គុណភាពអប់រំ

ហេតុអ្វី​បាន​ជា​សកល​វិទ្យាល័យ​តាម​ខេត្ត​មិន​សូវ​មាន​គុណភាព?


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បណ្តា​ជន​ខ្មែរ សុទ្ធតែ​លើក​ឡើង​ស្រដៀង​គ្នា​ថា ការ​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​តាម​ខេត្ត​នានា មិន​សូវ​មាន​គុណភាព​ទេ ធៀប​នឹង​រាជ​ធានី​ភ្នំពេញ បើ​ទោះ​បី​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​មាន​នៅ​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ទៅ​ហើយ​ក្តី។
បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ រូបភាព៖ ហ្វេសប៊ុក PNN TV
ដោយ

គុណភាព​អប់រំ​នៅ​ពេល​នេះ គឺ​សំដៅ​ដល់​សមត្ថភាព​របស់​និស្សិត​ជា​មធ្យម នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការ​សិក្សា​ទទួល​សញ្ញា​បត្រ​នោះ។ 

តើ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​គុណភាព​និស្សិត​នៅ​តាម​ខេត្ត​ប្រៀប​មិន​បាន​នឹង​គុណភាព​និស្សិត​នៅ​រាជ​ធានី​ភ្នំពេញ?

រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​បណ្ឌិត ហង់ ជួនណារ៉ុន បាន​ពន្យល់​ថា មាន​មូលហេតុ​ច្រើន​ដែល​នាំ​ឲ្យ​គុណភាព​គ្រឹះស្ថាន​ឧត្ដម​សិក្សា​តាម​ខេត្ត​មិន​ទាន់​អាច​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ការងារ​ថ្នាក់​មធ្យម​និង​ខ្ពស់​បាន។ 

មូលហេតុ​ចម្បងៗ​ទាំង​នោះ រួមមាន ធនធាន​មនុស្ស​របស់​គ្រឹះស្ថាន​សិក្សា ធនធាន​សម្ភារៈ ព្រមទាំង​កត្តា​និស្សិត​ខ្លួន​ឯង។

១) ធនធាន​​មនុស្ស​​របស់​​គ្រឹះស្ថាន​​សិក្សា

គ្រឹះស្ថាន​​ឧត្តម​​សិក្សា​ទាំងរដ្ឋ ទាំង​ឯកជននៅតាមបណ្តាខេត្ត ទាំងអស់មិន​មាន​លទ្ធភាព​ជួល​គ្រូ​បង្រៀន​ដែល​មាន​សញ្ញា​បត្រ​ខ្ពស់ៗ​ទៅ​បង្រៀន​ឡើយ ព្រោះ​ថវិកា​មិន​គ្រប់។ សាស្ត្រាចារ្យ​ថ្នាក់​បណ្ឌិត​ឬ​អនុ​បណ្ឌិត ត្រូវការ​ប្រាក់​ឈ្នួល​ថ្លៃ បើ​ធៀប​នឹង​គ្រូ​បង្រៀន​ដែល​មាន​សញ្ញាបត្រ​ត្រឹម​បរិញ្ញា​បត្រ។ 

ប្រការ​ទាំង​នេះ​ហើយ ទើប​គ្រឹះស្ថាន​តាម​ខេត្ត​អនុវត្ត​យុទ្ធសាស្ត្រ​អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ។ល។ និង​​ការ​បណ្តុះ​បណ្តាល​បន្ថែម​ដល់​សាស្ត្រាចារ្យ ការ​ផ្តល់​ឱកាស​ឲ្យ​សិក្សា​ស្រាវជ្រាវ ធ្វើ​បទ​បង្ហាញ​នានា សុទ្ធ​តែ​មិន​សូវ​សម្បូរ​ដូច​ទីក្រុង។ ធនធាន​បណ្តុះ​បណ្តាល​មិន​សូវ​ខ្លាំង​បង្ហាត់​និស្សិត​មិន​សូវ​ពូកែ​នាំ​ឲ្យ​លទ្ធផល​ក៏​មិន​សូវ​បាន​ល្អ។

និស្សិត​នៅ​ទីក្រុង​មាន​ធនធាន​សិក្សា​ល្អ​ជាង ទំនើប​ជាង និង​សម្បូរ​បែប​ជាង​និស្សិត​រៀន​នៅខេត្ត។

២) ធនធាន​សម្ភារៈ៖ 

ការ​សិក្សា​ត្រូវ​ពឹង​ផ្អែក​សំខាន់​លើ​សម្ភារៈ​ឧបទ្ទេស​សម្រាប់​បង្រៀន​និង​រៀន ការ​សិក្សា​ស្រាវជ្រាវ​ទាំង​លើ​សៀវភៅ​ឯកសារ និង​ប្រព័ន្ធ​អេឡិចត្រូនិក​ជាដើម។ បើ​និយាយ​ផ្នែក​នេះ នៅ​តាម​ខេត្ត​គឺ​ខ្សត់​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​និស្សិត​រៀន​បាន​ត្រឹម​តែ​ទ្រឹស្តី​មិន​សូវ​បាន​អនុវត្ត។ 

តាម​វិទ្យាស្ថាន តាម​សកល​វិទ្យាល័យ​រដ្ឋ​និង​ឯកជន​តាម​ខេត្ត បណ្តុះ​បណ្តាល​បាន​តែ​មុខ​ជំនាញ​ដែល​មិន​ចាំបាច់​ប្រើប្រាស់​សម្ភារៈ​សម្រាប់​ពិសោធន៍។ ជំនាញ​ទាំង​នោះ​គឺ​សំបូរ​ស្រាប់​ទៅ​ហើយ​រួមមាន៖ធនាគារ ហិរញ្ញវត្ថុ ទីផ្សារ និង​គ្រប់គ្រង​ជាដើម។ 

បើ​ជំនាញ​បច្ចេកទេស​ដូចជា​វិស្វករ​សំណង់ វេជ្ជសាស្ត្រ ឬ អេឡិចត្រូនិក ជាដើម សុទ្ធតែ​ត្រូវការ​ធនធាន​សម្ភារៈ​ច្រើន ហើយ​គ្រឹះស្ថាន​តាម​ខេត្ត​មួយ​ចំនួន​ធំ​មិន​ហ៊ាន​បណ្តុះ​បណ្តាល​តែ​ម្តង។

គុណភាព​អប់រំ ក៏​អាស្រ័យ​លើ​កត្តា​និស្សិត​ខ្លួនឯង​ផងដែរ។

៣) កត្តានិស្សិត៖ 

និស្សិត​មួយ​ចំនួនធំ​មាន​ជីវភាព​ខ្វះខាត អ្នក​ខ្លះ​គ្រាន់​តែ​រៀន​នៅ​ខេត្ត​ដើម្បី​បង្រ្គប់​សញ្ញា​បត្រ​សម្រាប់​យក​ទៅ​បំពេញ​ការងារ​រដ្ឋ​ឬ​ឯកជន​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត កង្វះ​ការ​ប្រកួត​ប្រជែង កង្វះ​កន្លែង​ធ្វើការ កង្វះ​កន្លែង​ហាត់ការ សុទ្ធតែ​មិន​អំណោយ​ផល​សម្រាប់​ការ​សិក្សា​របស់​និស្សិត ឬ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​នៅ​ខេត្ត​ខិតខំ​រៀន។ 

លោក​បណ្ឌិត ហង់ ជួនណារ៉ុន បន្ថែម​ថា រាជ​រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​បង្កើន​សមត្ថភាព​បន្ថែម​ទៀត​ តាំង​ពី​គោលនយោបាយ រហូត​ដល់​ការ​អនុវត្ត​ជាក់​ស្តែង ទើប​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។

ក្រៅ​ពី​មូលហេតុ​ទាំង​នេះ រយៈពេល​កន្លង​ទៅ មាន​គ្រឹះស្ថាន​សិក្សា​ឯកជន​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ដូចជា ខេត្ត​កំពត កំពង់ចាម បាត់ដំបង សៀមរាប បាន​ក្ស័យ​ធន បិទ​សាលា ធ្វើ​ឲ្យ​និស្សិត​បាក់​ទឹក​ចិត្ត ខាត​បង់​ថវិកា និង​ពេល​វេលា ហើយ​ពិបាក​រក​ការងារ​ធ្វើ។ 

និស្សិត​ទាំង​នោះ​ពិបាក​ផ្ទេរ​ឈ្មោះ​ទៅ​រៀន​សាលា​ផ្សេង រហូត​អ្នក​ខ្លះ​បោះបង់​ការ​សិក្សា​ថែម​ទៀត។ ពួក​គេ​ក៏​មិន​បាន​ទទួល​សំណង​ណា​មួយ​ពី​សង្គម​ដែរ ខណៈ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​សាលារៀន​ឯកជន​បោក​ប្រាស់​ផង​ក៏​មាន។

ទន្ទឹម​នឹង​ការ​លើក​ឡើង​បែប​នេះ របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ធនាគារ​ពិភព​លោក ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​ដែល​ចាយ​ថវិកា​តិច​ជាង​គេ​លើ​វិស័យ​អប់រំ ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន រួមមាន៖  ថៃ ឡាវ វៀតណាម ជាដើម។ 

ហើយ​ក្នុង​ចំណោម​ថវិកា​ដែល​ចាយ​លើ​វិស័យ​អប់រំ​នេះ គឺ​កម្ពុជា​ចាយ​លើ​ការ​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា​តិច​ជាង​គេ បើ​ធៀប​នឹង​ចំណាយ​ថវិកា​រដ្ឋ​លើ​ថ្នាក់​មធ្យម​​សិក្សា​និង​ថ្នាក់​បឋម​សិក្សា ប្រការនេះ​មក​ពី​រដ្ឋ​ប្រគល់​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​ភាគ​ច្រើន​ឲ្យ​ទៅ​វិស័យ​ឯកជន។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុទ្ធ បញ្ជាក់​ថា គុណភាព​អប់រំ​នៅ​ថ្នាក់​ឧត្តម​សិក្សា​នៅ​តាម​ខេត្ត​ ពិត​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ។ លោក​ថា អ្វី​ដែល​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ខ្លាច​និស្សិត​ដែល​រៀនចប់​មក​ហើយ​ធ្វើការ​ត្រូវ​ជំនាញ​ហើយ តែ​ធ្វើ​មិន​កើត។ 

លោក​ឧទាហរណ៍​ថា បើ​រៀន​ចប់​គណនេយ្យ​ ហើយ​មិន​ចេះ​ធ្វើ​បញ្ជី​ចំណូល​ចំណាយ​ផង យក​ទៅ​ធ្វើ​អី​កើត បើ​រៀនចប់​អក្សរ​សាស្រ្ត​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រូវ​ផង​ធ្វើ​យ៉ាង​ម៉េច?

លោក​ថា ដំណោះស្រាយ​ចាំបាច់​សម្រាប់​បង្កើន​គុណភាព​លើ​វិស័យ​អប់រំ​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចាំបាច់​ រដ្ឋ​អាច​នឹង​ពិចារណា​បង្កើន​ចំណាយ ពង្រឹង​ប្រសិទ្ធភាព​នៃ​ចំណាយ​លើ​គ្រប់​ផ្នែក​ទាំងអស់។

សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ ត្រឹម​ឆ្នាំ​២០១៣ បង្ហាញ​ថា គ្រឹះស្ថាន​ឧត្តម​សិក្សា​សរុប​មាន​ចំនួន ៩៥ ក្នុង​នោះ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​របស់​រដ្ឋ មាន​ចំនួន ៣៦ និង​ឯកជន​ចំនួន ៥៩ ដោយ​មាន​និស្សិត​ថ្នាក់​ឧត្តម​សិក្សា​សរុប​ជាង ២​សែន​នាក់៕

None



អត្ថបទបន្ទាប់


អគារ​ពាណិជ្ជកម្ម​និង​លំនៅ​ដ្ឋាន​ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​នឹង​បើក​ដំណើរការ​​នៅ​ឆ្នាំ​ក្រោយ

គិត​​ចាប់​​តាំ​ង​​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​រយៈពេល ៤​ខែ​ដំបូង​នៃ​ឆ្នាំ​​២០១៧​នេះ អគារ​​ខ្ពស់ៗ​ចាប់​ពី ៥​ជាន់​ឡើង​ទៅ សរុប​មាន​ប្រ…

ថៅកែ​ត្រី​សាល់ម៉ុន​​ចែករំលែក​គន្លឹះ​៥​យ៉ាង​ដល់​សហគ្រិន

លោក ម៉ៅ វុត្ថា ត្រូវ​បាន​គេ​ស្គាល់ថា ជា​អ្នក​​នាំ​ចូល​និង​ចែកចាយ​ត្រី​សាល់ម៉ុន​ស្រស់​ ពី​ក្រៅ​ប្រទេស​ មក​លក់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ