កម្រិតបំណុលពិភពលោកថយចុះ

កម្រិតបំណុលពិភពលោកថយចុះជាងមុនបន្ដិច ប៉ុន្ដែនៅតែមានខ្ពស់ជាងអត្រានៅមុនកូវីដ១៩រាតត្បាត


ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF និយាយថា បំណុលសាធារណៈ និងឯកជនសកលលោកបានធ្លាក់ចុះក្នុងអត្រាច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៧០ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ២០២១កន្លងទៅ បន្ទាប់វាបានហក់ឡើងដល់កម្រិតខ្ពស់បំផុត នៅអំឡុងពេលពិភពលោកមានការរាតត្បាតកូវីដ១៩ខ្លាំងក្លានោះ។ បើទោះបីជា កម្រិតបំណុលសកលបង្ហាញពីការថយចុះជាងមុនក្ដី ប៉ុន្ដែ បើធៀបទៅមុនពេលមានជំងឺរាតត្បាតកូវីដ១៩ចូលរាតត្បាត បំណុលសកលកាលពីឆ្នាំ២០២១ នៅតែមានចំនួនច្រើនដដែល។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
បំណុលពិភពលោកធ្លាក់ចុះ១០%ពីចំណុចខ្ពស់បំផុតអំឡុងជំងឺរាតត្បាត!

នៅក្នុងអត្ថបទដែលបានចេញផ្សាយជាមួយ​នឹងកម្មវិធីត្រួតពិនិត្យបំណុលសកល IMF បានគូសបញ្ជាក់ថា បំណុលសាធារណៈ និងឯកជនសរុបបានថយចុះ ១០% មកនៅសល់ត្រឹម ២៤៧% នៃផលិតផលក្នុងស្រុកសរុប (GDP) សកលលោកក្នុងឆ្នាំ២០២១។ នេះជាការធ្លាក់ចុះពីកម្រិតខ្ពស់បំផុតដែលធ្លាប់មានដល់ ២៥៧% នៃ GDP កាលពីឆ្នាំ២០២០។ ទោះមានការធ្លាក់ចុះខ្លះតែ IMF អះអាងថា វានៅតែជាកម្រិតបំណុលដ៏ច្រើនបើធៀបទៅកាលពីមិនទាន់មានជំងឺរាតត្បាត ហើយវាកាន់តែច្រើនលើសលប់ទៀត​បើធៀបនឹងកំរិតបំណុលឆ្នាំ ២០០៧ មុនពេលមានវិបត្តិហិរញ្ញវត្ថុសកល ដែលមានត្រឹម ១៩៥%នៃ GDP។

បើគិតជាប្រាក់ដុល្លារ បំណុលសកលបានបន្តកើនឡើង ទោះបីជាមានល្បឿនយឺតជាងមុនក៏ដោយ ក្នុងនោះវាបានឈានដល់​តម្លៃ ២៣៥ទ្រីលានលានដុល្លារកាលពីឆ្នាំមុន។

លោក វីទ័រ ហ្គាសប៉ា(Vitor Gaspar) នាយកកិច្ចការសារពើពន្ធរបស់ IMF បាននិយាយថា កំរិតបំណុលត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប្រទេសភាគច្រើនសម្រាប់ឆ្នាំ២០២២នេះ ដែលបានរុញច្រានដោយកំណើនផលិតផលក្នុងស្រុកសរុប។ ប៉ុន្តែនៅឆ្នាំ២០២៣ កំរិតបំណុលមិនប្រាកដថាធ្លាក់ចុះទៀតឡើយ ក្រោយពីមានការព្យាករណ៍ពីការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេសជាច្រើន និងការកើនឡើង​នៃការចំណាយលើសេវាបំណុល ដោយសារអត្រាការប្រាក់គោលខ្ពស់។

ដោយបានដកស្រង់ទិន្នន័យពី១៩០ប្រទេស អត្ថបទរបស់ IMF ដដែលបន្តថា បំណុលឯកជនទូទាំងសកលលោកបានធ្លាក់ចុះ៦% មកនៅសល់១៥៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២១។ ដោយឡែក បំណុលសាធារណៈសកលវិញ ធ្លាក់ចុះចំនួន៤% មកនៅសល់ ៩៦% នៃផលិតផលក្នុងស្រុកសរុប ហើយនេះជាការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។

សូមជម្រាបថា ទំនោរធ្លាក់ចុះនៃកំរិតបំណុលសកលនេះ គឺជាទិន្នន័យដែលបូកសរុបនៅទូទាំងពិភពលោក។ ប៉ុន្តែបើគេមើលទៅតាមក្រុមប្រទេសផ្សេងៗវិញ កំរិតបំណុលមិនបានធ្លាក់ចុះសោះឡើយ សម្រាប់ក្រុមប្រទេសក្រី ក្រឬប្រទេសកំពុងរីកចម្រើន។ ប្រទេសអ្នកមានឬប្រទេសរីកចម្រើន មានកំរិតបំណុលទាំងសាធារណៈនិងឯកជនបញ្ចូលគ្នា ធ្លាក់ចុះ៥%នៃGDP ប៉ុន្តែបណ្តាប្រទេសដែលមានប្រាក់ចំណូលទាបបានឃើញកំរិតបំណុលសរុប​របស់ពួកគេបន្តកើនឡើងនៅឆ្នាំ២០២១ ដែលជំរុញដោយបំណុលឯកជនកាន់តែខ្ពស់ ជាមួយនឹងបំណុលសរុប​ឈានដល់ ៨៨% នៃផលិតផលក្នុងស្រុកសរុប។

អ្នកជំនាញផ្នែកតាមដានសារពើពន្ធរបស់ IMF បាន​និយាយថា កម្រិតបំណុល​ប្រទេស​មានប្រាក់ចំណូលទាប​នៅពេលនេះ គឺមានដល់កម្រិតខ្ពស់បំផុត​ គិតតាំងពី​ការមានការបន្ធូរបន្ថយបំណុល​កាលពីទសវត្សរ៍ឆ្នាំ១៩៩០ និងនៅដើមឆ្នាំ២០០០មក។ បន្ថែមពីនេះ ក៏មានការព្រួយបារម្ភកាន់តែខ្លាំងឡើងដែរ អំពីសមត្ថភាព​របស់​ប្រទេសមានប្រាក់ចំណូលទាប និងមធ្យម ក្នុងការសងបំណុល​របស់ពួកគេ ដោយតាមការប៉ាន់ស្មាន មានប្រទេសទីផ្សារកំពុងរីកចម្រើន​២៥% និង​ប្រទេស​ចំណូលទាប​៦០% កំពុង​ស្ថិតនៅក្នុងវិបត្តិបំណុល ឬជិតធ្លាក់ចូលក្នុងវិបត្តិបំណុលផងដែរ៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះមិនសូវមានការគាំទ្រវិនិយោគក្ដី

ព័ត៌មាន
ឆ្នាំ២០២២នេះ ជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបោះផ្សាយបណ្ណបំណុលរដ្ឋសរុប៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុង…

ចិនច្រានចោលការលើកឡើងថាខ្លួនដាក់អន្ទាក់បំណុលអាហ្វ្រិក និងថាបស្ចិមលោកទៅវិញទេទើបជាម្ចាស់បំណុលធំ

ព័ត៌មាន
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃចន្ទទី ១២ធ្នូបានចេញមុខមកច្រានចោលការចោទប្រកាន់ដែលថា ទីក្រុងប៉េកាំងបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ