មូលនិធិរូបិយវត្ថុអន្តរជាតិ បានលើកឡើងក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនត្រឹមតែ៣,២%ប៉ុណ្ណោះនៅឆ្នាំ២០២៥ ពោលគឺទាបជាងការព្យាករ ដែលបានធ្វើកាលពីខែកក្កដា កន្លងទៅ។ បើយោងតាមការចុះផ្សាយនៅលើទំព័រសារព័ត៌មាន the Edge បានឲ្យដឹងថា សម្ពាធធំបំផុតនៃការសម្រេចចិត្តបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនេះ គឺដោយសារការបង្កើនល្បឿននៃហានិភ័យពីសង្គ្រាម និងសម្ពាធនៃបញ្ហាទាក់ទងនឹងរបបគាំពារនិយមនៅក្នុងវិស័យពាណិជ្ជកម្មនៅលើពិភពលោកកាន់តែឡើងកម្ដៅ។
បើតាមការអះអាងរបស់ IMF នៅពេលនេះបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា កាន់តែពិបាកប៉ាន់ស្មាន ក្រោយអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសសងសឹកអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រោយអ៊ីរ៉ង់ បានបាញ់មីស៊ីលប្រមាណ២០០គ្រាប់ លើអ៊ីស្រាអែលកាលពីដើមខែតុលា នេះ។ IMF បានបន្ថែមទៀតថា ក្រៅពីបញ្ហានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ពិភពលោក ក៏កំពុងប្រឈមមុខខ្លាំងនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យប្រទេសជាច្រើនស្ថិតនៅក្នុងរលកនៃគ្រោះមហន្តរាយដោយធម្មជាតិកាន់តែអាក្រក់។
បើតាមការវាយតម្លៃរបស់ IMF សេដ្ឋកិច្ចពិភពលោកកំពុងឆ្ពោះទៅរកដំណាច់ឆ្នាំជាមួយនឹងរលកនៃបញ្ហា មិននឹកស្មានដល់ជាច្រើន ខណៈដែលបញ្ហាអតិផរណានៅតែបន្តស្រួចស្រាល់ បូករួមទាំងបញ្ហា និងភាពមិនច្បាស់លាស់នៃរដ្ឋបាលរបស់សហរដ្ឋអាម៉េរិក ការកើនឡើងនៃបំណុលរដ្ឋាភិបាលនានា ជម្លោះនៅមជ្ឈិមបូព៌ា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។
របាយការណ៍របស់ IMF បានលើកឡើងថា សម្ពាធអតិផរណានៅអាម៉េរិក និងកាណាដា នៅតែជាបញ្ហាទោះបីជាគោលដៅរក្សាឱ្យបានត្រឹម២% ជិតសម្រេចក៏ដោយ តែសង្គមសេដ្ឋកិច្ចនិងបញ្ហាបំណុលសម្រាប់គ្រួសារប្រាក់ចំណូលមធ្យមក៏កំពុងមាននិន្នការប៉ោងឡើង។
សម្រាប់អាស៊ីវិញ វិធានការបញ្ចុះអត្រាការប្រាក់ និងការដោះសោសាច់ប្រាក់ងាយស្រួល ដើម្បីលើកទឹកចិត្តការផ្តល់ប្រាក់កម្ចីពីធនាគាររបស់ចិន ហាក់ផ្តល់ផលវិជ្ជមានខ្លះដល់អចលនទ្រព្យ តែហានិភ័យនៃការធ្លាក់ចុះនៃការនាំចេញ ការពង្រីកភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី ស្របពេលដែលអឺរ៉ុបកំពង់រងសម្ពាធពីទំនោរធ្លាក់ចុះ នៃសកម្មភាពវិស័យឯកជននៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ៕
ដោយៈ សរ សុជាតិ