ក្រសួងរ៉ែ និងថាមពល

ក្រសួងរ៉ែ និងថាមពលនឹងផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងស្រុកមួយ ជាអ្នករុករកធនធានរ៉ែនៅខេត្តកំពត


មកទល់ពេលនេះក្រសួងរ៉ែ និងថាមពល បានបញ្ចប់ការសិក្សាវាយតម្លៃសមត្ថភាព បច្ចេកទេស និងធនធានរបស់ក្រុមហ៊ុនមួយ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតហើយ។ ក្រោយការសិក្សារួចឃើញថា ក្រុមហ៊ុនក្នុងស្រុកមួយនេះមានសមត្ថភាព បច្ចេកទេស និងធនធានគ្រប់គ្រាន់ ដើម្បីធ្វើការលើកិច្ចការនេះ ហើយក្រសួងរ៉ែ និងថាមពល នឹងចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងរ៉ែ និងថាមពលនឹងផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនក្នុងស្រុកមួយ ជាអ្នករុករកធនធានរ៉ែនៅខេត្តកំពត

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពលអះអាងថា ការផ្តល់អាជ្ញាបណ្ណស្វែងរុកនេះ មិនមែនមានន័យថា ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណនោះនឹងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅដីសម្បទាន១៥០ហិកតានៅខេត្តកំពតនោះទេ ពោលគឺក្រុមហ៊ុនអាចនឹងបោះបង់ការផលិតប្រសិន​បើការរុករកចេញលទ្ធផលមកមិនមានសក្តានុពលគ្រប់គ្រាន់។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ថា គណៈកម្មការជំនាញនៃក្រសួងរ៉ែ និងថាមពលបានសិក្សាវាយតម្លៃលើក្រុមហ៊ុន WH Resources ដែលជាក្រុមហ៊ុនតែមួយគត់​ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកធនធានរ៉ែបម្រើឲ្យការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតរួចហើយ​។ តាមរយៈលទ្ធផលសិក្សាវាយតម្លៃកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គណៈកម្មការជំនាញនៃក្រសួងរ៉ែ និងថាមពលបានវាយតម្លៃថា ក្រុមហ៊ុនក្នុងស្រុកមួយនេះ​មានសក្តានុពលគ្រប់គ្រាន់ទាំងបច្ចេកទេស និងធនធានក្នុងការធ្វើកិច្ចការមួយនេះ។ ថ្នាក់ដឹកនាំរូបនេះអះអាងថា ក្រសួងរ៉ែ និងថាមពលនឹងផ្តល់​អាជ្ញាបណ្ណ​ស្វែងរុករកធនធានរ៉ែបម្រើ​ឲ្យ​ការផលិតស៊ីម៉ង់ត៍នៅខេត្តកំពតឲ្យ​ក្រុមហ៊ុននេះក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលវេលានៃការរុករក​មិនទាន់ត្រូវបានបញ្ជាក់លម្អិតនៅឡើយទេ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា ក្រោយក្រសួងរ៉ែ និងថាមពល​ប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែមួយ​នៅកន្លែងនៅខេត្តកំពតមានក្រុមហ៊ុនចំនួន៥បានមកទទួលពាក្យស្នើសុំ តែមានតែក្រុមហ៊ុនមួយប៉ុណ្ណោះ ដែលបានដាក់ពាក្យស្នើសុំស្វែងរុករកជាផ្លូវការមកក្រសួងរ៉ែ និងថាមពល។ ចំណែកក្រុមហ៊ុន៤ផ្សេងទៀតមិនបានដាក់ពាក្យមកនោះទេ។

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែរូបនេះអះអាងថា ទោះបីក្រុមហ៊ុនខាងលើទទួលបានអាជ្ញាបណ្ណស្វែងរុករកពីក្រសួងក៏ពិតមែន តែមិនប្រាកដថា ក្រុមហ៊ុននេះអាចឈានទៅបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅតំបន់នោះបាននោះទេ ពោលគឺក្រុមហ៊ុននេះអាចបោះបង់គម្រោងនេះចោលវិញ ប្រសិនបើការស្វែងរកបង្ហាញថា តំបន់នោះគ្មានសក្តានុពលធនធានរ៉ែគ្រប់គ្រាន់អាចឈានទៅបង្កើតរោងចក្របាន។ ប៉ុន្តែបើតាមការសិក្សាវាយតម្លៃបឋមរ​បស់មន្ត្រីជំនាញនៃក្រសួងរ៉ែ​ និងថាមពលបង្ហាញថា តំបន់សម្បទានដែលក្រសួងប្រកាសបើកនោះមានសក្តានុពលខ្ពស់សម្រាប់បម្រើឲ្យការផលិតស៊ីម៉ង់ត៍។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកតំបន់សម្បទានស្វែងរុករករ៉ែមួយកន្លែងទំហំ១៥៥ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តាល នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ការបើកតំបន់សម្បទាននេះ ធ្វើឡើងក្រោយក្រសួងមើលឃើញពីតម្រូវការប្រើប្រាស់ស៊ីម៉ង់ត៍នៅក្នុងស្រុកចេះតែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំបច្ចុប្បន្នការផលិតស៊ីម៉ង់ត៍ក្នុងស្រុកមិនទាន់អាចឆ្លើយតបនឹងតម្រូវការ។ កត្តានេះបានជំរុញឲ្យកម្ពុជាត្រូវនាំចូលស៊ីម៉ង់ត៍ពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៥ ដែលមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានជាង៩លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជាមានតម្រូវការស៊ីម៉ង់ត៍សម្រាប់ប្រើប្រាស់ប្រមាណ១៤លានតោនក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


ហេតុអ្វីនិស្សិតគួររៀនជំនាញសាធារណការ?

ព័ត៌មាន
ស្របពេលសិស្សនិស្សិត ដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)កំពុងស្វែងរកមុខជំនាញសម្រាប់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ថ្នាក់ដឹកន…

តើការបើកដំណើរការប្រទេសឡើងវិញរបស់ចិននឹងជួយជំរុញកំណើនសេដ្ឋកិច្ចសាកល ឬយ៉ាងណា?

ព័ត៌មាន
ការបិទខ្ទប់ប្រទេសចិន និងការប្រើប្រាស់គោលនយោបាយសូន្យកូវីដ១៩ កន្លងមក បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចសាកល ប៉ុន្តែបន្ទាប់ពីរដ្ឋាភិបាលក្រុងប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ