កាលពីឆ្នាំ២០១៩ ចំនួនប្រជាជនក្រីក្រនៅក្នុងប្រទេសថៃមានសរុប៣លាន៧សែននាក់ ហើយនៅឆ្នាំ២០២០នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥លាន២សែនាក់ ដោយកំណើននៃភាពក្រីក្រនេះ គឺដោយសារតែឥទ្ធិពលអាក្រក់ពីវិបត្តិមេរោគឆ្លងកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសថៃ។
សេដ្ឋវិទូរូបនេះ បានបន្ថែមថា ចំនួននៃប្រជាជនក្រីក្រត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកវិញនៅឆ្នាំ២០២១ មកនៅប្រមាណ៥លាននាក់ ដោយសារតែភាពមានការងារធ្វើឡើងប្រសើរឡើងវិញ ស្របពេលសេដ្ឋកិច្ចក៏រំពឹងថានឹងស្ទុះងើបឡើងផងដែរ។
អត្រាភាពក្រីក្រក្នុងប្រទេសថៃត្រូវបានរំពឹងថា កើនឡើងដល់ ៨,៨% ក្នុងឆ្នាំ២០២០ ខណៈដែលកាលពីឆ្នាំ២០១៩មានត្រឹមតែ ៦,២%ប៉ុណ្ណោះ ហើយរំពឹងថានៅឆ្នាំ២០២១នឹងធ្លាក់ចុះមកវិញបន្តិច មកនៅអត្រា ៨,៤%។ នេះបើតាមរបាយការណ៍ពីធនាគារពិភពលោក។
បើតាមស្ថាប័នអន្តរជាតិដដែលនេះ បានកំណត់បន្ទាត់ភាពក្រីក្រនៅក្នុងប្រទេសថៃ គឺជាអ្នកដែលរកចំណូលប្រចាំថ្ងៃបានត្រឹមតែ ៥ដុល្លារ ៥០សេន សម្រាប់មនុស្សម្នាក់។
សេដ្ឋវិទូប្រចាំធនាគារពិភពលោកបានសង្កត់ធ្ងន់ថា «ការផ្ទុះរាលដាលនៃមេរោគបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារការងារក្នុងប្រទេសថៃយ៉ាងខ្លាំង ពិសេសអំឡុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២០ ដែលធ្វើឲ្យមានភាពគ្មានការងារធ្វើកើនឡើងកាន់តែខ្ពស់ ហើយអ្នកគ្មានការងារក៏កើនឡើងដែរ។ ប្រការនេះ បានធ្វើឲ្យកាត់បន្ថយចំណូលរបស់ប្រជាពលរដ្ឋថៃ»។
នៅក្នុងពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២០ ប្រទេសថៃមានការបាត់បង់ការងារដល់ទៅ ៣៤ម៉ឺនកន្លែង ខណៈដែលម៉ោងការងារក៏មានការកាត់បន្ថយផងដែរ។ ប្រាក់ឈ្នួលនៅក្នុងវិស័យឯកជន បានធ្លាក់ចុះដល់ ១,៦% មួយភាគធំ គឺនៅក្នុងវិស័យកសិកម្ម។
តាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំ២០២០ មានការធ្លាក់ចុះ ៦,៥% ហើយនៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងកើន ៤%វិញ។ ទោះយ៉ាងណា ប្រសិនបើការឆ្លងរីករាលដាលនៃមេរោគនៅមិនអាចគ្រប់គ្រងបាន ហើយរាជរដ្ឋាភិបាលថៃ នៅតែដាក់វិធានការបិទប្រទេស នោះកំណើនសេដ្ឋកិច្ចថៃនៅឆ្នាំ២០២១ ត្រូវបានរំពឹងថា នឹងមានត្រឹមតែ២,៤% ប៉ុណ្ណោះ៕