ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅនៅជាន់ទី២៣ នៃអគារ វីងថៅវើ ដោយមានការចុះហត្ថលេខាពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តំណាងឱ្យវីងសប និងឧកញ៉ា សេង សាវី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច តំណាងឱ្យសាវីម៉ិច។ ពិធីនេះក៏មានការចូលរួមជាសាក្សីពីលោក Stephane Pariente នាយកគ្រប់គ្រងអាជីវកម្មនៃហាងលក់ទំនិញ វីងសប និងឧកញ៉ា សុខ ហួត នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងឥន្ធនៈ សាវីម៉ិច ផងដែរ។
ថ្លែងក្នុងពិធីចុះហត្ថលេខា លោក Stephane Pariente បានលើកឡើងថា កិច្ចសហការនេះមានសក្តានុពលក្នុងការពង្រីកហាងលក់ទំនិញ វីងសប រហូតដល់ ២០០ទីតាំង នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច។ ភាពជាដៃគូនេះជាផ្នែកមួយនៃផែនការរបស់វីងសប ក្នុងការពង្រីកបណ្តាញហាងលក់ទំនិញទំនើប ដើម្បីនាំយកផលិតផល និងសេវាកម្មកាន់តែខិតជិតអតិថិជននៅទូទាំងប្រទេស។
លោក Stephane Pariente បានមានប្រសាសន៍បន្តទៀតថា៖ «នៅវីងសប មហិច្ឆតារបស់យើងមានភាពច្បាស់លាស់ គឺកសាងបណ្តាញហាងលក់ទំនិញដ៏រឹងមាំ ទំនើប និងងាយស្រួលទៅដល់ប្រជាជនកម្ពុជា ដោយនាំយកផលិតផលប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ឱ្យកាន់តែខិតជិតសហគមន៍កម្ពុជា»។
តាមរយៈកិច្ចសហការនេះ អតិថិជននឹងមានភាពងាយស្រួលក្នុងការចាក់ប្រេងឥន្ធនៈ និងទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈនៅទីតាំងតែមួយ។ ហាងវីងសបដែលគ្រោងនឹងបើកនៅតាមស្ថានីយសាវីម៉ិច នឹងបម្រើទាំងអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញ ដោយផ្តល់ជម្រើសទំនិញកាន់តែសម្បូរបែប និងងាយស្រួលក្នុងការទិញ។
ឧកញ៉ា សុខ ហួត បានមានប្រសាសន៍ថា៖ «យើងមានចក្ខុវិស័យអភិវឌ្ឍស្ថានីយរបស់យើងឱ្យក្លាយជាទីតាំងផ្តល់សេវាចម្រុះ ដែលបំពេញតម្រូវការប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាជន ដើម្បីផ្តល់ភាពងាយស្រួលជូនអ្នកធ្វើដំណើរឆ្លងកាត់ និងសហគមន៍រស់នៅជុំវិញ»។
ក្រៅពីផ្តល់ភាពងាយស្រួលដល់អតិថិជន កិច្ចសហការនេះក៏បង្កើតឱកាសសម្រាប់ដៃគូស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច ក្នុងការពង្រីកសេវាកម្ម និងបង្កើនប្រភពចំណូលតាមរយៈអាជីវកម្មលក់រាយ។ ការរួមបញ្ចូលបទពិសោធន៍ផ្នែកលក់រាយរបស់វីងសប ជាមួយបណ្តាញស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច នឹងជួយអភិវឌ្ឍស្ថានីយឱ្យក្លាយជាទីតាំងដែលអាចបំពេញតម្រូវការចម្រុះរបស់អតិថិជន។
លោក Stephane Pariente ក៏បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះជាការរួមគ្នារវាងក្រុមហ៊ុនកម្ពុជាពីរ ដែលមានគោលដៅរួមក្នុងការវិនិយោគ បង្កើតឱកាសសម្រាប់ប្រជាជន និងចូលរួមជំរុញការអភិវឌ្ឍវិស័យលក់រាយទំនើបនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឧកញ៉ា សុខ ហួត បានលើកឡើងថា ការពង្រីកបណ្តាញហាងវីងសបក៏អាចបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងរួមចំណែកបង្កើតការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់សេវាកម្មលក់រាយ គាំទ្រអាជីវកម្មក្នុងស្រុក និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍កម្ពុជា។