សេដ្ឋកិច្ចជប៉ុនឆ្នាំ២០២២

សេដ្ឋកិច្ចជប៉ុនឆ្នាំ២០២២សម្រេចបានកំណើនត្រឹម ១,១%ប៉ុណ្ណោះ ជាកំណើនទាបជាងការរំពឹងទុក


រាជរដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃទី ១៤ ខែកុម្ភៈថា សេដ្ឋកិច្ចជប៉ុនមានកំណើនក្នុងរង្វង់ ១,១% នៅពេញមួយឆ្នាំ២០២២ បើធៀបទៅនឹងកំណើនកាលពីឆ្នាំ២០២១។ ទោះមានចំនួនតិចតួច ប៉ុន្ដែ នេះជាឆ្នាំទីពីរហើយ ដែលកំណើនសេដ្ឋកិច្ចជប៉ុនមានភាពប្រសើរឡើងវិញ ក្រោយបានធូរស្រាលពីរលកឆ្លងកូវីដ១៩។
ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនធ្លាក់ចុះមកនៅត្រឹម ១,១% ក្នុងឆ្នាំ២០២២

ទោះជាយ៉ាងណា ការកើនឡើងនេះនៅតែមានល្បឿនយឺតជាងកាលពីឆ្នាំ២០២១ ដែលមានប្រមាណ ២,១% ដែលវាសបញ្ជាក់ឲ្យឃើញពីការដើរថយក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅអាស៊ីមួយនេះ នៅគ្រាដែលការនាំចេញក៏មានកំណើនថយចុះដែរ។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានជប៉ុន NIKKEI។

យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យនៃប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំទី៣ពិភពលោកមួយនេះ មានទំហំប្រមាណ៤,១ទ្រីលានដុល្លារ។ ដោយឡែក តម្រូវការឯកជនមានកំណើន ២,៤% ធៀបនឹងឆ្នាំមុន ដោយសារការចំណាយការប្រើប្រាស់ក្នុងក្រុមគ្រួសារបានកើនឡើង២,២% ស្របពេលដែលរលកឆ្លងកូវីដ១៩បានស្រាកស្រាន្ដ ហើយការវិនិយោគមូលធនសាជីវកម្មក៏បានកើនឡើងក្នុងរង្វង់ ១,៨% ផងដែរ។

មិនខុសពីប្រទេសផ្សេងទៀតនៅលើពិភពលោកឡើយ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបណ្ដាលឲ្យតម្លៃប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះ ដូចនេះថ្លៃដើមនាំចូលក៏មានកាន់តែខ្ពស់។ ខណៈពេលដែលការនាំចេញទំនិញ និងសេវាកម្មកើនឡើង ៤,៩% ការនាំចូលបានកើនឡើង ៧,៩% ដែលនេះសុទ្ធតែជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុប ព្រោះជប៉ុនត្រូវចាយច្រើនលើសសព្វដងសម្រាប់ការនាំចូល។

ទន្ទឹមនឹងនេះ ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនប្រចាំត្រីមាសចុងក្រោយឆ្នាំ២០២២ មានកំណើន ត្រឹមតែ ០,២%ប៉ុណ្ណោះ ខណៈត្រីមាសទី៣មានកំណើន ០,៦%។ ក្នុងត្រីមាសនេះដែរ ការចំណាយរបស់ក្រុមគ្រួសារបានកើនឡើង ០,៥% ខណៈពេលដែលការវិនិយោគមូលធនសាជីវកម្ម បានធ្លាក់ចុះ ០,៥% និងការវិនិយោគលំនៅដ្ឋានឯកជនបានធ្លាក់ចុះ ០,១% ។

លោក Stefan Angrick សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័នវិភាគ Moody's Analytics យល់ថាការងើបឡើងវិញរបស់ប្រទេសជប៉ុននឹងនៅតែមានភាពរដិបរដុប។ ប៉ុន្តែលោកជឿថា បន្ទាប់ពីការធូរស្រាលពីជំងឺកូវីដ១៩តម្រូវការក្នុងស្រុកនឹងមានភាពប្រសើរឡើងវិញ អតិផរណាក៏ធ្លាក់ចុះ ហើយចំនួនភ្ញៀវទេសចរអន្តរជាតិក៏កើនឡើងវិញដែរ។

សូមជម្រាបថា បើធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ទៅនឹងប្រទេសធំៗមួយចំនួនក្នុងតំបន់ គឺជប៉ុនមានកំណើនតិចតួចជាងគេ។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុបរបស់ចិនសម្រាប់ឆ្នាំ ២០២២ បានកើនឡើង៣% ខណៈដែលកូរ៉េខាងត្បូងកើនឡើង២,៦% ប្រទេសឥណ្ឌូនេស៊ីមានកំណើន ៥,៣% និងសិង្ហបុរីមានកំណើន ៣,៦% សម្រាប់ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


ការបោះផ្សាយលក់មូលបត្រនៅថៃមានដល់ជាង ៣ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ជាកម្រិតខ្ពស់បំផុតក្នុងតំបន់

ព័ត៌មាន
ទីផ្សារមូលបត្រនៅក្នុងប្រទេសថៃ ទទួលបានការបោះផ្សាយលក់មូលបត្រ ឬ IPO នៅក្នុងទំហំដើមមូលនិធិសរុប ៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ដែលជ…

ប្រមុខ IMF បង្ហាញក្ដីព្រួយបារម្ភកាន់តែខ្លាំង ពីកម្រិតបំណុលសាធារណៈកំពុងប៉ោងឡើងនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង

ព័ត៌មាន
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva កាលពីពេលថ្មីៗនេះ បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងទៅលើកម្រិតបំណុល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ