

ការស្រោចស្រព អាចជួយឲ្យម្ចាស់ចម្ការទទួលបានដំណាំមានសុខភាពល្អ លូតលាស់ស្មើគ្នា (Uniformity) ធន់ទ្រាំនឹងជំងឺ ទទួលបានទិន្នផលខ្ពស់ កសិផលមានគុណភាពល្អ កាត់បន្ថយការចំណាយ សន្សំសំចៃទឹក និងកម្លំាងពលកម្ម ជាពិសេសកម្លាំងពលកម្មសម្រាប់ស្រោចដំណាំ និងដាក់ជី ព្រោះថាម្ចាស់ចម្ការអាចដាក់ជីដែលរលាយក្នុងទឹក ១០០% តាមប្រព័ន្ធស្រោចស្រពដោយមិនបាច់ប្រើកម្មករដើរដាក់ជីផ្ទាល់តាមគុម្ពដំណាំនោះទេ។

តួយ៉ាង អ្នកនាង ស្រីពេញ ដែលជាប្រធានគ្រប់គ្រងចម្ការ Baby Bird នៅក្នុងខេត្តកែប ការរៀបចំប្រព័ន្ធស្រោចស្រពដំណាំ ក៏ដូចជាការរចនាប្លង់ដាំដុះតាមបែបបច្ចេកវិទ្យា បាននាំអត្ថប្រយោជន៍ជាច្រើន សម្រាប់ចម្ការរបស់គាត់។

អ្នកនាង ស្រីពេញ ប្រធានគ្រប់គ្រងចម្ការ Baby Bird៖ «ពេលដែលយើងអត់ទាន់ប្រើ យើងជួលកម្លាំងពលកម្មច្រើននៅក្នុងការរែកទឹកស្រោច ។ នៅពេលដែលយើងដំឡើងប្រព័ន្ធទឹក យើងមានបុគ្គលិកយើងតែម្នាក់ ឬ ពីរនាក់ទេ គាត់បើកទឹកហើយ គាត់ដើរមើលទុយោ។ កម្លាំងរបស់យើង គឺយើងសន្សំសំចៃបានច្រើន ហើយទាក់ទងនឹងទឹក យើងកាត់បន្ថយការប្រើប្រាស់ទឹកច្រើន» ។
ចម្ការដែលអ្នកនាង ស្រីពេញ គ្រប់គ្រងមានទំហំ ជាង ៩០ ហិចតា ហើយគាត់បានរៀបចំប្រព័ន្ធស្រោចស្រប់ទំនើបតាមរយៈក្រុមហ៊ុនហ្គ៊េនស៍បានជាង ៥០ ហិចតាទៅហើយ។ អ្នកជំនាញបានឲ្យដឹងថា ការរៀបចំប្រព័ន្ធស្រោចស្រព និងការរចនាប្លង់ដាំដុះតាមបែបបច្ចេកវិទ្យា អាចជួយជម្រុញដល់ការលូតលាស់របស់ដំណាំ ទិន្នផល និងគុណភាពរបស់ដំណាំផងដែរ ហើយក៏សន្សំសំចៃបានច្រើនទៀត។


លោក ហេង ភារម្យ ដែលជាប្រធានក្រុមបច្ចេកទេសប្រព័ន្ធស្រោចស្រពនៃក្រុមហ៊ុនហ្គ៊េនស៍ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ និងរៀបចំប្រព័ន្ធស្រោចស្រពនៅកម្ពុជា បានថ្លែងថា ការរៀបចំប្លង់ និងប្រព័ន្ធស្រោចស្រពឲ្យបានសមស្រប ដែលបានគណនាត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ជាពិសេស ប្រើបច្ចេកវិទ្យាពីប្រទេស ដែលមានកសិកម្មជឿនលឿន ដូចជាអ៊ីស្រាអែល អូស្ត្រាលីជាដើម នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ដំណាំ និងមានលក្ខណៈខុសគ្នាដាច់ ជាមួយការតតម្លើងប្រព័ន្ធទឹក ដែលកសិកររៀនតពីគ្នា មិនមានការគណនាប្លង់ត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ហើយជាទូទៅប្រើមិនកើត ប្រើមិនបានយូរ និងម្ចាស់ចម្ការត្រូវចំណាយច្រើនលើការថែទាំ ជួសជុល ហើយខាតពេលវេលា និង ងាប់ដំណាំជាដើម។
លោកបានឲ្យដឹងថា ការរៀបចំប្រព័ន្ធស្រោចស្រពតាមបែបបច្ចេកវិទ្យា ជួយធ្វើឲ្យដំណាំ មានសុខភាពល្អ កាត់បន្ថយការប្រើប្រាស់ទឹក និងជីថ្នាំកសិកម្ម កាត់បន្ថយហានិភ័យនៃការកកើតជំងឺ សន្សំសំចៃពេលវេលា និងប្រាក់កាស កាត់បន្ថយស្មៅ និងធ្វើឲ្យចម្ការមានសោភ័ណភាពថែមទៀតផង។
លោក ហេង ភារម្យ៖ «ឥឡូវនេះ បងប្អូនកសិកររបស់យើងមានចម្ការផ្ទៃដី ធំៗ ណាស់ ។ ដូច្នេះ ប្រសិនបើនៅតែបន្តការធ្វើកសិកម្មបែបបុរាណ ការស្រោចស្រពបែបបុរាណ ការប្រើកម្លាំងពលកម្ម គឺខាតពេលវេលាច្រើន ហើយថវិកាក៏ខាតច្រើន គាត់ត្រូវចំណាយថវិកាច្រើន។ មួយវិញទៀត កម្លាំងពលកម្ម កម្លាំងពលកម្មត្រូវការច្រើនណាស់» ។

រហូតមកទល់នឹងពេលនេះ ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ កំពុងងាកទៅរកបច្ចេកទេសកាន់តែប្រសើរ ក្នុងការប្រកបរបរកសិកម្មរបស់ខ្លួន រាប់បញ្ចូលទាំងការរៀបចំប្រព័ន្ធស្រោចស្រពដែលបានគណនា គូសប្លង់ដោយអ្នកជំណាញ តាមបែបបច្ចេកវិទ្យា ពិសេសងាកមកប្រើប្រាស់ផលិតផលដែលមានគុណភាព និងបច្ចេកវិទ្យាទំនើបៗ។

អ្នកនាង ស្រីពេញ កំពុងតែទន្ទឹងរង់ចាំការប្រមូលផលលើកដំបូង នៅក្នុងចម្ការដែលគាត់គ្រប់គ្រង ហើយក៏គ្រោងនឹងពង្រីកចម្ការ ក៏ដូចជាការរៀបចំប្រព័ន្ធស្រោចស្រពបន្ថែមទៀត ។
អ្នកនាង ស្រីពេញ៖ «យើងកំពុងរៀបចំមើលថា តើដំណាំដែលយើងដាំសព្វថ្ងៃនេះ តើវានឹងផ្ដល់ផលឲ្យយើងដូចម្តេច។ ដូចករណីរាល់ថ្ងៃនេះ យើងឃើញថា ដំណាំរបស់យើងលូតលាស់បានល្អហើយ ប្រសិនបើដំណាំមួយហ្នឹងលូតលាស់បានល្អ ហើយទីផ្សារអំណោយផល យើងនឹងធ្វើការពង្រីកផ្ទៃដីបន្ថែមទៀត ដើម្បីដាំដុះ ហើយយើងក៏គ្រោងនឹងរៀបចំប្រព័ន្ធទឹកបន្ថែមទៀតដែរ» ៕