ការិយាល័យរបស់លោក ម៉ាកូ រូប៊ីអូ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សភាអាមេរិក នឹងបង្កើតច្បាប់រារាំងរាល់ប្រតិបត្តិការពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយនៅក្នុង ឬស្ថិតនៅក្រោមឥទ្ធិពលនៃប្រទេសចិន និងរុស្ស៊ី។ ច្បាប់នេះ ក៏ត្រូវបានគាំទ្រដោយសមាជិកសភាមកពីបក្សសាធារណរដ្ឋលោក Mike Gallagher និងលោក Raja Krishnamoorthi សមាជិកសភាពមកពីគណបក្សប្រជាធិបតេយ្យផងដែរ។
យ៉ាងណាមិញ អ្នកនាំពាក្យរបស់ក្រុមហ៊ុនមេ TikTok បាននិយាយថា « សមាជិកសភាអាមេរិកមួយចំនួនបានសម្រេចចិត្តជំរុញឱ្យមានការហាមប្រាមដោយឈរលើហេតុផលនយោបាយ ជាជាងលើកទឹកចិត្តឱ្យរដ្ឋបាលអាមេរិកត្រួតពិនិត្យមើលសន្តិសុខជាតិរបស់ខ្លួនឡើងវិញលើប្រព័ន្ធសង្គម TikTok ដែលនោះវានឹងមិនអាចជួយអ្វីដល់សន្តិសុខអាមេរិកនោះទេ»។ បន្ថែមពីនេះ ក្រុមហ៊ុនមេរបស់ Tiktok នឹងបន្តបកស្រាយប្រាប់សមាជិកសភាអាមេរិកអំពីផែនការដែលកំពុងដំណើរការរបស់ខ្លួនដែរ ដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយនេះមិនមានផលប៉ះពាល់លើសន្តិសុខជាតិងអាមេរិកនោះឡើយ។
គួរជម្រាបថា នៅក្នុងសវនាការកាលពីខែមុន នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក Chris Wray បាននិយាយថា ប្រតិបត្តិការរបស់ TikTok ក្នុងសហរដ្ឋអាមេរិកបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខជាតិ និងមានហានិភ័យដែលរដ្ឋាភិបាលចិនអាចប្រើវា ដើម្បីជាឥទ្ធិពលទៅលើអ្នកប្រើប្រាស់ ឬគ្រប់គ្រងឧបករណ៍របស់ប្រជាជនអាមេរិក។
ជាមួយគ្នានេះ រដ្ឋ Alabama និង Utah កាលពីថ្ងៃចន្ទ ទី១២ ក៏បានចូលរួមជាមួយរដ្ឋផ្សេងទៀតរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមការប្រើប្រាស់កម្មវិធីសង្គម TikTok នៅលើឧបករណ៍រដ្ឋាភិបាលរដ្ឋ និងបណ្តាញកុំព្យូទ័ររបស់ពួកគេដែរ ដោយខ្លាចបញ្ហាសន្តិសុខជាតិ។
កាលឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានព្យាយាមរារាំងអ្នកប្រើប្រាស់ថ្មីពីការទាញយក TikTok និងហាមឃាត់ប្រតិបត្តិការផ្សេងទៀតដែលនឹងទប់ស្កាត់ការប្រើប្រាស់កម្មវិធីនៅក្នុងសហរដ្ឋអាមេរិកយ៉ាងមានប្រសិទ្ធភាព ប៉ុន្តែរដ្ឋបាលរបស់លោកត្រាំងបានចាញ់ក្តីជាមួយតុលាការនៅទីបំផុត។
គួររំលឹកដែរថា គណៈកម្មាធិការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើការវិនិយោគបរទេស ដែលជាស្ថាប័នសន្តិសុខជាតិដ៏មានឥទ្ធិពលមួយនៅឆ្នាំ២០២០ ក៏បានបញ្ជាឱ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ត្រូវដកកម្មវិធី TikTok ចេញផងដែរ ដោយសារតែការភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលកុម្មុយនិស្តចិន។
សូមបញ្ជាក់ថា នៅជាច្រើនខែមកនេះ ក្រុមហ៊ុនមេរបស់ TikTok បានព្យាយាមចរចាជាមួយនឹងអាជ្ញាធរអាមេរិកយ៉ាងខ្លាំងក្នុងគោលបំណងឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្ដិសុខជាតិ ដើម្បីឆ្លើយតបនូវក្ដីបារម្ភរបស់អាមេរិក និងការពារទិន្នន័យអ្នកប្រើប្រាស់ជាង១០០លាននាក់នៅអាមេរិក។ ក៏ប៉ុន្ដែ ដំណើរការចរចាកន្លងមកនេះ ហាក់មិនមានភាពវិជ្ជមាននោះឡើយ៕