នៅសល់ប៉ុន្មានថ្ងៃមុនចប់អាណត្តិ ប្រធានាធិបតីវ័យ៨២ឆ្នាំលោក ចូ បៃឌិន បានប្រកាសក្ដែងៗពីក្រសួងការបរទេសអាម៉េរិកថា សេដ្ឋកិច្ចរបស់មហាយក្សចិនគ្មានថ្ងៃប្រជែងយកឈ្នះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកបានជាដាច់ខាត ហើយលោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលរបស់លោក ដែលបានជួយឱ្យសហរដ្ឋអាម៉េរិកនៅតែឈ្នះការប្រកួតប្រជែងទូទាំងពិភពលោក។
លោកបានគូសបញ្ជាក់ថា ចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតិកាលពី៤ឆ្នាំមុន រដ្ឋបាលរបស់លោកបានធ្វើឱ្យសហរដ្ឋអាម៉េរិកកាន់តែរឹងមាំ និងធ្វើឱ្យបណ្ដាប្រទេសជាបច្ចាមិត្តកាន់តែចុះខ្សោយ ហើយលោកនឹងប្រគល់សហរដ្ឋអាម៉េរិកឱ្យលោក ដូណាល់ ត្រាំ ជាអ្នកគ្រប់គ្រងបន្ត ដោយសង្ឃឹមថាលោក ដូណាល់ ត្រាំ នឹងធ្វើបានល្អ។
លោកបានសង្កត់ធ្ងន់ថា អំឡុងអាណត្តិកាន់អំណាចរបស់លោក លោកបានជួយឱ្យសហរដ្ឋអាម៉េរិកខ្លាំងលើគ្រប់វិស័យ មិនថាផ្នែកការទូត ផ្នែកយោធា ផ្នែកបច្ចេកវិទ្យា ឬផ្នែកសេដ្ឋកិច្ចនោះឡើយ។
ទាក់ទិននឹងបញ្ហាប្រទេសចិនលោក ចូ បៃឌិន បានលើកឡើងថា នៅពេលដែលលោកឡើងកាន់តំណែងដំបូង អ្នកជំនាញជាច្រើនបានព្យាករថា វាជារឿងជៀសមិនផុតនោះទេដែលសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងវ៉ាឈ្នះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ឬលើសពីនេះតិចតួច។
លោក ចូ បៃឌិន បានព្រមានថា ប្រទេសចិនមានមហិច្ឆតាធំចង់គ្រប់គ្រងទីផ្សារថាមពលស្អាតទូទាំងពិភពលោកនៅថ្ងៃអនាគត ព្រមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ផងដែរ ដូចនេះសហរដ្ឋអាម៉េរិក ត្រូវតែយកឈ្នះការប្រកួតប្រជែងនេះ ហើយបន្តសាបព្រោះឥទ្ធិពលទៅលើសេដ្ឋកិច្ចពិភពលោក និងភពផែនដីច្រើនឆ្នាំទៅមុខទៀតក្នុងនាមជាមហាអំណាចធំបំផុតទី១របស់ពិភពលោក៕
ដោយ: តែម សុខុម