សេដ្ឋកិច្ចអាម៉េរិក

តើអ្វីជាឫសគល់ ដែលជំរុញឱ្យបំណុលអាម៉េរិកប៉ោងឡើងឥតឈប់ឈររហូតដល់៤០ទ្រីលានដុល្លារ?


តើសេដ្ឋកិច្ចអាម៉េរិក កំពុងឈានទៅរកចំនុចកំពូល ឬកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលដែលគ្មានច្រកចេញ? តួលេខ៤០ទ្រីលានដុល្លារមិនមែនត្រឹមតែបង្ហាញពីទំហំបំណុលជាតិដ៏មហាសាល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាម៉េរិក នោះទេ ប៉ុន្តែវាជាសញ្ញាព្រមានពីវិបត្តិរចនាសម្ព័ន្ធដ៏ធ្ងន់ធ្ងរ។ យោងតាមការរាយការណ៍របស់សារព័ត៌មាន Euro News ទំហំបំណុលនេះមានទម្ងន់ធ្ងន់ធ្ងរខ្លាំងណាស់ ហើយប្រសិនបើពលរដ្ឋអាម៉េរិកសាមញ្ញម្នាក់ត្រូវលោះបំណុលនេះ គឺត្រូវចំណាយពេលធ្វើការរហូតដល់ទៅ ៦១៥លានឆ្នាំ។
សេដ្ឋកិច្ចអាម៉េរិក
ដោយ

បំណុល៤០ទ្រីលានដុល្លារមិនមែនជាគ្រាន់តែជាលេខនៅក្នុងសៀវភៅបញ្ជីថវិការបស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក នោះទេ ប៉ុន្តែវាកំពុងគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រជាជនអាម៉េរិកទូទាំងប្រទេស។ តើអ្វីជាឫសគល់ដែលជំរុញឱ្យបំណុលអាម៉េរិកប៉ោងឡើងខ្លាំងគ្មានដែនកំណត់បែបនេះ? ចម្លើយខ្លី និងសាមញ្ញបំផុត គឺការចំណាយខ្ពស់ជាងចំណូល ដោយរដ្ឋាភិបាលអាម៉េរិក បានបង្កើតទម្លាប់ចំណាយខ្ជះខ្ជាយលើសពីសមត្ថភាពរកប្រាក់ចំណូលរបស់ខ្លួនជាច្រើនទសវត្សរ៍មកហើយ។
ជាក់ស្តែងនៅក្នុងឆ្នាំ២០២៦ នេះ សភាអាម៉េរិក បានអនុម័តកញ្ចប់ថវិកា ដែលបង្កើតឱ្យមានឱនភាពថវិការហូតដល់១,៨ទ្រីលានដុល្លារភ្លាមៗ ដោយគ្រោងចំណាយ៧,៤ទ្រីលានដុល្លារ ខណៈប្រមូលចំណូលបានត្រឹម៥,៦ទ្រីលានដុល្លារប៉ុណ្ណោះ។ អាទិភាពចំណាយដ៏គួរឱ្យកត់សម្គាល់របស់រដ្ឋាភិបាលអាម៉េរិក រួមមាន វិស័យសុខមាលភាព និងសន្តិសុខសង្គម រដ្ឋាភិបាលអាម៉េរិក បានចំណាយថវិកាជិត៣,៦ទ្រីលានដុល្លារ, វិស័យការពារជាតិ មានទំហំរហូតដល់៩១៨ពាន់លានដុល្លារ និងសងការប្រាក់លើបំណុលហក់ឡើងដល់១,០៤ទ្រីលានដុល្លារ ដែលជានិន្នាការដ៏គ្រោះថ្នាក់បំផុត។
ដើម្បីទប់ទល់នឹងឱនភាពដែលកើតឡើងម្តងហើយម្តងទៀត ទីក្រុងវ៉ាស៊ីនតោន គ្មានជម្រើសអ្វីក្រៅពីការបោះពុម្ពលុយបន្ថែម និងការខ្ចីប្រាក់ថ្មីមកសងបំណុលចាស់នោះទេ។ លោក ដាន ខូតស្វត (Dan Coatsworth) ប្រធានផ្នែកទីផ្សារនៅក្រុមហ៊ុន AJ Bell បានប្រៀបធៀបយ៉ាងចាក់ដោតថា ទំហំបំណុលនេះធំធេងដល់ថ្នាក់ប្រាក់ខែពលរដ្ឋអាម៉េរិកម្នាក់ៗត្រូវធ្វើការរហូតដល់៦១៥លានឆ្នាំទើបអាចសងអស់។
ជាមួយគ្នានេះ លោកស្រី ម៉ាយ៉ា ម៉ាកហ្គីណៀ (Maya MacGuineas) ប្រធានគណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធបានព្រមានថា វិបត្តិនេះបានវាយលុកចូលទៅក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទូទៅរួចស្រេចទៅហើយ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅពេលរដ្ឋខ្ចីប្រាក់កាន់តែច្រើន វានឹងជំរុញឱ្យអត្រាការប្រាក់ក្នុងទីផ្សារហក់ឡើងខ្ពស់ និងជំរុញកំណើនអតិផរណានៅក្នុងទីផ្សារ។ លទ្ធផលចុងក្រោយ គឺទំនិញឡើងថ្លៃ ប្រាក់ដុល្លារបាត់បង់អំណាចទិញ ថ្លៃសេវាសុខាភិបាល និងការអប់រំកាន់តែថ្លៃ រីឯបំណុលរបស់ប្រជាជនម្នាក់ៗក៏កើនឡើងទៅតាមនោះដែរ។
ជារួមអ្នកជំនាញបានវាយតម្លៃថា វិបត្តិនយោបាយ និងសង្គ្រាមកើតឡើងឥតឈប់ឈរ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយបានជំរុញឱ្យបំណុលអាម៉េរិក ហក់ឡើងគ្មានកោះគ្មានត្រើយ។ ប្រសិនបើនយោបាយនៅទីក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រើវិធីពន្យារពេលបញ្ហា ដោយការខ្ចីប្រាក់ថែម ដើម្បីដោះស្រាយបញ្ហាបំណុល នោះថ្ងៃណាមួយ សេដ្ឋកិច្ចដ៏រឹងមាំរបស់អាម៉េរិក អាចនឹងត្រូវរំលាយដោយសារតែបន្ទុកបំណុលរបស់ខ្លួនឯង ហើយអ្នកដែលត្រូវទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺមិនមែនជាអ្នកនយោបាយនោះទេ គឺពលរដ្ឋអាម៉េរិកអ្នកបង់ពន្ធនេះឯង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្ទង់មតិមួយបានបង្ហាញថា បញ្ហាធំៗដែលកំពុងកើតឡើងអាចនឺងធ្វើឱ្យរដ្ឋបាលលោក អានុទីន ប្រឈមនឹងការដួលរលំ

វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរដ្ឋបាលរបស់ថៃ (NIDA) បានចេញផ្សាយលទ្ធផលស្ទង់មតិតាមដានសង្គមដ៏ក្តៅគគុកមួយកាលពីពេលថ្មីៗនេះ ក្រោមប្រធានបទ«បញ្…

ការវិភាគសេដ្ឋកិច្ចមួយបង្ហាញ​គួរឱ្យភ្ញាក់​ផ្អើល​ថា ជិត២៥% នៃកម្មករនិយោជិតអាម៉េរិកគ្មានការងារធ្វើ ដែលមានប្រាក់ឈ្នួលសមរម្យ

ទីផ្សារការងារនៅសហរដ្ឋអាម៉េរិក អាចនឹងដាំក្បាលចុះធ្ងន់ជាងអ្វី ដែលតួលេខផ្លូវការ​បាន​បង្ហាញ ដោយអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក បានធ្លាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ