ប្រទេសរណបរុស្សី បេឡារុសបើកដៃកងទ័ពរុស្សី៩ពាន់នាក់ឈរជើងក្នុងប្រទេស!

បេឡារុសបើកទ្វារប្រទេសឲ្យកងទ័ពរុស្សី៩ពាន់នាក់ឈរជើង ខណៈយោធាម៉ូស្គូកំពុងទប់ទល់ជាមួយអ៊ុយក្រែនយ៉ាងខ្លាំងក្លានៅតំបន់ដុនបាស


ក្រសួងការពារជាតិបេឡារុសបានគូសបញ្ជាក់ថា ទាហានរុស្សីប្រមាណ៩ពាន់នាក់នឹងត្រូវឈរជើងក្នុងប្រទេសក្បែរខាងអ៊ុយក្រែន ដើម្បីបង្កើតជា «ក្រុមយោធាតំបន់រួម» រវាងប្រទេសទាំងពីរ ដើម្បីការពារព្រំដែនរបស់ខ្លួន ខណៈដែលយោធាម៉ូស្គូបានឲ្យដឹងដែរថា ខ្លួនបានវាយរុញច្រានកងកម្លាំងអ៊ុយក្រែនមិនឲ្យរុលទៅមុខក្នុងខេត្តជាច្រើននៃតំបន់ដុនបាសផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
បេឡារុសបើកទ្វារប្រទេសឲ្យកងទ័ពរុស្សី៩ពាន់នាក់ឈរជើង ខណៈយោធាម៉ូស្គូកំពុងទប់ទល់ជាមួយអ៊ុយក្រែនយ៉ាងខ្លាំងក្លានៅតំបន់ដុនបាស

ប្រធាននាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិរបស់ក្រសួងការពារជាតិបេឡារុស បានសរសេរនៅលើគណនេយ្យ ថ្វីតធើរបស់ខ្លួនថា "រថភ្លើងយោធាដំបូងជាមួយទាហានរុស្ស៊ីដែលជាផ្នែកមួយនៃក្រុមយោធារួម បានចាប់ផ្តើមមកដល់ប្រទេសបេឡារុសហើយ ដែលមានចំនួនប្រមាណ៩ពាន់នាក់»។

វត្តមានយោធាវិមានក្រឹមឡាំងដែលបាននិងកំពុងប្រមូលផ្តុំក្នុងប្រទេសក្បែរខាងអ៊ុយក្រែននេះ គឺកើតឡើងបន្ទាប់ពីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko កាលពីសប្តាហ៍មុនបាននិយាយថា លោកនឹងអនុញ្ញាតឲ្យកងទ័ពរុស្ស៊ី រួមទាំងយោធារបស់បេឡារុស ដាក់ពង្រាយនៅតាមព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន ដោយលោក Alexander លើកឡើងថា មានការគំរាមគំហែងផ្នែកសន្តិសុខពីសំណាក់ទីក្រុងកៀវ និងប្រទេសលោកខាងលិច ចំពោះប្រទេសរបស់លោក។

ទន្ទឹមគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យទី ១៦ខែតុលាថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានកងទ័ពអ៊ុយក្រែនវិញ នៅសមរភូមិជួរមុខដូចជាតំបន់ Donetsk, Kherson និងតំបន់ Mykolaiv ដែលមើលទៅភាគីទាំងសងខាងហាក់ប្រមូលផ្តុំកម្លាំង និងបើកការវាយប្រយុទ្ធគ្នាខ្លាំងក្លាសាជាថ្មី ក្រោយរុស្ស៊ីបាក់ទ័ព និងបានដកថយជាបន្តបន្ទាប់កាលពីពេលកន្លងទៅ។

ក្នុងនោះដែរ ទីក្រុងម៉ូស្គូបានអះអាងថា ខ្លួនកំពុងបន្តធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើគោលដៅយោធា និងថាមពលក្នុងប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមានគោលដៅជាក់លាក់។

យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃទី ១៦ ខែតុលាថា ការប្រយុទ្ធគ្នាឥតត្រាប្រណីរវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងកើតឡើងនៅជុំវិញទីក្រុងចំនួនពីរនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន គឺទីក្រុង Bakhmut និង Soledar ។

មែនទែនទៅ ការប្រយុទ្ធគ្នាដែលមានសភាពធ្ងន់ធ្ងរជាពិសេសនៅចុងសប្តាហ៍នេះនៅក្នុងខេត្តេ Donetsk និង Luhansk ឬតំបន់ Donbas ព្រមទាំងខេត្ត Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះ បានធ្វើឲ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះខេត្តទាំងបីនេះសុទ្ធសឹងតែលោក ពូទីន បានកាត់បញ្ចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី បើទោះបីសហគមន៍អន្តរជាតិបានធ្វើការថ្កោលទោស និងមិនព្រមទទួលស្គាល់ពីប្រទេសលោកខាងលិចក៏ដោយ។

ដោយឡែក អ្នកវិភាគយោធាអ៊ុយក្រែន លោក Oleh Zhdanov បានលើកឡើងថា ការប្រយុទ្ធគ្នាពេញទីកំពុងធ្វើឡើងនៅភាគខាងជើងនៃទីក្រុង Bakhmut នៃខេត្ត Donetsk ដោយលោកមើលឃើញថា កងកម្លាំងអ៊ុយក្រែនកំពុងមានប្រៀបជាងរុស្ស៊ីក្នុងរយៈ២៤ម៉ោងចុងក្រោយនេះ។

បើតាមអ្នកនាំពាក្យរបស់ទីបញ្ជាការយោធាអ៊ុយក្រែនភាគខាងត្បូងនៃប្រទេសបានគូសបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងទទួលរងការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃសម្ភារៈយោធារួមទាំងគ្រាប់រំសេវ ដែលជាលទ្ធផលនៃការខូតខាតដែលបណ្តាលមកពីការផ្ទុះបាក់ស្ពាន Kerch តភ្ជាប់រុស្សីទៅឧបទ្វីបគ្រីមៀ ដែលជាផ្លូវផ្គត់ផ្គង់សព្វាវុធយោធាឲ្យកងទ័ពរុស្ស៊ីស្ទើរតែ៧៥%ឯណោះ ដូច្នេះហើយកងទ័ពរបស់ទីក្រុងម៉ូស្គូនឹងមិនអាចធ្វើការវាយប្រហារខ្លាំងណាស់ណាទេនាពេលចុងក្រោយនេះ៕




អត្ថបទបន្ទាប់


ហេតុអ្វីក្រុមអ្នកជំនាញក្នុងឧស្សាហកម្មយានយន្ដស្នើរដ្ឋឲ្យជួយកាត់បន្ថយពន្ធលើរថយន្ដប្រភេទកូនកាត់ (Hybrid)?

ព័ត៌មាន
ចំពេលដែល ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិថាមពល និងការប្រែប្រួលអាកាសធាតុក្រុមអ្នកជំនាញក្នុងវិស័យយានយន្តនៅកម្ពុជាបានលើកទឹកចិត្តឲ្យរ…

អុ្នកជំនាញលើកឡើងហេតុផលពីរយ៉ាង ក្រោយប្រធានាធិបតីចិន ស៊ី ជីនពីង ប្តេជ្ញានឹងពង្រឹងសមត្ថភាពយោធាឲ្យកាន់តែខ្លាំងក្លា

ព័ត៌មាន
ផែនការពង្រឹងវិស័យយោធាបន្ថែមទៀតរបស់ប្រទេសចិន ដែលត្រូវបាននិយាយចេញពីមាត់របស់លោក ស៊ី ជីនពីង ផ្ទាល់តែម្តង អំឡុងពីធីបើកសមាជបក្សកុម្មុយនីស្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ