មេដឹកនាំពិភពលោក

ហេតុអ្វីលោក ស៊ី មិនព្រលែងលោក ពូទីន ហើយក៏មិនបោះបង់លោក ត្រាំ?


ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ និងយោធាទី៣ នៅលើពិភពលោក ទីក្រុងប៉េកាំង ប្រឹងប្រឹងរក្សាតុល្យភាពនយោបាយការបរទេស និងសេដ្ឋកិច្ចជាមួយមហាអំណាចយោធាពិភពលោកកំពូលទាំងពីរ គឺរុស្ស៊ី និងអាម៉េរិកដោយប្រុងប្រយ័ត្ន។ កាលពីថ្ងៃពុធទី៤កន្លងទៅនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបង្ហាញយុទ្ធសាស្ត្រពហុទិស ដោយបានសន្ទនាគ្នាតាមទូរសព្ទដាច់ដោយឡែកពីគ្នាទាំងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ គឺដើម្បីរក្សាតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។
មេដឹកនាំពិភពលោក
ដោយ

លើសពីនេះ ក្រុមអ្នកវិភាគមើលឃើញថា លោក ស៊ី ជីនពីង កំពុងដើរតួជាអ្នកសម្របសម្រួលមហាអំណាច។ ចិន ត្រូវការរុស្ស៊ី ដើម្បីតុល្យភាពភូមិសាស្ត្រនយោបាយ និងត្រូវការសហរដ្ឋអាម៉េរិក ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច។ នៅក្នុងពិភពលោកដែលកំពុងវិលវល់ដូចបាយពុះ យុទ្ធសាស្ត្រមិនបោះបង់ភាគីណាមួយ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារផលប្រយោជន៍ជាតិរបស់ចិន និងបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។

​​នៅកណ្តាលភូមិសាស្ត្រនយោបាយដ៏ចលាចល ប្រទេសចិនបាន និងកំពុងអនុវត្តយុទ្ធសាស្ត្រពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយរុស្ស៊ី និងព្យាយាមរក្សាការប្រាស្រ័យទាក់ទង និងស្ថិរភាពទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក ឬអាចនិយាយបានថា«ពង្រឹងមិត្តចាស់ រក្សាស្ថិរភាពគូប្រជែង»។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី៤ ខែកុម្ភៈ ប្រធានាធិបតិចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យថាមពល បច្ចេកវិទ្យាខ្ពស់ អវកាស និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែ​សន្តិភាព។

ចិន នៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី ហើយទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកំពុងកើនឡើង ខណៈរុស្ស៊ី កំពុងបន្តរងសម្ពាធពីអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ នៅក្នុងជំនួបពិភាក្សាខាងលើ លោក ស៊ី និងលោក ពូទីន បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងប៉េកាំង កំពុងស្ថិតក្នុងអន្តរកាល ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ជាមួយគ្នានេះ ចិន និង រុស្ស៊ី ក៏បានបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខ និងផលប្រយោជន៍ជាតិ ដូចជា បញ្ហាកោះតៃវ៉ាន់ សន្តិសុខតំបន់ និងស្ថានភាពនៅអ៊ីរ៉ង់ វ៉េណេស៊ុយអេឡា និងគុយបាជាដើម។

ទន្ទឹមគ្នានេះដែរ លោក ស៊ី ជីនពីង ក៏បានជួបសន្ទនាជាមួយលោក ដូណាល់ ត្រាំ ដាច់ដោយឡែកមួយទៀតផងដែរ ដោយផ្តោតលើបញ្ហាពាណិជ្ជកម្ម សន្តិសុខ និងបញ្ហានៅកោះតៃវ៉ាន់។ ក្នុងជំនួបនោះ មេដឹកនាំប្រទេសទាំងពីរបានបង្ហាញបំណងរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព ទោះបីមានភាពតានតឹងក្នុងបញ្ហាដូចជាការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ការប្រកួតប្រជែងបច្ចេកវិទ្យា និងពន្ធនាំចូលក៏ដោយ។

អ្វីដែលគួរគួរឱ្យចាប់អារម្មណ៍ក្នុងកិច្ចសន្ទនាខាងលើ លោក ត្រាំ បានបង្ហើបថា ចិន កំពុងពិចារណាបង្កើនការទិញសណ្តែកសៀងពីអាម៉េរិក ដែលនេះជាសញ្ញាវិជ្ជមានក្នុងការសម្រាលកម្តៅសង្គ្រាមពន្ធគយរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី នៅតែប្រកាន់គោលជំហររឹងមាំចំពោះបញ្ហាតៃវ៉ាន់ ដោយបញ្ជាក់ថា វាជាបន្ទាត់ក្រហម និងជាបញ្ហាផ្ទៃក្នុងដែលអាម៉េរិក មិនគួរលូកដៃតាមរយៈការលក់អាវុធឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


របបយោធាមីយ៉ាន់ម៉ា បង្កើតស្ថាប័នដ៏មានឥទ្ធិពលមួយ ដើម្បីគ្រប់គ្រងអំណាចឲ្យកាន់តែណែនក្នុងដៃ

ដើម្បីពង្រឹងការគ្រប់គ្រងអំណាចឲ្យកាន់តែណែននៅក្នុងដៃ របបសឹកមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងលាំង បានបង្កើតស្ថាប័នថ្មីមួយ ដើ…

អ្នកជំនាញអះអាងថា ការចាកចេញរបស់ជនបរទេសមួយចំនួនអាចប៉ះពាល់ដល់ការជួលអគាររយៈពេលខ្លី តែនឹងទទួលផលចំណេញរយៈពេលវែង

បន្ទាប់ពីអាជ្ញាធរកម្ពុជា បានរឹតបន្តឹង និងបង្ក្រាបយ៉ាងចាស់ដៃលើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញរួចមក គេសង្កេតឃើញមានការចាកចេញរបស់ជនបរទេសមួយចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ