លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នការប្រើប្រាស់រថយន្តប្រភេទកូនកាត់ ឬហៅថា រថយន្ដHybrid នៅប្រទេសកម្ពុជាហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយទេ ដោយសារតែរថយន្តប្រភេទនោះ មានតម្លៃខ្ពស់គួសម ជាងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈទូទៅ។
ទោះយ៉ាងណា លោក ងន សាំង គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលគួរមានតែមានការបន្ធូរបន្ថយលើពន្ធនាំចូលរថយន្តប្រភេទ Hybrid នេះ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋមានការប្រើប្រាស់នូវរថយន្តប្រភេទនេះឲ្យបានច្រើន ដ្បិតថាវាចំណាយតិចក្នុងការប្រើប្រាស់ និងជួយកាត់បន្ថយការបំណុលបរិយាកាស។
ជាមួយគ្នានេះ បណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា គូសបញ្ជាក់ថា ប្រសិនបើរដ្ឋមានការបន្ធូរបន្ថយពន្ធលើការនាំចូលរថយន្ដ Hybrid មែននោះ គឺពិតជាអាចជួយសម្រួលដល់ប្រជាពលរដ្ឋឲ្យមានលទ្ធភាពក្នុងការប្រើប្រាស់រថយន្ដកាន់តែច្រើន ហើយសម្រួលដល់ការចំណាយក្នុងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តរូបនេះបន្តថា ការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid នេះ គឺការលើកកម្ពស់ភាពប្រកួតប្រជែងជាមួយរថយន្តប្រភេទចាស់ៗដែលប្រើប្រាស់ប្រេងឥន្ទនៈទូទៅ ដែលរថយន្ដទាំងនេះបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ហើយបណ្ដាប្រទេសជាច្រើនលើពិភពលោកក៏លើកទឹកទឹកចិត្តពលរដ្ឋឲ្យប្រើប្រាស់រថយន្ដ Hybrid នេះដែរ។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើសុំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព លើការសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទHybrid ឲ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ ផងដែរ។
តាមរបាយការណ៍គយបង្ហាញថា ការប្រមូលចំណូលពន្ធ អាករ លើផលិតផលយានយន្ដ និងគ្រឿងចក្រសម្រេចបានជាង៩០០លានដុល្លារ ដែលមានប្រមាណជាង ៤៧% នៃចំណូលពន្ធសរុបដែលមានជាង ២ពាន់លានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២៕