របាយការណ៍ “ ការវិភាគយេនឌ័រនៅក្នុងផែ្នកប្រមូលផលជលផល នៅកម្ពុជា” របស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានឲ្យដឹងថា ស្ត្រីកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុវត្ថិភាពអាហារអាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពការងារផ្សេងៗគ្នាក្នុងផ្នែកប្រមូលផលជលផល។ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនឹងជួយឲ្យប្រទេសកម្ពុជាសម្រេចបាននៅការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាប័ន្ន។
របាយការណ៍បានគូសបញ្ជាក់ថាជាងពាក់កណ្តាលនៃអាជីវកម្មធុនតូច និងមធ្យមជាកម្មសិទ្ធិរបស់ស្ត្រី។ នៅក្នុងអាជីវកម្មកែច្នៃ អាជីវកម្មដែលជាកម្មសិទ្ធិរបស់ស្ត្រីមានភាពលេចធ្លោនៅលើវិស័យនេះ ដែលមានចំនួនច្រើនជាងពាក់កណ្តាល (៥៤%) នៃផលិតផលផ្អាប់ (ប្រហុក និងផ្អក) ៦៧% នៃផលិតផលត្រីសមុទ្រ និងប្រហិតត្រី ៧៥% នៃការផលិតទឹកត្រី និងពាក់កណ្តាលគឺជាផលិតកម្មបង្គាគ្រៀម។ ស្ត្រីគ្រប់គ្រងការងារភាគច្រើនដែលត្រូវការជំនាញជាក់លាក់ដូចជាការទិញវត្ថុធាតុដើម ការជ្រើសរើសត្រី ការធ្វើចំណាត់ថ្នាក់ ការលាងសំអាត ការប្រឡាក់ត្រីការផ្អាប់ និងការឆ្អើរត្រី។
ទោះបីជាមានការចូលរួមចំណែកយ៉ាងសំខាន់របស់ស្ត្រីនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការចូលរួមរបស់ពួកគេក្នុងការលក់ និងកែច្នៃត្រីក៏ដោយ ក៏តួនាទីរបស់ស្ត្រីទំនងជាការបន្ថែមការងារក្នុងស្រុក និងមិនត្រូវបានគេឲ្យតម្លៃក្នុងផ្នែកសេដ្ឋកិច្ច។
គួរបញ្ជាក់ថា បើទោះជាស្ត្រីបានរួមចំណែកបានច្រើនក៏ពិតមែន ក៏ប៉ុន្តែអង្គការUNIDOនៅតែសូមអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ជួយដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសេវាពាក់ព័ន្ធបន្ថែមលើបច្ចេកវិទ្យាជលផលប្រមូលផលដល់ស្ត្រី ដើម្បីលើកកម្ពស់ការអនុវត្តវិស័យជលផលនៅកម្ពុជា“ដោយមានការផ្តល់ការគាំទ្របន្ថែមទៀតដល់ស្ត្រីទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ គឺចាំបាច់ក្នុងការជួយបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យជលផលក្រោយការប្រមូលផលតាមរយៈ ធ្វើឲ្យប្រសើរឡើងនូវសម្ភារៈបរិក្ខាបច្ចេកវិទ្យាជឿនលឿន និងពង្រឹងចំណេះដឹងនិងជំនាញដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្ត្រីក្នុងការធ្វើឲ្យប្រសើរឡើងនៅប្រាក់ចំណូល ក៏ដូចជាបង្កើនភាពភាពទាក់ទាញក្នុងវិស័យនេះផងដែរ៕
អត្ថបទ៖ ហួន ស្រីនីត (អ្នកហាត់ការយកព័ត៌មានសេដ្ឋកិច្ច)