នៅថ្ងៃទី២ ខែឧសភានេះ តម្លៃប្រេងឆៅពិភពលោកបានធ្លាក់ចុះ ១ដុល្លារអាមេរិក ដោយទីផ្សារប្រេងឆៅនៅអង់គ្លេសបានធ្លាក់ចុះតម្លៃ ១ដុល្លារ១៣សេន នាំឲ្យប្រេងឆៅមួយធុងបារ៉ែលនៅមានតម្លៃជាង១០៦ដុល្លារអាមេរិក ខណៈដែលទីផ្សារអាមេរិកវិញ ក៏មានការធ្លាក់ចុះ១ដុល្លារដែរ នាំឲ្យតម្លៃប្រេងនៅមានជិត ១០៤ដុល្លារក្នុងមួយធុងបារ៉ែល។
តម្លៃប្រេងមានការធ្លាក់នេះ បន្ទាប់ពីប្រទេសចិន បានចេញនូវបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដែលបង្ហាញអំពីសកម្មភាពរោងចក្រនៅក្នុងប្រទេសចិន មានការរអិលធ្លាក់ចុះ នៅរយៈពេល២ខែដំបូងនៅឆ្នាំ២០២២ ជាកម្រិតទាបបំផុតមិនធ្លាប់មានគិតតាំងពីខែកុម្ភៈឆ្នាំ២០២២មក។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីវិធានការបិទខ្ទប់អំឡុងពេលរាតត្បាតកូវីដ១៩ ដែលបច្ចុប្បន្ននៅតែបន្ដរាលដាលនៅក្នុងប្រទេសចិន ពិសេសទីក្រុងសៀងហៃ និងប៉េកាំងផងដែរ។
អ្នកវិភាគទីផ្សារ បានអះអាងថា ការថយចុះនៃសកម្មភាពរោងចក្រនេះ គឺស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបានរងផលប៉ះពាល់រួចទៅហើយ ពីបញ្ហាថមថយចុះនៃវិស័យអចលនទ្រព្យ និងក្ដីបារម្ភអំពីការរឹតត្បិតផ្នែកច្បាប់នានាលើវិស័យនេះផងដែរ។ ហើយសកម្មភាពរោងចក្រក្នុងប្រទេសចិនធ្លាក់ចុះនេះទៀតសោត វាក៏ជាកត្តាសំខាន់មួយ ដែលធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទំនិញ និងសេដ្ឋកិច្ចពិភពលោកដូចគ្នាដែរ។
យ៉ាងណាមិញ តម្លៃប្រេងឆៅធ្លាក់ចុះនេះ ក៏បានកើតមានឡើង នៅក្រោយពេលដែល អ្នកការទូតសហភាពអឺរ៉ុប បាននិយាយថា ការដាក់កម្រិតលើការធ្លាក់ចុះ នៃតម្លៃប្រេង គឺជាបញ្ហា ដែលអាចកើតមានក្នុងការផ្គត់ផ្គង់ជាមួយសហភាពអឺរ៉ុប ដែលប្លុកនេះ មានទំនោរទៅរកការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីនៅឆ្នាំនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ មានប្រហែល ពាក់កណ្ដាលនៃប្រេងឆៅរុស្ស៊ី ៤លាន៧សែនបារ៉ែល ដែលនាំចេញក្នុងមួយថ្ងៃ គឺត្រូវបាននាំចេញទៅកាន់សហភាពអឺរ៉ុប ដែលមានការផ្គត់ផ្គង់១ភាគ៤ នៃការនាំចូលប្រេងសរុបរបស់ប្លុកមួយនេះ។
យ៉ាងណាមិញ ខណៈដែលប្រទេសលោកខាងលិចខិតខំទប់ស្កាត់ការនាំចូលប្រេងពីរុស្ស៊ី គេសង្កេតឃើញថា ប្រទេសឥណ្ឌាឯណោះវិញ កំពុងសម្រុកនាំចូលប្រេងពីរុស្ស៊ីកាន់តែច្រើន ដោយគិតក្នុងខែមេសាកន្លងទៅនេះ ឥណ្ឌានាំចូលប្រេងពីរុស្ស៊ីដល់ទៅ ៨០ម៉ឺនបារ៉ែល ខណៈដែលកាលពីឆ្នាំ២០២១ នាំចូលតែ១០ម៉ឺនបារ៉ែលតែប៉ុណ្ណោះ។ ឥណ្ឌាទិញប្រេងពីរុស្ស៊ីកាន់តែច្រើន ដោយសារតែរុស្ស៊ីបានលក់ប្រេងបញ្ចុះតម្លៃ សម្រាប់ឥណ្ឌា។
បន្ថែមពីនេះ មានការរាយការណ៍ដែរថា ក្រុមហ៊ុនប្រេងឥណ្ឌាក៏កំពុងចរចាលើកិច្ចព្រមព្រៀងនាំចូលប្រេងពីរុស្ស៊ីសម្រាប់រយៈពេល៦ខែ ដោយក្នុងមួយខែៗអាចនាំចូលក្នុងចំនួនរាប់លានប៉ារ៉ែលឯណោះ៕