ក្រុមហ៊ុន China Evergrande ដាក់ពាក្យសុំក្ស័យធននៅបុរីញូវយ៉កសហរដ្ឋអាមេរិក

ក្រុមហ៊ុន China Evergrande បានដាក់ពាក្យសុំក្ស័យធនទៅតុលាការនៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក


ក្រុមហ៊ុនចិន ឆាយណា អេវើក្រេន គ្រុប (China Evergrande Group) បានដាក់ពាក្យសុំក្ស័យធននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ដើម្បីស្វែងរកការការពារទ្រព្យសម្បត្តិរបស់ខ្លួនកុំឱ្យម្ចាស់បំណុលរឹបអូសយកនៅសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុននេះកំពុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុន China Evergrande ដាក់ពាក្យសុំក្ស័យធននៅបុរីញូវយ៉កសហរដ្ឋអាមេ រិក។
ដោយ

ការដាក់ពាក្យសុំក្ស័យធនរបស់ក្រុមហ៊ុន អេវើក្រេន នេះបានធ្វើឡើង នៅចំពេលមានការព្រួយបារម្ភចេះតែកើនឡើង ជុំវិញការជំពាក់បំណុលដ៏ច្រើនលើសលុបក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសចិន និងការឆ្ពោះទៅរកវិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅប្រទេសចិន។
ក្រុមហ៊ុន អេវើក្រេន បានដាក់ពាក្យសុំការការពារទ្រព្យសម្បត្តិរបស់ខ្លួនតាមជំពូកទី១៥ នៃច្បាប់ក្ស័យធន ដែលច្បាប់នេះអាចការពារក្រុមហ៊ុនបរទេសណា ដែលធ្វើប្រតិបត្តិការនៅលើទឹកដីអាមេរិក និងភាគីបរទេសពាក់ព័ន្ធផ្សេងៗទៀតនៅពេលពួកគេក្ស័យធន។ បើតាមពាក្យស្នើសុំក្ស័យធនរបស់ក្រុមហ៊ុននេះបានសរសេរថា ក្រុមហ៊ុនក៏កំពុងស្ថិតក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅក្នុងទីក្រុងហុងកុង និងនៅប្រជុំកោះខេម៉េន (Cayman) នៅប្រទេសអង់គ្លេសផងដែរ។

ក្រុមហ៊ុន អេវើក្រេន បានស្នើសុំឱ្យបើកសវនាការទទួលស្គាល់ពីការក្ស័យធននេះ សម្រាប់ថ្ងៃទី២០ ខែកញ្ញា ហើយបានបញ្ជាក់ទៀតថា កិច្ចប្រជុំជាមួយម្ចាស់បំណុលត្រូវបានកំណត់នៅថ្ងៃទី២៣ ខែសីហានៅក្នុងទីក្រុងហុងកុង ខណៈកាលពីថ្ងៃពុធ ទី១៦ ខែសីហា ក្រុមហ៊ុននេះបានប្រកាសពន្យារពេលកិច្ចប្រជុំជាមួយម្ចាស់បំណុលរបស់ខ្លួនទៅថ្ងៃទី២៨ ខែសីហាវិញ។
ក្រុមហ៊ុន អេវើក្រេន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំជាងគេទី២របស់ប្រទេសចិនបានខកខានសងបំណុលរបស់ខ្លួនតាំងពីឆ្នាំ២០២១ ហើយបញ្ហារបស់ក្រុមហ៊ុនក៏បានរុញឲ្យមានវិបត្តិអចលនទ្រព្យ ជះផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះបានខាតប្រាក់ចំនួន ៨១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ និង២០២២។
បើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំមួយនេះ មានបំណុលសរុបជាង ៣០០ពាន់លានដុល្លារ ដែលនៅក្នុងនោះបំណុលបរទេសមានចំនួនជាង៣១ពាន់លានដុល្លារ។
កាលពីខែមីនា ក្រុមហ៊ុន អេវើក្រេន និងក្រុមម្ចាស់បំណុលបរទេសរបស់ខ្លួនមួយក្រុមបានយល់ព្រមចំពោះផែនការរៀបចំរចនាសម្ព័ន្ធសងបំណុលឡើងវិញ ហើយនៅសប្ដាហ៍នេះដែរ ក្រុមហ៊ុនរថយន្តអគ្គិសនី New Energy Vehicle Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេវើក្រេន គ្រុប បានបង្ហាញសំណើរៀបចំរចនាសម្ព័ន្ធសងបំណុលឡើងវិញរបស់ខ្លួនដែលនឹងផ្តល់ឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ឌូបៃ NWTN នូវភាគហ៊ុនចំនួន២៨%៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាមេរិកយល់ព្រមបញ្ជូនយន្តហោះចម្បាំង F-16 ទៅពីសម្ព័ន្ធមិត្តដាណឺម៉ាក និងហូឡង់ ទៅឲ្យអ៊ុយក្រែន

ព័ត៌មាន
មន្ត្រីអាមេរិកពីររូបបានឱ្យសារព័ត៌មានអន្តរជាតិធំៗដឹថា រដ្ឋបាលលោកចូ បៃដិន បានសម្រេចអនុម័តជាផ្លូវការឱ្យប្រទេសសម្ព័ន្ធមិត្តដាណឺម៉ាកនិងហូឡង់ …

ជប៉ុន និងអាស៊ាន កំពុងស្វែងរកកិច្ចសម្រួលពាណិជ្ជ តាមរយៈការងាកទៅប្រើប្រាស់មធ្យោបាយឌីជីថល

ព័ត៌មាន
ប្រទេសជប៉ុននឹងធ្វើការជាមួយសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីលើកកម្ពស់ដំណើរការឌីជីថល នៃការនាំចូល និងការនាំចេញទំនិញរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ