ព័ត៌មានដែលចុះផ្សាយនៅ Yahoo New បានឲ្យដឹងថា តម្លៃប្រេងបានកើនឡើងភ្លាមៗ កាលពីថ្ងៃពុធ ខណៈដែលអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា បានបញ្ជាឱ្យមានការវាយប្រហារសងសឹកលើអ៊ីស្រាអែល ដែលខ្លួនបានចោទថា ជាអ្នកនៅពីក្រោយការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស់ នៅលើដីរបស់ខ្លួន។ តម្លៃប្រេងឆៅនៅ West Texas Intermediate ដែលមានតម្លៃត្រឹម៧៨ដុល្លារនៅក្នុង១បារ៉ែល បានឡើងមួយរំពេចដល់៨១ដុល្លារ ក្នុងមួយបារ៉ែល ពោលគឺស្ទុះឡើងដល់ទៅ៣,៦%។ ការស្ទុះឡើងនេះ គឺកើតឡើងក្រោយពេលដែលលោក អាយ៉ាតូឡា អាលី ខាមេនី ( Ayatollah Ali Khamenei) មេដឹកនាំរបស់អ៊ីរ៉ង់ បានបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់ទៅលើអ៊ីស្រាអែលជាការសងសឹក។
អ៊ីរ៉ង់បាននិយាយថា អ៊ីស្រាអែលបានធ្វើឃាតមេដឹកនាំនយោបាយនៃក្រុមហាម៉ាស់ នៅទីក្រុងតេអេរ៉ង់ ភ្លាមៗបន្ទាប់ពីបានសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហេសបូឡាក្នុងទីក្រុងបៃរូត។ ទន្ទឹមនឹងនេះ មន្ត្រីអាម៉េរិក នៅតែជំរុញឱ្យមានបទឈប់បាញ់នៅហ្គាហ្សា ប៉ុន្តែទទួលស្គាល់ថា វាពិបាកជាងពេលណាៗទាំងអស់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស គឺលោក អ៊ីស្លាអ៊ីល ហានីយេហ្វ ( Ismail Haniyeh )នៅលើទឹកដីអ៊ីរ៉ង់។
ការកើនឡើងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិនេះ បានកើតឡើងមុនពេលកិច្ចប្រជុំត្រួតពិនិត្យតម្លៃប្រេងដោយក្រុមប្រទេសសមាជិកសំខាន់ៗនៃអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក វីវិក ដា ( Vivek Dhar ) អ្នកវិភាគនៅធនាគារ Commonwealth Bank of Australia បាននិយាយថា ទីផ្សារប្រេងពិតជាស្ថិតក្នុងភាពព្រួយបារម្ភ ប្រសិនបើសង្រ្គាមដោយផ្ទាល់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលក្រោយការធ្វើឃាតមេដឹកនាំហាម៉ាស់ពិតជាកើតឡើងមែននោះ។ មកដល់ពេលនេះតម្លៃប្រេងឆៅដែលស្ថិតនៅក្នុងកម្រិតមួយខ្ពស់ស្រាប់ទៅហើយនោះត្រូវគេព្រួយបារម្ភថា នឹងស្ទុះឡើងបន្ថែមទៀតនៅពេលដែលភាពជាសត្រូវរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលឈានដល់ដំណាក់កាលថ្មីមួយ៕
ដោយៈ សរ សុជាតិ