បើទោះបីជាសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល តែងបង្ហាញការប្រុងប្រយ័ត្នខ្ពស់ជុំវិញបញ្ហាកោះ ខាក ក៏ដោយ ប៉ុន្តែរបាយការណ៍ពីសារព័ត៌មាន Axios កាលពីចុងសប្តាហ៍មុន បានទម្លាយសម្តីមន្ត្រីម្នាក់របស់រដ្ឋបាលលោក ត្រាំ ថា ការគ្រប់គ្រងកោះ Kharg កំពុងស្ថិតនៅលើតុពិភាក្សា ខណៈសង្គ្រាមក្នុងតំបន់កំពុងឡើងកម្ដៅ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កោះនេះ មានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីដីគោកអ៊ីរ៉ង់។ យោងតាមរបាយការណ៍របស់ធនាគារ JP Morgan កោះ Kharg គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលទទួលបន្ទុកលើការនាំចេញប្រេងឆៅប្រមាណ៩០%របស់អ៊ីរ៉ង់ទៅកាន់ទីផ្សារពិភពលោក។
អ្នកជំនាញបានលើកឡើងថា កោះដែលមានទំហំត្រឹមតែ១ភាគ៣ នៃតំបន់ Manhattan របស់អាម៉េរិកមួយនេះ បើទទួលរងការវាយប្រហារដោយផ្ទាល់ វានឹងកាត់ផ្តាច់ការនាំចេញប្រេងរបស់អ៊ីរ៉ង់ភ្លាមៗ។ ទន្ទឹមនឹងនោះ វាក៏នឹងរុញច្រានឱ្យមានការសងសឹកយ៉ាងធ្ងន់ធ្ងរនៅច្រកសមុទ្រហ័រមូស ឬការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនានានៅទូទាំងតំបន់មជ្ឈិមបូព៌ាផងដែរ។
លោក ហ្វាហ្ស៊ីន ណាឌីមី (Farzin Nadimi) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Washington Institute for Near East Policy បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ការកំណត់គោលដៅលើកោះនេះ គឺជាទង្វើប្រថុយប្រថានបំផុត។ លោកបានពន្យល់ថា បើទោះបីជាវ៉ាស៊ីនតោនមានមហិច្ឆតាចង់គ្រប់គ្រងកោះនេះក៏ដោយ ប៉ុន្តែវាមិនមែនជាសកម្មភាពឈ្លាសវៃឡើយក្នុងអំឡុងពេលជាប់ដៃប្រយុទ្ធបែបនេះ។
មូលហេតុចម្បង គឺដោយសារតែកោះ Kharg ទាំងមូល ត្រូវបានគ្របដណ្តប់ដោយរចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមមាន រោងចក្រចម្រាញ់ បំពង់បង្ហូរ និងឃ្លាំងស្តុកប្រេងដ៏មហិមា ដែលងាយនឹងបង្កជាមហន្តរាយបរិស្ថាន និងសេដ្ឋកិច្ចពិភពលោក ប្រសិនបើមានការផ្ទុះឆេះកើតឡើង៕
អត្ថបទៈ សួន ឡង់ទី