ការងារសម្រាប់មនុស្សក្នុងវ័យ ៤០ ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង

តើការងារសម្រាប់មនុស្សអាយុខ្ទង់៤០ឆ្នាំនៅកូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេល១០ខែជាប់ៗគ្នា ដោយសារអ្វី?


ទិន្នន័យកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃអាទិត្យទី ១៤ឧសភាថា ចំនួនការងារសម្រាប់មនុស្សក្នុងវ័យ ៤០ ឆ្នាំ នៅប្រទេសកូរ៉េខាងត្បូង បានថយចុះសម្រាប់រយៈពេល ១០ ខែជាប់ៗគ្នាកាលពីខែមេសា ចំពេលមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងឧស្សាហកម្មផលិតកម្មរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។
តើការងារសម្រាប់មនុស្សអាយុខ្ទង់៤០ឆ្នាំនៅកូរ៉េខាងត្បូងបានធ្លាក់ចុះរយៈពេល១០ខែជាប់ៗគ្នា ដោយសារអ្វី?

ទិន្នន័យដែលចងក្រងដោយស្ថាប័នស្ថិតិកូរ៉េ (Statistics Korea) បានឱ្យដឹងថា ការងារសម្រាប់ក្រុមមនុស្សក្នុងវ័យ៤០ឆ្នាំបាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីខែកក្កដាឆ្នាំមុន ខណៈដែលមានការថយចុះការងារចំនួន ២២ ពាន់កន្លែងកាលពីខែមេសា បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសកូរ៉េខាងត្បូងបានបន្ថែមការងារប្រចាំឆ្នាំចំនួន ៨១៦ ពាន់កន្លែងក្នុងឆ្នាំ២០២២ ហើយជាមួយនឹងការបន្ថែមការងារនេះ ប្រទេសកូរ៉េបានជួយរក្សាកំណើនសេដ្ឋកិច្ចបន្តរហូតដល់ខែមេសា ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ១៩។

ការធ្លាក់ចុះចំនួនការងារសម្រាប់មនុស្សក្នុងវ័យ ៤០ ឆ្នាំនៅកូរ៉េខាងត្បូងនេះ បានកើតឡើងចំពេលមានការធ្លាក់ចុះនៃផ្នែកផលិតកម្ម ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីការនាំចេញដ៏លំបាករបស់ប្រទេសនេះ នៅពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក។

កាលពីខែមេសា ចំនួនការងារនៅផ្នែកផលិតកម្មបានធ្លាក់ចុះ ៩៧ ពាន់កន្លែង ដោយពង្រីកការធ្លាក់ចុះរហូតដល់ ៣ ខែជាប់ៗគ្នា នៅឆ្នាំនេះ ហើយវាក៏បានកត់សម្គាល់ឱ្យឃើញការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីការធ្លាក់ចុះការងារសរុបចំនួន ១១ ម៉ឺនកន្លែងនៅខែធ្នូ ឆ្នាំ២០២០ ដែរ។

ការនាំចេញទៅក្រៅប្រទេសសរុបរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះជាង ១៤% បើធៀបនឹងឆ្នាំមុន ដោយធ្លាក់មកត្រឹមទំហំជិត ៥០ ប៊ីលានដុល្លារ នៅក្នុងខែមេសា ដោយសារការនាំចេញគ្រឿងអេឡិចត្រូនិកដែលជាទំនិញនាំចេញដ៏សំខាន់របស់ប្រទេសនេះបានធ្លាក់ចុះ ៤១% បើធៀបនឹងឆ្នាំមុន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០ ដែលការនាំចេញបានធ្លាក់ចុះអស់រយៈពេល ៧ ខែជាប់ៗគ្នា។

អ្នកជំនាញនិយាយថា ការថយចុះនៃចំនួនការងារសម្រាប់មនុស្សក្នុងវ័យ ៤០ ឆ្នាំ ជាពិសេសអ្នកដែលធ្វើការក្នុងវិស័យផលិតកម្មដែលចាត់ទុកថាជាការងារប្រកួតប្រជែងមួយនោះ អាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងនាពេលអនាគត។

លោក គីម ជុង ស៊ិក សាស្ត្រាចារ្យកិត្តិយសផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ យ៉ុនសី បាននិយាយថា ការបាត់បង់ការងារសម្រាប់មនុស្សវ័យ ៤០ ឆ្នាំ ដែលជាអ្នកផ្គត់ផ្គង់គ្រួសារ អាចជះឥទ្ធិពលអវិជ្ជមានដល់គ្រួសារ និងបង្កបញ្ហាសង្គមផ្សេងៗទៀត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


សាជីវកម្មធានាឥណទានកម្ពុជា ធានាប្រាក់កម្ចីសរុបជាង ១១៣លានដុល្លារសម្រាប់អាជីវកម្មជិត១៣០០

ព័ត៌មាន
សាជីវកម្មឥណទានកម្ពុជា (CGCC) បានផ្តល់ការធានាឥណទានដល់អាជីវកម្មចំនួនជិត ១ពាន់៣រយ ក្រុមហ៊ុន និងអាជីវកម្ម ដែលស្មើនឹងទឹកប្រាក់ធានាសរុបជាង…

កំណើនសេដ្ឋកិច្ចកម្ពុជានៅឆមាសទី២ នឹងប្រសើរឡើង ដោយសារតែកត្តាអ្វីខ្លះ?

ព័ត៌មាន
ដ្បិតការនាំចេញរបស់កម្ពុជា នៅរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះ ៥% ក៏ដោយចុះ ប៉ុន្ដែ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជាតិ និងអន្តរជាតិ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ