គោលដៅនៃការបញ្ចប់ភាពក្រីក្រខ្លាំងនៅឆ្នាំ ២០៣០ នឹងមិនអាចទៅរួច!

គោលដៅនៃការបញ្ចប់ភាពក្រីក្រនៅត្រឹមឆ្នាំ ២០៣០ របស់ធនាគារពិភពលោករសាត់កាន់តែឆ្ងាយ


ធនាគារពិភពលោកបាននិយាយថា ពិភពលោកទំនងជាមិនអាចសម្រេចបាននូវគោលដៅយូរអង្វែងនៃការបញ្ចប់ភាពក្រីក្រខ្លាំងនៅត្រឹមឆ្នាំ ២០៣០ឡើយ ដោយធនាគារបានលើកឡើងពីផលប៉ះពាល់នៃ ភាពរង្គោះរង្គើមិនធ្លាប់មានចំពោះសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីត១៩ និងសង្គ្រាមនៅអ៊ុយក្រែន ដែលវាបាននិងកំពុងរុញច្រានឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera។
គោលដៅនៃការបញ្ចប់ភាពក្រីក្រនៅត្រឹមឆ្នាំ ២០៣០ របស់ធនាគារពិភពលោករសាត់កាន់តែឆ្ងាយ

នៅក្នុងរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី៥ តុលាបានបង្ហាញថា តម្លៃអាហារ និងការលើកថ្លៃថាមពលបានរារាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល បន្ទាប់ពីជំងឺកូវីដ១៩ ដែលបញ្ហនេះ គឺជាការបន្ទច់បង្អាក់ដ៏ធំបំផុតមួយ ចំពោះគោលដៅនៃការឈានទៅបញ្ចប់ភាពក្រីក្រពិភពលោក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

របាយការណ៍បានបន្ថែមទៀតថា តាមការរំពឹងទុកល្បឿននៃការកាត់បន្ថយភាពក្រីក្រនឹងមានការជាប់គាំងបន្ថែមទៀតនៅឆ្នាំនេះ ដោយសារកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថា នឹងថយចុះបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងប្រទេសចិន និងការកើនឡើងអតិផរណាជាដើម។

តាមរបាយការណ៍របស់ធនាគារពិភពលោកដដែលនេះបានឲ្យដឹងទៀតថា «ដោយសារនិន្នាការបច្ចុប្បន្ន មានប្រជាជន ៥៧៤ លាននាក់ ឬជិត ៧ ភាគរយនៃចំនួនប្រជាជនពិភពលោក នឹងនៅតែបន្ដរស់នៅជាមួយចំណូលក្រោម ២,១៥ ដុល្លារក្នុងមួយថ្ងៃក្នុងឆ្នាំ ២០៣០ ដោយភាគច្រើនជាប្រជាជននៅតំបន់អាហ្វ្រិក»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានធនាគារពិភពលោកលោក David Malpass បានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ដើម្បីជំរុញកំណើន និងផ្តើមកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រ។ ក្នុងនោះដែរ លោក Indermit Gill ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានគូសបញ្ជាក់ថា ការបរាជ័យក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចមិនសូវជឿនលឿន នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុផងដែរ។

ទន្ទឹមគ្នានេះ ដើម្បីផ្លាស់ប្តូរទិសដៅ ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា «ប្រទេសនានាគួរតែជំរុញកិច្ចសហប្រតិបត្តិការ ជៀសវាងការឧបត្ថម្ភធនធំៗ ដោយផ្តោតលើកំណើនរយៈពេលវែង និងអនុម័តវិធានការដូចជា ពន្ធលើអចលនទ្រព្យ និងពន្ធការបញ្ចេញផ្សែងកាបូន ដែលអាចជួយបង្កើនប្រាក់ចំណូលដោយមិនប៉ះពាល់ដល់ប្រជាជនក្រីក្របំផុត»។

របាយការណ៍ដដែលបានកត់សម្គាល់ថា មានប្រជាជនជាងបីពាន់លាននាក់រស់នៅក្នុងជីវភាពដែលអាចរកប្រាក់ចំណូលបានក្រោម ៦,៨៥ ដុល្លារក្នុងមួយថ្ងៃ ដែលជាមធ្យមភាគនៃបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនៃប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

យ៉ាងណាមិញ របាយការណ៍ក៏បានបង្ហាញថាការចំណាយរបស់រដ្ឋាភិបាល និងជំនួយសង្គ្រោះបន្ទាន់បានជួយទប់ស្កាត់ការកើនឡើងកាន់តែធំនៃអត្រាភាពក្រីក្រ ប៉ុន្តែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចមានភាពមិនស្មើគ្នា ដោយប្រទេសកំពុងអភិវឌ្ឍដែលមានធនធានតិច គួបផ្សំនឹងការសម្រេចបានតិចជាងមុនផងដែរ៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋនៅឃុំព្រះដាក់រក្សាភាពស្ងប់ស្ងាត់ ក្រោយមានការតវ៉ាប្រឆាំងនឹងការរុះរើលំនៅដ្ឋាន

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ក្នុងខេត្តសៀមរាបរក្សាភាពស្ងប់ស្ងាត់និងស្ងប់ចិត្ត ក្រោយសម្តេចមើលឃើញចលនាតវ៉ារបស់ពួកគេ…

រដ្ឋនឹងបញ្ចេញសាច់ប្រាក់ឧបត្ថម្ភដល់អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត២លាននាក់ នៅខែវិច្ឆិកា ដើម្បីទប់ទល់នឹងវិបត្តិអតិផរណា

ស្របពេលដែលពិភពលោករួមទាំងកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិអតិផរណាកាន់តែខ្លាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងដាក់ចេញនូវយន្ដការថ្មីមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ