ដើម្បីចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាដែលបណ្ដាលពីប្លាស្ទិកនេះ ធនាគារពិភពលោក (World Bank) បានអនុម័តកញ្ចប់ថវិកាចំនួន ២០លានដុល្លារអាមេរិក ដល់សមាគមអាស៊ាន ក្នុងគោលបំណងចូលរួមក្នុងសកម្មភាពលុបបំបាត់ ការបំពុលដោយប្លាស្ទិក ក្នុងដែនសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ធនាគារពិភពលោក បានបង្ហាញនូវការព្រួយបារម្ភចំពោះកំណើននៃប្រជាជនវណ្ណៈកណ្ដាល នៅក្នុងតំបន់អាស៊ី ដែលបញ្ហានេះ គឺជាកត្តាជំរុញឲ្យមានការប្រើប្រាស់ប្លាស្ទិក កាន់តែកើនឡើង គួរឲ្យកត់សម្គាល់។ បើតាមធនាគារពិភពលោក បញ្ហាបំពុលដោយប្លាស្ទិក បានបង្កឲ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងធំធេង ដល់បណ្តាប្រទេសសមាជិកអាស៊ាន ដែលគិតជាតម្លៃទឹកប្រាក់ មានប្រហែល ២ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥។ លើសពីនេះ វដ្ដជីវិតទាំងរបស់ប្លាស្ទិក រាប់ទាំងសកម្មភាពផលិត និងដឹកជញ្ជូនរបស់វា បានបំភាយឧស្ម័នកាបូនិករាប់លានតោន ទៅក្នុងស្រទាប់បរិយាកាស ផងដែរ។
លោកស្រី ម៉ានអេឡា ហ្វេរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា ការកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅតាមដងទន្លេនិងមហាសមុទ្រ របស់ពិភពលោក ចាំបាច់ត្រូវធ្វើសកម្មភាព នៅកម្រិតប្រទេស និងកិច្ចខិតខំប្រឹងប្រែងរួម ជាមួយនឹងការសម្របសម្រួលគ្នាឲ្យបានល្អ។ លោកស្រីបន្តថា ធនាគារពិភពលោក រីករាយក្នុងការជួយរដ្ឋសមាជិកអាស៊ាន ក្នុងកិច្ចសហការគ្នា ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក ទៅក្នុងដែនទឹកទន្លេនិងសមុទ្រ ក៏ដូចជា ក្នុងការស្វែងរកដំណោះស្រាយចំពោះឥទ្ធិពលអវិជ្ជមាន ដែលកាកសំណល់ប្លាស្ទិកអាចបង្កដល់សេដ្ឋកិច្ច, បរិស្ថាន, អាកាសធាតុ និង សុខភាពរបស់ប្រជាជន។
ជាមួយគ្នានោះ លោក Dato Lim Jock Hoi អគ្គលេខាធិការនៃសមាគមអាស៊ាន បានគូសបញ្ជាក់ដូច្នេះ ដែនសមុទ្រនិងឆ្នេរសមុទ្រនៃតំបន់អាស៊ីអាគ្នេយ៍ មានសារៈសំខាន់ខ្លាំងណាស់ ក៏ប៉ុន្តែ វាកំពុងតែរងសម្ពាធយ៉ាងខ្លាំង ជាពិសេសពីសំណាក់ការបំពុលដោយកាកសំណល់ប្លាស្ទិក ដែលអាចនាំគ្រោះថ្នាក់ដល់សុខភាព និងជះឥទ្ធិពលអវិជ្ជមាន ទៅលើឧស្សាហកម្មទេសចរណ៍ និងនេសាទ ដែលជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងតំបន់។
សូមបញ្ជាក់ថា តាមរយៈកញ្ចប់ថវិកានេះ ធនាគារពិភពលោកនឹងសហការជាមួយអគ្គលេខាធិការដ្ឋានអាស៊ាន និង ដៃគូនានានៅកម្រិតតំបន់ និងនៅតាមប្រទេស ក្នុងការងារពង្រឹងគោលនយោបាយ និងក្របខណ្ឌបទបញ្ញត្តិដែលគ្រប់គ្រងសកម្មភាព ផលិត និងការប្រើប្រាស់វត្ថុប្លាស្ទិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងនេះ មានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បង្កើនសកម្មភាពកែច្នៃ ឡើងវិញ និងទប់ស្កាត់ការបំពុលក្នុងដីនិងក្នុងដែនសមុទ្រ តាមរយៈសកម្មភាពទុកដាក់សំរាមប្លាស្ទិកឲ្យបានត្រឹមត្រូវ។ លើសពីនេះគម្រោងមួយនេះ ក៏នឹងជួយផងដែរ ដល់បណ្តាសកម្មភាពសេដ្ឋកិច្ចពាក់ព័ន្ធឆ្នេរនិងដែនសមុទ្រ ដែលរងផលការប៉ះពាល់អាក្រក់ខ្លាំងពីសំរាម ក្នុងផ្ទៃសមុទ្រ ជាពិសេសវិស័យសំខាន់ៗ មួយចំនួន ដូចជា ផ្នែកនេសាទ, ទេសចរណ៍ និង នាវាដឹកជញ្ជូនទំនិញ ជាដើម៕