លោក Kelvin Wong អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន OANDA ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានគូសបញ្ជាក់ថា វិនិយោគិនកំពុងស្វែងរកមាស ដែលជាទ្រព្យដ៏មានសុវត្ថិភាពសម្រាប់ពួកគេ ដើម្បីការពារហានិភ័យចំពេលដែលមានភាពមិនប្រាកដប្រជាកំពុងកើតមានឡើង ទាក់ទងនឹងការបោះឆ្នោតនៅអាមេរិក ដែលនឹងត្រូវធ្វើឡើងនៅខែក្រោយនេះ។
ជាមួយគ្នានេះ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump កាលពីថ្ងៃទី ១៤ ខែតុលា បានចេញមកការពារគោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់ខ្លួន និងសំណើសារពើពន្ធផ្សេងទៀត។
ទន្ទឹមនឹងនេះ និយោគិន នឹងពិនិត្យមើលយ៉ាងដិតដល់អំពីទិន្នន័យទាក់ទងនឹងការលក់រាយ និងអត្រាអ្នកមានការធ្វើនៅអាមេរិក ដើម្បីជាមូលដ្ឋានសម្រាប់ពួកគេក្នុងការសម្រេចចិត្តវិនិយោគលើទីផ្សារមូលបត្រ ហើយប្រសិនបើទិន្នន័យទាំងនោះ ចេញមកក្រោមការរំពឹងទុករបស់ពួកគេ ច្បាស់ណាស់ វានឹងរុញឲ្យអ្នកវិនិយោគ ងាកទៅរកការវិនិយោគលើមាស នាំឲ្យតម្លៃមាសហក់ឡើងកាន់តែខ្ពស់ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក Kelvin Wong។
លើសពីនេះទៅទៀត អ្នកជួញដូរលើទីផ្សារមូលបត្រ មើលឃើញថា មានឱកាសដល់ទៅ ៩២% ដែលរំពឹងថា ធនាគារកណ្ដាលអាមេរិក នឹងកាត់បន្ថយអត្រាការប្រាក់ ០,២៥% បន្ថែមទៀត នៅខែក្រោយ។
អ្នកវិភាគមួយចំនួន បាននិយាយថា មាសអាចនឹងហក់ឡើងដល់ ២,៧០០ដុល្លារក្នុងមួយអោនភ្លាមៗ ឬអាចឈានដល់ ២,៩០០ដុល្លារក្នុងមួយអោន នៅឆ្នាំក្រោយ។ ក្នុងនោះ កត្តាអត្រាការប្រាក់ទាប បញ្ហាតានតឹងផ្នែកភូមិសាស្ត្រនយោយបាយ ក៏ជាកត្តាជំរុញឲ្យមានក្លាយជាទ្រព្យសម្រាប់ការវិនិយោគដ៏មានសុវត្ថិភាពផងដែរ៕
អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ