អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារ វីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ ក្រុងភ្នំពេញបានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តកើនឡើងជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្ករចំនួន ៣០០គីឡូក្រាម អាល់កុលលាងដៃ និងប្រេងកូឡា ចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។
អ្នកស្រីបានឲ្យដឹងថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួនមិនអាចទិញម៉ាស់ អាល់កុល ដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនេះ ពួកគាត់មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ឡើយ។ ហេតុដូចច្នេះហើយ គ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ ៣០០គីឡូក្រាម ដើម្បីចែកជូនដល់ពួកគាត់»។
ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃ ដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាតផងដែរ។ គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ មានបងប្អូនជាង ១០០នាក់ហើយ ដែលបានទទួលអំណោយដ៏សប្បុរសធម៌ពីក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី។
លោកស្រី គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀបចំចែកជូនជែលលាងដៃ ដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។
លោកស្រីបានឲ្យដឹងថា៖ «ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំទាំង៤សាខាតែម្តង មួយថ្ងៃ នៅតាមហាងនីមួយៗ ខ្ញុំចែកជូនអស់ប្រហែល១០០ដប។ ក្រៅពីនេះ ខ្ញុំបរិច្ចាគថវិកាទៅសមាគមន៍ផ្សេងៗដើម្បីជួយអ្នកទីទ័លក្រផងដែរ»។
ដោយឡែកនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចម្ការមន រាជធានីភ្នំពេញវិញ ភ្នាក់ងារវីង ដែលមានស្លាកយីហោ ងួន ស៊ីថា បានចែករំលែកទឹកអាល់កុលលាងដៃ និងម៉ាស់ជាច្រើនដោយឥតគិតថ្លៃ ដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។
មិនថាតែភ្នាក់ងារវីងនៅរាជធានីភ្នំពេញ សូម្បីតែបងប្អូនភ្នាក់ងារវីងនៅតាមបណ្តាខេត្តនានា ក៏ចូលរួមទប់ស្កាត់ វីរុសកូវីដ១៩ ផងដែរ។ តួយ៉ាងក្រុមគ្រួសាររបស់លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីង និងក្រុមគ្រួសាររបស់លោក ក៏បានរួមចំណែកទឹកប្រាក់ចំនួនបួនលានរៀល សម្រាប់ជួយអ្នកដែលកំពុងតែខ្វះខាត ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗអាចស្នើថវិកានេះបាន ១០ម៉ឺនរៀល។
លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលសង្គមរបស់យើងកំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរឱបដៃមើលបានឡើយ។ នៅពេលដែលយើងមានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេស ក្នុងគ្រាដ៏លំបាកនេះ»។
ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីងនៅតាមកន្លែងដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកឧបត្ថម្ភដល់ប្រជាជនកម្ពុជា ដែលខ្វះខាតផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះផ្សាយនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កម្ពុជាបានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ០៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជា កើនដល់ទៅ ១០២ករណីហើយ៕