តម្លៃមាសពិភពលោកនៅថ្ងៃចន្ទ ទី១១ ខែធ្នូ ត្រូវបានរាយការណ៍ថា បានធ្លាក់ចុះ០,៣% មកនៅត្រឹមជាង១,៩៩៧ដុល្លារក្នុងមួយអោន ដោយក្នុងមួយអោនមានជាង៨ជីមាស ខណៈមាសនៅអាម៉េរិក ក៏បានធ្លាក់ចុះប្រមាណ០,១% មកនៅត្រឹម២,០១៣ដុល្លារក្នុងមួយអោនផងដែរ។
ស្របពេលជាមួយគ្នា នេះ ប្រាក់ដុល្លារអាម៉េរិក បានកើនឡើង០,១% បើធៀបនឹងរូបិយប័ណ្ណផ្សេងទៀត ដោយបានធ្វើឱ្យតម្លៃមាសមានតម្លៃថ្លៃសម្រាប់អ្នកប្រើប្រាស់រូបិយប័ណ្ណផ្សេងទៀត។
បើតាមលោក Tim Waterer អ្នកវិភាគទីផ្សារនៅក្រុមហ៊ុនវិនិយោគ KCM បាននិយាយថា ចំនួនអ្នកមានការងារធ្វើនៅអាម៉េរិកកើនឡើងខ្លាំងកាលពីថ្ងៃសុក្រ បានបណ្តាលឱ្យមានការផ្លាស់ប្តូរការរំពឹងទុកបន្តិចបន្តួចសម្រាប់ធនាគារកណ្តាលអាម៉េរិកនៅឆ្នាំក្រោយ ដោយវានឹងផ្តល់នូវការសង្គ្រោះដល់ប្រាក់ដុល្លារ និងបណ្ណបំណុលផ្សេងទៀត ហើយវានឹងដាក់សម្ពាធឱ្យតម្លៃមាសធ្លាក់ចុះបន្ថែមទៀត។
ទិន្នន័យបានបង្ហាញថា ប្រាក់បៀវត្សរ៍មិនមែនកសិកម្មរបស់សហរដ្ឋអាម៉េរិកបានកើនឡើងជិត២០ម៉ឺនកន្លែងកាលពីខែមុន ដែលលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច ដែលមាន១៨ម៉ឺនកន្លែង។ របាយការណ៍នេះបានជំរុញឱ្យពាណិជ្ជករកាត់បន្ថយការរំពឹងទុកថា ធនាគារកណ្តាលអាម៉េរិកអាចកាត់បន្ថយអត្រាការប្រាក់បានភ្លាមៗនៅខែមីនាខាងមុខ។
ដោយឡែក របាយការណ៍តម្លៃទំនិញប្រើប្រាស់នៅខែវិច្ឆិកា របស់សហរដ្ឋអាម៉េរិកនៅថ្ងៃអង្គារ នឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់សម្រាប់តម្រុយអត្រាការប្រាក់ មុនពេលសេចក្តីថ្លែងការណ៍របស់ធនាគារ កណ្តាលចេញផ្សាយនៅថ្ងៃពុធ សប្តាហ៍នេះ។
ធនាគារកណ្តាលអាម៉េរិកត្រូវបានគេរំពឹងថា នឹងទុកឱ្យ អត្រាការប្រាក់មិនផ្លាស់ប្តូរនៅចន្លោះពី៥,២៥% ដល់៥,៥០%នៅសប្តាហ៍នេះ។ ធនាគារកណ្តាលអឺរ៉ុប ធនាគារអង់គ្លេស ធនាគារ Norges និងធនាគារជាតិស្វីស ក៏នឹងបើកកិច្ចប្រជុំគោលនយោបាយរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ខាងមុខផងដែរ។
ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា ធនាគារកណ្តាលអាម៉េរិកនឹងកាត់បន្ថយអត្រាការប្រាក់ដំបូងនៅក្នុងត្រីមាសទី៣ នៃឆ្នាំក្រោយលឿនជាងការព្យាករណ៍ពីមុនរបស់ខ្លួននៅត្រីមាសទី៤។
គួរជម្រាបថា បើតាមអ្នកវិភាគបច្ចេកទេស លោក Wang Tao តម្លៃមាសអាចនឹងធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម១,៩៩២ដុល្លារក្នុងមួយអោន ខណៈប្រាក់បានធ្លាក់ចុះ០,១% មកនៅត្រឹមជាង២២ដុល្លារក្នុងមួយអោន និងផ្លាទីនមានតម្លៃជាង៩១៤ដុល្លារ ប៉ាឡាដ្យូម ធ្លាក់ចុះ០,៩% មកនៅត្រឹមជាង៩៣៨ដុល្លារក្នុងមួយអោន៕