សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃឌិន ត្រូវបានគេរំពឹងថា នឹងផ្តល់ឧបត្ថម្ភធនរាប់ពាន់លានដុល្លារ នៅប៉ុន្មានសប្តាហ៍ខាងមុខ ដល់បណ្ដាក្រុមហ៊ុនផលិតបន្ទះឈីប ដើម្បីជំរុញផលិតកម្ម ខណៈដែលចិន ឯណោះវិញ គឺបានបញ្ចេញសាច់ប្រាក់ដល់ទៅជិត៤០ពាន់លានដុល្លារ ដើម្បីប្រមូលទិញបន្ទះឈីបក្នុងឆ្នាំ២០២៣ កន្លងទៅ។
ប្រភពដដែលបានបន្តថា នៅពេលនេះសហរដ្ឋអាម៉េរិក កំពុងតែយកចិត្តទុកដាក់ខ្លាំងលើផលិតកម្មបន្ទះឈីប ដើម្បីគាំទ្រដល់ឧស្សាហកម្មទូរសព្ទវៃឆ្លាត ឬស្មាតហ្វូន បញ្ញាសិប្បនិមិត្ត (AI) និងប្រព័ន្ធសព្វាវុធ ហើយផែនការនេះត្រូវបានគេរំពឹងថា នឹងបង្ហាញរូបរាងនៅក្នុងរង្វង់សប្តាហ៍ទី១ ដើមខែមីនា ខាងមុខ។ តាមការរំពឹងទុក ក្រុមហ៊ុនដែលនឹងទទួលការឧបត្ថម្ភធននេះរួមមានក្រុមហ៊ុនអាម៉េរិក Intel ដែលមានគម្រោងកំពុងដំណើរការនៅក្នុងរដ្ឋអារីហ្សូណា (Arizona) រដ្ឋអូហាយយ៉ូ (Ohio) រដ្ឋញូវ មិកស៊ីកូ (New Mexico) និងរដ្ឋអូរីហ្គុន( Oregon) ដែលមានតម្លៃសរុបជាង៤៣ពាន់លានដុល្លារ។
ក្រៅពីនេះអាចមានក្រុមហ៊ុនតៃវ៉ាន់ TSMC (Taiwan Semiconductor Manufacturing Co) ដែលមានរោងចក្រពីរកំពុងសាងសង់នៅជិតក្រុងហ្វូនិច (Phoenix) ក្នុងគម្រោងវិនិយោគតម្លៃ៤០ពាន់លានដុល្លារ និងក្រុមហ៊ុនកូរ៉េខាងត្បូង Samsung Electronics ដែលកំពុងមានគម្រោងតម្លៃជាង១៧ពាន់លានដុល្លារនៅរដ្ឋតិចសាស។
ស្របពេលមានការរំពឹងទុកបែបនេះ ក៏មានព័ត៌មានរាយការណ៍ដែរថា មហាយក្សចិន ក្នុងឆ្នាំ២០២៣ កន្លងទៅ បានប្រមូលទិញបន្ទះឈីបយ៉ាងច្រើនសម្បើមក្នុងទំហំទឹកប្រាក់រហូតដល់ទៅជិត៤០ពាន់លានដុល្លារឯណោះ។
នៅពេលនេះបន្ទះឈីបបានក្លាយជាមូលដ្ឋានថ្មីមួយ ដែលមហាអំណាចទាំងពីរកំពុងតែលេងហ្គេមនយោបាយ និងសេដ្ឋកិច្ចជាមួយគ្នា ខណៈដែលអាម៉េរិកកំពុងរឹតបន្តឹងលើបញ្ហាបច្ចេកវិទ្យា ហើយមហាយក្សចិន រឹតបន្តឹងលើវត្ថុធាតុដើម ពោលគឺរ៉ែសំខាន់ៗដែលភាគច្រើនគឺមានតែនៅក្នុងប្រទេសចិន៕
ដោយៈ សរ សុជាតិ