ការនាំចូលសាច់

អ្នកជំនាញស្នើឱ្យទប់ស្កាត់ ឬបិទការនាំចូលសាច់មាន់ពីក្រៅប្រទេស ដើម្បីសង្គ្រោះអ្នកចិញ្ចឹមមាន់សាច់ ដែលកំពុងប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ


អ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យកសិកម្មបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យគ្រប់គ្រង និងទប់ស្កាត់ការនាំចូលសាច់មាន់ខុសច្បាប់ពីប្រទេសជិតខាងជាបន្ទាន់ ដើម្បីសង្គ្រោះកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ក្នុងស្រុក ដែលកំពុងប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរដោយសារមុខរបរនេះ។ ការចេញមុខអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីតម្លៃមាន់សាច់នៅលើទីផ្សារបានដាំក្បាលចុះយ៉ាងគំហុកមកនៅត្រឹមប្រមាណ២,៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ខណៈថ្លៃដើមផលិតមានរហូតដល់ទៅជាង៤,០០០រៀលឯណោះក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ។
ការនាំចូលសាច់
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ និងជាអ្នកវិនិយោគលើការកែច្នៃផលិតផលកសិកម្មបានកត់សម្គាល់ឃើញថា នាពេលកន្លងមកទីផ្សារកម្ពុជាត្រូវបានវាយលុកដោយការនាំចូលសាច់មាន់ពីក្រៅប្រទេសយ៉ាងសន្ធឹកសន្ធាប់ ខណៈដែលបច្ចុប្បន្ន កសិករ និងម្ចាស់កសិដ្ឋានក្នុងស្រុកបានពង្រឹងសមត្ថភាព និងយល់ដឹងខ្ពស់លើបច្ចេកទេសចិញ្ចឹម ដើម្បីផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯងបានហើយ។

ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនួញរូបនេះ យល់ថា អាជ្ញាធរពាក់ព័ន្ធគួរតែបង្កើនការទប់ស្កាត់ និងបិទច្រកការនាំចូលសាច់មាន់ខុសច្បាប់ ដែលមានគុនភាពអន់ និងមានតម្លៃថោកៗ ដើម្បីទុកឱកាសឱ្យកសិករក្នុងស្រុកអាចរស់បាន។ អ្នកជំនួញរូបនេះបានព្រមានថា បើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលទេនោះ ឧស្សាហកម្មចិញ្ចឹមសត្វរបស់កម្ពុជានឹងមិនអាចងើបមុខរួចឡើយ ហើយកសិករជាច្រើននឹងត្រូវខាតបង់រហូតដល់ក្ស័យធន និងបង្ខំចិត្តបិទទ្វារកសិដ្ឋានជាក់ជាមិនខាន។

ជាមួយគ្នានេះលោក លី ឡាវីល អ្នកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមជ្រូកនៅក្រុមហ៊ុន M's PIG ACMC Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុបបានគូសបញ្ជាក់ថា ទីផ្សារមាន់សាច់កម្ពុជាកំពុងរងសម្ពាធយ៉ាងខ្លាំង ដោយសារតែការនាំចូលពងមាន់ និងកូនមាន់ពីបរទេសហួសកម្រិត ដែលជាដើមហេតុធ្វើឱ្យតម្លៃនៅលើទីផ្សារប្រែប្រួលគ្មានស្ថិរភាព។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ស្ថាប័នជំនាញរបស់រដ្ឋគួរតែពង្រឹងការបង្កាត់ពូជមាន់សាច់ក្នុងស្រុកឱ្យបានទូលំទូលាយ និងគ្រប់គ្រងលំហូរនៃការនាំចូលកូនមាន់ពីប្រទេសជិតខាងឱ្យបានហ្មត់ចត់ ព្រមទាំងរៀបចំផែនទីបង្ហាញផ្លូវរយៈពេលវែង ដើម្បីគាំទ្រដល់ការចិញ្ចឹមក្នុងស្រុក ទើបទីផ្សារមាន់សាច់កម្ពុជាអាចមានចីរភាព និងស្ថិរភាពយូរអង្វែងទៅបាន។

ពាក់ព័ន្ធនឹងវិបត្តិតម្លៃមាន់សាច់ធ្លាក់ថ្លៃនេះអង្គភាពសារព័ត៌មាន ខេមបូណូមីស នៅពុំទាន់អាចសុំការបកស្រាយបន្ថែមពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននៅឡើយទេ។

គួររំលឹកថា ទីផ្សារមាន់សាច់នៅកម្ពុជាកំពុងធ្លាក់ចូលទៅក្នុងវិបត្តិធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ ដែលកំពុងទាញទម្លាក់កសិករឱ្យខាតបង់ដើមទុនយ៉ាងច្រើន ពីព្រោះថ្លៃដើមផលិតខ្ពស់ជាងតម្លៃលក់នៅលើទីផ្សារស្ទើរជិតពាក់កណ្តាល។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២៦ ខែតុលា តម្លៃមាន់សាច់រស់នៅតាមកសិដ្ឋានបានស្រុតចុះមកត្រឹមប្រមាណ២,៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ខណៈដែលដើមទុនផលិតត្រូវចំណាយរហូតដល់ជាង៤,០០០រៀលក្នុង១គីឡូក្រាម។ ការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មាននេះ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថា កើតចេញពីកត្តារួមផ្សំពីរ គឺការផលិតលើសពីតម្រូវការទីផ្សារ និងការបណ្តោយឱ្យមានការនាំចូលពីប្រទេសជិតខាង៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រោយផ្ទុះជម្លោះព្រំដែន វៀតណាមក្រសោបយក៦៧%នៃចំណែកទីផ្សារជីនៅកម្ពុជា ខណៈថៃសល់ត្រឹម៣%

ក្រោយផ្ទុះជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ខ្សែច្រវាក់ផ្គត់ផ្គង់ជីកសិកម្មពីប្រទេសថៃបានស្រុតចុះយ៉ាងគំហុក ខណៈប្រទេសវៀតណាមបានស្ទុះឡើងមកក្តោបក្តាប…

បាតុកម្មនៅបារាំងជាសារព្រមានឱ្យអឺរ៉ុបគិតគូរឡើងវិញជុំវិញបញ្ហាប្រឈមរបស់យុវជនជំនាន់ Gen Z

គ្រោះថ្នាក់ និងកម្លាំងបដិវត្តន៍ដ៏រន្ធត់របស់យុវវ័យជំនាន់ Gen Z មិនមែនកើតមានឡើងត្រឹមតែក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ដូចជាករណីនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ