្បត្តិ។
លោក យក់ ចំរើនឬទ្ធិ បានបញ្ជាក់ឲ្យដឹងដែរថា វិស័យធានារ៉ាប់រងនៅរយៈពេលចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពោលគឺ មានការកើនឡើងប្រមាណជាង ២០% ក្នុងមួយឆ្នាំ។ ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងក្នុងតំបន់ វិស័យធានារ៉ាប់រងរបស់កម្ពុជានៅមានទំហំតូចនៅឡើយនោះទេ។
លោក យក់ ចំរើនឫទ្ធិ គូសបញ្ជាក់ដែរថា ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ក្តី ប៉ុន្ដែក្រុមហ៊ុនហ្វតតេ នៅតែអាចដំណើរបានយ៉ាងរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មបំផុតសម្រាប់អភិវឌ្ឍទីផ្សារធានារ៉ាប់រង ជាមួយនិរន្តរភាពនៃកំណើនបុព្វលាភជារៀងរាល់ឆ្នាំ។ ក្នុងនោះ ធានារ៉ាប់រងទូទៅមានកំណើនជាង ១០% ធានារ៉ាប់រងអាយុជីវិត មានកំណើនរហូតដល់ ៤៥% ៕