ការលើកទឹកចិត្តបែបនេះ ក៏ដោយសារមុខជំនាញនេះមិនត្រឹមតែអាចទទួលបានប្រាក់ឈ្នួលខ្ពស់នោះទេ ថែមទាំងមានឱកាសការងារខ្ពស់នៅតាមក្រុមហ៊ុនឯកជន ក៏ដូចជាក្លាយជាមន្ត្រីក្របខណ្ឌនៅតាមក្រសួងស្ថាប័នរដ្ឋផងដែរ។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូនលើកទឹកចិត្តឲ្យសិស្សនិស្សិត ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចាប់យកជំនាញសាធារណការសម្រាប់ការសិក្សាបន្តនៅថ្នាក់បរិញ្ញាបត្រ ព្រោះមុខជំនាញនេះមានឱកាសទទួលបានការងារខ្ពស់ទាំងនៅក្រុមហ៊ុនឯកជន និងក្រសួងស្ថាប័នរដ្ឋ។ គោលបំណងចម្បងមួយទៀត គឺក្រសួងសាធារណការ និងដឹកជញ្ជូនចង់ឲ្យកម្ពុជាមានធនធានវិស្វករលើជំនាញសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែសម្បូរបែប ដើម្បីចូលរួមអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ព្រោះកន្លងមករាល់គម្រោងអភិវឌ្ឍន៍សាធារណការ ហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ធំៗនៅកម្ពុជាភាគច្រើន គឺប្រើប្រាស់វិស្វករបរមកពីបរទេស។
ជាមួយគ្នានេះឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនអះអាងថា វិស័យដឹកជញ្ជូនផ្លូវគោកបានរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពោលគឺបានរួមចំណែកប្រមាណ៩០% នៃការដឹកជញ្ជូនសរុបនៅកម្ពុជា។ ទោះយ៉ាងណា វិស័យនេះនៅតែជួបនូវបញ្ហាប្រឈមមួយចំនួនដូចជាកង្វះធនធាន លិខិតបទដ្ឋានគតិយុត្តិ និងឯកសារជំនាញបច្ចេកទេសផ្សេងៗ ដែលទាំងនេះទាមទារឲ្យកម្ពុជាត្រូវអភិវឌ្ឍន៍ធនធានឲ្យបានច្រើន និងមានគុណភាព ដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើន។ សម្រាប់ឯកឧត្តមឱកាសការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាមានភាពទូលំទូលាយណាស់ទាំងនៅក្រសួងស្ថាប័នរដ្ឋ និងឯកជន ហើយតម្រូវការធនធានមានសមត្ថភាពលើវិស័យនេះនឹងមានការកើនឡើងខ្ពស់នាពេលអនាគត។
ជាមួយគ្នានេះឯកឧត្តម ហេង រ័ត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកវិស័យផ្លូវថ្នល់ជាសរស្តម្ភនៃការជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះការសិក្សាលើជំនាញសាធារណការ គឺជាឱកាសរបស់យុវជនក្នុងការរួមចំណែកជួយអភិវឌ្ឍន៍វិស័យសាធារណការនៅកម្ពុជា និងឱកាសទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហឿន សំនៀង កត្តាដែលជំរុញឲ្យរាជរដ្ឋាភិបាលបង្កើតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនឡើង គឺដើម្បីបណ្តុះបណ្តាលជំនាញសាធារណការ និងដឹកជញ្ចូនដល់យុវជនកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា ក៏ដូចជាត្រៀមឆ្លើយតបនឹងតម្រូវការធនធានមនុស្សក្នុងវិស័យសាធាណការនាពេលបច្ចុប្បន្ន និងទៅអនាគត។ ការកាត់បន្ថយការប្រើប្រាស់វិស្វករជំនាញជនបរទេសក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក៏ស្ថិតក្នុងគោលដៅនៃការបង្កើតវិទ្យាស្ថាននេះផងដែរ៕