ការព្យាករលើកចុងក្រោយរបស់ធនាគារពិភពលោកសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរង្វង់២,៦%នេះ គឺកើនឡើងពីកំណើន២,៤% ដែលខ្លួនបានព្យាករកាលពីខែមករា ដើមឆ្នាំនេះ តែវាដូចនឹងកំណើនដែលសេដ្ឋកិច្ចពិភពលោកសម្រេចបានក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណា ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកនៅតែមានសន្ទុះយឺតយ៉ាវបើធៀបនឹងពេលកន្លងមក ដោយបណ្ដាប្រទេសក្រីក្របំផុតកំពុងវ័ណ្ដកនឹងបន្ទុកបំណុលដ៏ធ្ងន់ និងអត្រាការប្រាក់ខ្ពស់។
ធនាគារនេះបានព្រមានទៀតថា ការកើនឡើងនូវរបាំងពាណិជ្ជកម្មក៏បង្កគ្រោះថ្នាក់ដល់វិបុលភាព ឬភាពសម្បូរសប្បាយរបស់ពិភពលោកផងដែរ ខណៈដែលសង្គ្រាមដ៏ឃោរឃៅនៅក្នុងប្រទេសអ៊ុយក្រែន និងតំបន់ហ្គាហ្សា ដែលជាទឹកដីរបស់ប៉ាឡេស្ទីន កំពុងដាក់សម្ពាធបន្ថែមទៀតលើសេដ្ឋកិច្ចក្នុងតំបន់។
កំណើនសេដ្ឋកិច្ចរឹងមាំជាងការរំពឹងទុកនៅសហរដ្ឋអាម៉េរិក ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក បានធ្វើឱ្យធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចអាម៉េរិកនឹងសម្រេចបានកំណើនក្នុងរង្វង់២,៥% នៅឆ្នាំ២០២៤ នេះ ដូចគ្នាទៅនឹងឆ្នាំ២០២៣ ប៉ុន្តែបានកើនឡើងយ៉ាងខ្លាំងពី១,៦% ដែលធនាគារពិភពលោកបានព្យាករកាលពីខែមករា។
លោក អាយហែន ខូសេ (Ayhan Kose) អនុប្រធានសេដ្ឋវិទូនៃធនាគារពិភពលោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP នៅមុនការចេញផ្សាយរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារនេះថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ពិតជារឹងមាំល្អ៕
ដោយ: តែម សុខុម