ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប និងជាសមាជិកតែម្នាក់គត់នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៃទីក្រុងដារ៉ូស ក៏បានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែតនៅក្នុងជំនួបពិភាក្សាការងារនេះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបនៃក្រុមមេដឹកនាំសេដ្ឋកិច្ចពិភពលោក (IGWEL) រួមជាមួយ ប្រធានាធិបតី នាយករដ្ឋមន្ត្រី អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំធុរកិច្ច និង អ្នកជំនាញសេដ្ឋកិច្ច ដើម្បីពិភាក្សាអំពីការបង្កើតប្រព័ន្ធសេដ្ឋកិច្ចពហុភាគីមួយ ឲ្យកាន់តែមានប្រសិទ្ធភាពជាងនេះ។ នៅក្នុងជំនួបពេលពិសាអាហារថ្ងៃត្រង់នេះ ថ្នាក់ដឹកនាំសេដ្កកិច្ចពិភពលោកទាំងអស់បានសន្យាធ្វើកំណែទម្រង់ឱ្យកាន់តែប្រសើរ និងរិះរកវិធីពង្រឹងការជឿទុកចិត្តលើកិច្ចសហប្រតិបត្តិការជាសកល។
ប្រធានបទសំខាន់ៗដែលត្រូវបានលើកយកមកជជែកក្នុងជំនួបនេះ រួមមានសេដ្ឋកិច្ចនាពេលអនាគត និង វិធីទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន និងស្វែងរកសន្តិភាពយូរអង្វែងសម្រាប់បញ្ចប់ជម្លោះ ដែលកំពុងបន្តកើតមានដូចជានៅប្រទេសអ៊ុយក្រែន និង តំបន់មជ្ឈិមបូព៌ាជាដើម។
កិច្ចពិភាក្សាខាងលើធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោកក្រោមមូលបទ«ការកសាងឡើងវិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលមានថ្នាក់ដឹកនាំ អ្នកធុរកិច្ច និងតំណាងក្រុមហ៊ុនឯកជនប្រមាណ ២,៨០០នាក់មកពី១២០ប្រទេសចូលរួម។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាសមាជិកវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ក៏បានអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងទិកាសេដ្ឋកិច្ចពិភពលោក និងជំនួបពិភាក្សាជាមួយក្រុមមេដឹកនាំសេដ្ឋកិច្ចទាំងនោះផងដែរ។
នៅក្នុងអំឡុងពេលអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីសនេះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានជួបពិភាក្សាជាមួយអ្នកធុរកិច្ច និងថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគបរទេសធំៗជាច្រើន ដើម្បីស្វែរកឱកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនទាំងនោះឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។ គួរបញ្ជាក់ថា អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាអ្នកវិនិយោគរបស់ប្រទេសកម្ពុជាតែម្នាក់គត់ ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិទទួលស្គាល់ថា ជាពាណិជ្ជករជើងខ្លាំងមួយរូប ពូកែខាងផ្នែកទំនាក់ទំនង និងកៀរគរវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា។ លើសពីនេះ អ្នកឧកញ៉ា ក៏បានបោះទុនវិនិយោគរួមគ្នារាប់រយលានដុល្លារអាមេរិកជាមួយនឹងវិនិយោគិនមកពីក្រៅប្រទេសជាច្រើនផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ា សៀ ឫទ្ធី មានមិនតិចជាង ៣០ក្រុមហ៊ុននោះទេ ហើយក្រុមហ៊ុនភាគច្រើនសុទ្ធតែ សហការរួមគ្នាវិនិយោគជាមួយដៃគូអន្តរជាតិមកពីប្រទេសធំៗជាច្រើននៅលើពិភពលោក៕